ព្យុះយ៉ាងខ្លាំងដែលបានធ្វើចលនាទូទាំងតំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យរហូតមកដល់ថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៨នាក់ដែរ។
ព្យុះនោះបានធ្វើឲ្យមានការធ្លាក់ភ្លៀង និងខ្យល់យ៉ាងខ្លាំង។មានសេចក្តីរាយការណ៍ថា ព្យុះខ្យល់គួចនៅក្នុងរដ្ឋតិចសាស រដ្ឋ Louisiana រដ្ឋ Mississippi រដ្ឋ Georgia និងរដ្ឋTennessee បានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង ហើយនឹងធ្វើឲ្យមនុស្ស យ៉ាងតិចណាស់៨សែន៦ម៉ឺននាក់គ្មានភ្លើងអគ្គិសនីប្រើប្រាស់។
មនុស្សរាប់សិបនាក់បានចូលសម្រាកក្នុងមន្ទីរពេទ្យ។ Chattanooga ជាតំបន់មួយនៅរដ្ឋ Tennessee បានរងការប៉ះពាល់យ៉ាងខ្លាំងដោយខ្យល់ព្យុះនេះ។
រដ្ឋចំនួន១០មានទឹកជំនន់ មានការព្រមានពីព្យុះខ្យល់គួច និងព្យុះមានរន្ទះបាញ់ហើយនិងការប្រុងប្រយ័ត្ននៅពេលយប់។
មនុស្សស្លាប់១១នាក់នៅក្នុងរដ្ឋ Mississipi។ អភិបាលរដ្ឋ Mississippi លោក Tate Reeves បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «មនុស្សស្លាប់១១នាក់នោះ មិនមែនស្ថិតនៅក្នុងពិធីបុណ្យប៉ាក ឬ Easter ទេ»។
លោកអភិបាលរដ្ឋបាននិយាយទៀតថា «រដ្ឋ Mississipi និងអ្នកជួយសង្គ្រោះរបស់យើងកំពុងធ្វើការ២៤ម៉ោង ហើយនិងមិនឈប់សម្រាករហូតទាល់តែការងារចប់សព្វគ្រប់។ យើងកំពុងប្រើធនធានទាំងអស់ដើម្បីការពារពល រដ្ឋ និងទ្រព្យសម្បត្តិទាំងអស់»។
ការគំរាមកំហែងនោះ រាលដាលពីភាគខាងជើងរហូតដល់បណ្តារដ្ឋនៅកណ្តាលឆ្នេរមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃចន្ទ ដោយសេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិកព្រមានថា នឹងមានព្យុះសង្ឃរា ខ្យល់យ៉ាងខ្លាំង និងទឹកជំនន់៕