ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បញ្ជា​ឱ្យ​ជម្លៀស​ប្រជាជន​នៅ​ទីក្រុង​ធំ​ជាងគេ​ទីពីរ​នៃ​តំបន់​ហ្កាហ្សា


ជនជាតិ​ប៉ាឡេស្ទីន​កាន់​ទុក្ខ​សាច់​ញាតិ​របស់​ពួក​គេ​ដែល​បាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​ស្រ្ទីព នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង Khan Younis កាលពី​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៣។
ជនជាតិ​ប៉ាឡេស្ទីន​កាន់​ទុក្ខ​សាច់​ញាតិ​របស់​ពួក​គេ​ដែល​បាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​ស្រ្ទីព នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង Khan Younis កាលពី​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​អ៊ីស្រាអែល​បាន​ទទូច​ឱ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​តំបន់​ហ្កាហ្សា (Gaza) ឱ្យ​ភៀសខ្លួន​ចេញ​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេល​ដែល​ទាហាន​អ៊ីស្រាអែល​ធ្វើ​ការ​ប្រយុទ្ធ​តាម​ផ្លូវ​គោក​និង​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​សំដៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas)។

យោធា​អ៊ីស្រាអែល​បាន​ប្រាប់​ប្រជាជន​នៅ​ក្នុង​តំបន់​រស់នៅ​នានា​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង Khan Younis ឱ្យ​ចាកចេញ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​បាន​បញ្ជា​ឱ្យ​ពួកគេ​ចាកចេញ​ទៅ​កាន់​ទិស​ខាង​ត្បូង​ដែល​ឆ្ងាយ​ពី​ទីក្រុង​នោះ។

ទីក្រុង Khan Younis ស្ថិត​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។ នៅ​ទី​នោះ ជន​ស៊ីវិល​ជា​ច្រើន​បាន​ភៀស​ខ្លួន​នៅ​ពេល​ដែល​អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​នេះ។

ស្រប​ពេល​ដែល​អ៊ីស្រាអែល​បាន​ជូន​ដំណឹង​ព្រមាន​ជា​ច្រើន​ដង​ឱ្យ​ប្រជាជន​ភៀស​ខ្លួន​ចេញ​ពី​តំបន់​នានា​ដែល​ក្រោយ​មក​បាន​រង​ការ​វាយ​ប្រហារ ប្រទេស​នេះ​ប្រឈម​ផង​ដែរ​នឹង​ការ​រិះគន់​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​និយាយ​ថា​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​មាន​អគ្គិសនី​និង​អ៊ីនធឺណិត​មិន​សូវ​ល្អ​ធ្វើ​ឱ្យ​ប្រជាជន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។

អង្គការ​សហប្រជាជាតិ​ក៏​មាន​ព្រមាន​ផង​ដែរ​អំពី​ស្ថានការណ៍​មនុស្សធម៌​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដោយ​មនុស្ស​ប្រហែល ៨០% បាន​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង​ហើយ​មនុស្ស​ជា​ច្រើន​កំពុង​រស់នៅ​ក្នុង​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ដែល​មាន​មនុស្ស​ណែនណាន់​តាន់តាប់។
យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​គោលដៅ​ក្រុម​ហាម៉ាស់ ២០០ កន្លែង​កាលពី​យប់​មិញ ដោយ​ក្នុង​នោះ​ខ្លួន​បាន​បំផ្លាញ​ទីតាំង​ប្រតិបត្តិការ​សកម្ម​ប្រយុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​សាលារៀន​នានា​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។

អ៊ីស្រាអែល​បាន​ចោទ​ក្រុម​ហាម៉ាស់​ថា​បាន​បោះ​ទីតាំង​ជ្រកពួន​នៅ​ខាង​ក្នុង​និង​ក្រោម​មន្ទីរពេទ្យ​នានា​និង​កន្លែង​ស៊ីវិល​ផ្សេងៗ និង​ថា​ក្រុម​នេះ​បាន​ប្រើ​ជន​ស៊ីវិល​ជា​ខែល​ការពារ​ដោយ​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ការ​ជូន​ដំណឹង​ព្រមាន​របស់​អ៊ីស្រាអែល​ដែល​ចង់​ឱ្យ​ជន​ស៊ីវិល​ទាំង​នោះ​ភៀសខ្លួន​ចេញ​មុន​ការ​វាយ​ប្រហារ​តាម​អាកាស។ ក្រុម​ហាម៉ាស់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG