រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសអ្វីដែលលោកនិយាយថាជាកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើងនិងរុស្ស៊ីដែល«រីកចម្រើននិងមានគ្រោះថ្នាក់»នៅក្រោយមានរបាយការណ៍ថារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់អាវុធឱ្យសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូនៅប្រទេសអ៊ុយក្រែន។
លោក Blinken បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងសេអ៊ូលក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin ថា«នេះជាបញ្ហានាំឱ្យមានកង្វល់ខ្លាំងសម្រាប់យើងទាំងពីរនាក់និងប្រទេសឯទៀតៗនៅទូទាំងពិភពលោក»។
ទីភ្នាក់ងារចារកម្មជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូងមានជំនឿថាកូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងធំជាងមួយលានគ្រាប់ទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូចាប់តាំងពីដើមខែសីហា-ដែលទីភ្នាក់ងារនេះនិយាយថាជាការផ្គត់ផ្គង់សម្រាប់រយៈពេលប្រមាណពីរខែដល់សង្គ្រាមរបស់រុស្ស៊ី។
លោក Blinken បាននិយាយថាជាថ្នូរ រុស្ស៊ីផ្តល់«បច្ចេកវិទ្យានិងការគាំទ្រ»ដល់កម្មវិធីយោធារបស់កូរ៉េខាងជើង-ទោះជាលោកមិនបានថ្លែងបន្ថែមឱ្យបានលម្អិតក៏ដោយ។
លោក Blinken បានថ្លែងថាសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងប្រទេសឯទៀតៗនិងបន្តការប្រឹងប្រែងដើម្បី«រកឱ្យឃើញ លាតត្រដាងនិងទប់ទល់»នឹងការដោះដូរផ្នែកយោធារវាងរុស្ស៊ីនិងកូរ៉េខាងជើង មានរួមការបង្កើនសម្ពាធនៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ផងដែរ។
រដ្ឋមន្ត្រីការបរទសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធការអំពាវនាវឱ្យមានការចរចាជាមួយរុស្ស៊ី ក្នុងពេលដែលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន។
លោក Kuleba បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា «អ្នកដែលលើកហេតុផលថា អ៊ុយក្រែនគួរចរចាជាមួយរុស្ស៊ីនៅពេលនេះ គឺពួកគេមិនបានដឹងព័ត៌មានគ្រប់ជ្រុងជ្រោយឬមានការភាន់ច្រឡំ ឬក៏កាន់ជើងរុស្ស៊ី ហើយចង់ឱ្យលោក Putin ផ្អាកបន្តិចសិន មុនពេលបង្កើនភាពគឃ្លើនកាន់តែខ្លាំងឡើងថែមទៀត»។
លោក Kuleba និយាយថា ប្រទេសអ៊ុយក្រែន«មិនត្រូវធ្លាក់ចូលក្នុងអន្ទាក់នេះទេ»។
វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងចូលរួមក្នុងការចរចា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy លើកឡើងថា ភាគីរបស់លោកនឹងមិនចូលរួមនៅក្នុងការចរចាណាមួយឡើយ រហូតដល់ប្រទេសរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់ដែលខ្លួនកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Kuleba និយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ុយក្រែននិងរុស្ស៊ីធ្លាប់បានជួបពិភាក្សាគ្នា២០០លើករួចមកហើយរវាងពីឆ្នាំ២០១៤ និងឆ្នាំ២០២២ ដែលក្នុងនោះក៏រួមមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាចំនួន២០ផងដែរ ហើយដែលសកម្មភាពទាំងអស់នេះ មិនបានរារាំងរុស្ស៊ីមិនឱ្យឈ្លានបានទ្រង់ទ្រាយធំចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុននោះឡើយ៕