កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារលើទីប្រជុំជន Rafah ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូងពីរលើកកាលពីយប់មិញ។ នេះបើតាមការឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះពីពលរដ្ឋដែលរស់នៅទីនោះ ដែលនេះធ្វើឱ្យមានការភ័យខ្លាចនៅក្នុងបណ្តាទីតាំងចុងក្រោយមួយ ដែលជនស៊ីវិលអាចរកកន្លែងជ្រកពួនបាន ក្រោយពីទាហានអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការវាយប្រហាររបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាស់ ទៅក្នុងតំបន់ជាច្រើនដែលមានមនុស្សកំពុងរត់គេចខ្លួននោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រុមមន្ត្រីអង្គការសហប្រជាជាតិនិយាយថា ពុំមានកន្លែងសុវត្ថិភាពទៀតទេនៅក្នុងតំបន់ហ្កាហ្សា។ ការប្រយុទ្ធគ្នាដ៏ខ្លាំងនៅក្នុងនិងជុំវិញទីក្រុង Khan Younis នៃភាកខាងត្បូងតំបន់ហ្កាហ្សា បានធ្វើឱ្យមនុស្សជាច្រើនម៉ឺននាក់រត់ភៀសខ្លួន នៅក្នុងដែនដីមួយដែលពលរដ្ឋជាង៨០ភាគរយបានរត់គេចចេញពីផ្ទះសម្បែងរបស់គេ និងបានកាត់ផ្តាច់តំបន់ហ្កាហ្សាពីការទទួលបានម្ហូបអាហារ ទឹក និងជំនួយចាំបាច់ផ្សេងៗទៀត។
ការវាយប្រហារនៅក្នុងសង្គ្រាមដែលមានរយៈពេល២ខែនេះ បានធ្វើមានការបារម្ភកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រើប្រាស់អំណាចដ៏កម្រ ដើម្បីព្រមានដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី«មហន្តរាយមនុស្សធម៌»មួយ ដែលនឹងជិតកើតមានឡើង និងបានជំរុញដល់រដ្ឋជាសមាជិកឱ្យធ្វើការទាមទារឱ្យមានបទឈប់បាញ់គ្នា។
សហរដ្ឋអាមេរិកបានអំពាវនាវដល់អ៊ីស្រាអែល ឱ្យកាត់បន្ថយការស្លាប់របស់ពលរដ្ឋស៊ីវិល និងអ្នកដែលកំពុងរត់គេចខ្លួន ដោយនិយាយថា មានពលរដ្ឋប៉ាឡេស្ទីនច្រើនណាស់បានស្លាប់ នៅពេលអ៊ីស្រាអែលកំពុងបោសសម្អាតនៅផ្នែកភាគច្រើនបំផុតរបស់ទីក្រុងហ្កាហ្សានិងភាគខាងជើងនោះ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែសន្យាគាំទ្រអ៊ីស្រាអែលមិនងាករេដែរ ហើយសហរដ្ឋអាមេរិកទំនងជានឹងធ្វើការប្រឆាំងជំទាស់ទៅនឹងកិច្ចប្រឹងប្រែងណាមួយរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានេះ៕