ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«ក្រុម​ភ្លេង​ព្យុះ​ហយាត្រា​ភ្នំពេញ»​​បោះ​មួយ​ជំហាន​ម្តងៗ​ជម្នះ​ឧបសគ្គ​ដើម្បី​ការ​រស់រាន


សមាជិក​ទាំង​២៥​រូប​នៃ​ក្រុម​តន្ត្រី​ព្យុះហ​យា​ត្រាភ្នំពេញ ឈរ​ថត​រូប​ជា​ក្រុម បន្ទាប់​ពី​ការ​ហាត់​សម​ប្រចាំ​សប្តាហ៍​មួយ⁠នៅ​បឋម​សិក្សា​កុលាប​១​ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​​ ឆ្នាំ​២០១៨។ (រិទ្ធី ឧត្តម/VOA)
សមាជិក​ទាំង​២៥​រូប​នៃ​ក្រុម​តន្ត្រី​ព្យុះហ​យា​ត្រាភ្នំពេញ ឈរ​ថត​រូប​ជា​ក្រុម បន្ទាប់​ពី​ការ​ហាត់​សម​ប្រចាំ​សប្តាហ៍​មួយ⁠នៅ​បឋម​សិក្សា​កុលាប​១​ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​​ ឆ្នាំ​២០១៨។ (រិទ្ធី ឧត្តម/VOA)

ក្រុម​​នេះ​ គឺ​អាចរាប់​បាន​ថា​ ជា​ក្រុម​មួយ​ដែល​មាន​ទំហំ​តូច​បើ​យើង​និយាយ​អំពី​ទំហំ​នៃ​ក្រុម​តន្រ្តី​ព្យុះហ​យាត្រា​ដែល​ធម្មតា​មាន​មនុស្ស​ដល់​ទៅ​រាប់​រយ​នាក់​ក្នុង​មួយ​ក្រុមៗ។​ ​ការណ៍​ដែល​មាន​សមាជិក​នេះតិច ​មិន​បាន​សម្រួល​ដល់​បញ្ហា​ដែល​ក្រុម​តន្រ្តី​​នេះ​ បាន​ជួប​ប្រទះ​នោះ​ឡើយ។​

មួយ​ជំហាន​ម្តងៗ​ ​អម​ដោយ​ដន្ត្រី​និង​ការ​សម្តែង​ ​សមា​ជិក​ទាំង​២៥​រូប​នៃ​ក្រុម​តន្រ្តី​ភ្លេង​ព្យុះ​ហយាត្រា​ឯករាជ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ឈ្មោះ​ថា​ ​«ក្រុម​ភ្លេង​ព្យុះ​ហយាត្រា​ភ្នំពេញ»​ (Phnom​ ​Penh​ ​Marching​ Band)​ ​កំពុង​តែ​ហាត់​សម​សម្តែង​តាមជំនាញ​ខុសៗគ្នា។​

នៅ​សប្តាហ៍​នេះ«ក្រុម​ភ្លេង​ព្យុះ​ហយាត្រា​ភ្នំពេញ»​ដែល​ជា​ក្រុម​ព្យុះ​ហយាត្រា​ឯករាជ្យ​តែ​មួយគត់​ក្នុង​រាជធានី​ភ្នំពេញ​បាន​ហាត់​សម​សម្តែង​បទ​ ​«អារ៉ាពីយ៉ា‍»​និង​បទ​ចំរៀង​ហូលីវូដ​ដ៏​ល្បី​មួយ​ដែល​ដក​ស្រង់​ចេញ​ពី​ក្នុង​ភាពយន្ត​«សង្គ្រាម​ផ្កាយ‍»​ ​(StarWars)​ ​នា​សាលា​បឋម​សិក្សា​កុលាប​ទី១។​

ក្រុមនេះ​ គឺ​អាចរាប់​បាន​ថា​ ជា​ក្រុម​មួយ​ដែល​មាន​ទំហំ​តូច​បើ​យើង​និយាយ​អំពី​ទំហំ​នៃ​ក្រុម​តន្រ្តី​ព្យុះហ​យាត្រា​ដែល​ធម្មតា​មាន​មនុស្ស​ដល់​ទៅ​រាប់​រយ​នាក់​ក្នុង​មួយ​ក្រុមៗ។​ ​ការណ៍​ដែល​មាន​សមាជិក​នេះតិច ​មិន​បាន​សម្រួល​ដល់​បញ្ហា​ដែល​ក្រុម​តន្រ្តីនេះ​ បាន​ជួប​ប្រទះ​នោះ​ឡើយ។​

ក្នុង​ឱកាស​ធម្មតា​ ​ក្រុម​តន្រ្តី​ព្យុះ​ហយាត្រា​ត្រូវ​ដើរ​ជាក្បួន​បណ្តើរ​ ​លេង​ភ្លេង​បណ្តើរ​ ​ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីធ្លា​ធំ​ទូលាយ​មួយ​ ដោយ​មាន​ការ​ដើរ​មួយ​ៗ​ជា​ក្បួន​ទៅ​ចំហៀង​ ​ទៅ​មុខ​ស្រប​គ្នា​ដោយ​អាកប្ប​កិរិយា​រឹង​ពឹង​ ​សម្លឹង​ទៅ​មុខ​ នឹង​ដៃ​ផុត​ពី​លើ​ចង្កេះ​ហាក់​បី​ដូចជា​ក្បួន​ទាហាន​ដូច្នេះ។​ ​ប៉ុន្តែ​ដោយ​សារ​តែ​កង្វះ​ខាត​ថវិកា​ជំនួយ​ ​ពួក​គេ​មិន​អាច​មាន​លទ្ធភាព​ជួល​គ្រូ​បង្វឹក​ជំនាញ​ព្យុះ​ហយាត្រា​ដើម្បី​រៀប​ក្បួន​ឱ្យ​ពួក​គេ​បាន​នោះ​ឡើយ។​

ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ ​ពួកគេ​ចំណាយ​ពេល​ទាំង​អស់​ផ្តោត​ការ​យកចិត្ត​ទុកដាក់ទៅ​លើ​ឧបករណ៍​ភ្លេង​នីមួយៗ​របស់​ពួក​គេ។​ ​នៅ​ចន្លោះ​បទ​ចម្រៀង​នីមួយៗ​ពួក​គេ​ផ្តោះផ្តង​ពាក្យ​សម្ដី​គ្នា​ និង​និយាយ​កំប្លែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា​យុវជន​ដទៃ​ទៀត​ដែរ។​

ក្រុមតន្ត្រីព្យុហយាត្រានេះចាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០០៩ មកម្ល៉េះតាមរយៈ​ការ​ឧបត្ថម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​យុវជន​ជប៉ុន​មួយ​ហៅ​កាត់​ថា​ ​(JHP) នាឯវិទ្យាល័យវត្តភ្នំ។ ​ក្តី​សង្ឃឹម​ស្ទើរ​តែ​បាត់បង់​ទាំងស្រុង​នៅពេល​ដែល​ថវិកា​ជំនួយ​ត្រូវ​បាន​កាត់​ផ្តាច់នៅ​ក្នុងឆ្នាំ​ ​២០១៣។​ ពេលនោះអង្គការ (JHP) ក៏បានសំណូមពរអោលអ្នកគ្រូ ហុីម សាវី បន្តសកម្មភាពព្យុហយាត្រា ដោយប្រមូលសមាជិកថ្មីៗពីសាលាវត្តភ្នំ វត្តកោះ និងបាក់ទូកជាដើម។

ទោះបី​ជា​យ៉ាង​នេះ​ក្តី​ ​ដោយ​សារ​កម្លាំង​ចិត្ត​ ​និងការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​គ្រូ ហ៊ីម​ សាវី​ ​ដែល​ជា​គ្រូ​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​នៅ​រាជ​ធានី​ភ្នំពេញ​ រួម​ជាមួយ​គ្រូ​ដែល​មកពី​ក្រុម​ការងារ​អប់រំ​សិល្បៈ​ ​JHP​ដូច​ជា​លោក​ ​ហេង សារ៉ាឌី​ ​លោកស្រី​ ​អ៊ី អារុណ​ ​និង​សាស្រ្តា​ចារ្យ​ផ្នែក​សិល្បៈ​ ​កែវ សុភីរក្សា​ ​ផង​ក្រុម​តន្រ្តី​មួយ​នេះ​នៅ​តែបន្ត​មាន​ជីវិត​មក​ដល់​សព្វ​ថ្ងៃ។​

លោក​ស្រី ហ៊ីម សាវី ដែល​ជា​អ្នក​ផ្លុំ​ខ្លុយ​អាជីព​ និង​ជា​ស្ថាប​និក​មួយ​រូប​នៃ​ក្រុម​តន្ត្រី​ព្យុះហយាត្រា​ភ្នំពេញ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់ VOA អំឡុង​ពេល​សម្រាក​ពី​ការ​សម្តែង​របស់​លោក​ស្រី​នៅ​សណ្ឋាគារ​សូហ្វីតែល​ ​រាជ​ធានី​ភ្នំពេញ។ (រិទ្ធី ឧត្តម/VOA)
លោក​ស្រី ហ៊ីម សាវី ដែល​ជា​អ្នក​ផ្លុំ​ខ្លុយ​អាជីព​ និង​ជា​ស្ថាប​និក​មួយ​រូប​នៃ​ក្រុម​តន្ត្រី​ព្យុះហយាត្រា​ភ្នំពេញ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់ VOA អំឡុង​ពេល​សម្រាក​ពី​ការ​សម្តែង​របស់​លោក​ស្រី​នៅ​សណ្ឋាគារ​សូហ្វីតែល​ ​រាជ​ធានី​ភ្នំពេញ។ (រិទ្ធី ឧត្តម/VOA)

អំឡុង​ពេល​សម្រាក​រយៈ​ពេល​ ​២០​ ​នាទី​ពី​ការ​សម្តែង​នៅ​សណ្ឋាគារ​ ​Sofitel​ ​អ្នកគ្រូ​ ​ហ៊ីម សាវី​ ​បាន​ប្រាប់​VOA​ថា៖​

​«នៅ​ពេល​ដែល​អង្គការ​ ​JHP​ ​ផ្តាច់​ជំនួយ​ ​ពួកគេ​បាន​សុំ​ឱ្យ​ខ្ញុំបន្ត​ការ​ដឹក​នាំ​បង្ហាត់​បង្រៀន​បន្ត​ទៀត។ ដោយ​សារ​ខ្ញុំ​មាន​ការ​អាណិត​ដល់​ក្មេងៗ​ ​ដែល​បាន​បណ្តុះ​បណ្តាល​មក​ហើយ​ យើង​មាន​ការ​សោក​ស្តាយ​នូវ​សកម្មភាព​ដែល​យើង​ធ្លាប់​មាន​កន្លង​មក​ដូច្នេះ​យើង​នៅ​តែ​បន្ត​សកម្មភាព​របស់​យើង​»។

អ្នក​គ្រូ​បន្ត​ទៀត​ថា៖​

«ក្មេងៗ​ទាំង​អស់​នេះ​គេមាន​ទាំង​ជំនាញ​ ​និង​ការ​តាំង​ចិត្តក្នុង​ការ​លេង​ភ្លេង​ព្យុះ​ហយាត្រា​របស់​ពួក​គេ​បន្ត​ទៀត ​ហើយ​ខ្ញុំ​រវល់​ណាស់​ដែរ​ ​តែ​ដោយ​សារ​ចិត្ត​អាណិត​អាសូរ​ដល់​ក្មេង​ៗ​ ណា​មួយ​បើ​ក្រុម​នេះ​ឈប់​សកម្មភាព​ព្យុះ​ហយាត្រា​នៅ​ស្រុក​ខ្មែរ​នឹង​បាត់​ទាំង​ស្រុង​ ​អញ្ចឹង​បើ​យើង​បន្ត​សកម្មភាព​ ក្រុម​នេះនឹង​នៅ​តែ​មាន​នៅ​ស្រុក​ខ្មែរ​»​។

យ៉ាង​ណា​មិញ​ ​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​ ​រួមមាន​ទាំង​អង្គការ​នានា​បាន​ចាប់​ផ្តើម​ស្គាល់​ និង​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទេព​កោសល្យ​របស់​ក្រុម​ភ្លេង​ព្យុះ​ហយា​ត្រា​មួយ​នេះ។​ ​

​ក្រុម​តន្រ្តី​ព្យុះ​ហយាត្រា​ភ្នំពេញ​បាន​សម្តែង​សម្រាប់​កម្មវិធី​ក្រុមហ៊ុន​និង​ស្ថាប័ន​មួយ​ចំនួន​ដូចជា​ ​ក្រុម​ហ៊ុន​ ​Panasonic​ភោជនីយដ្ឋាន​ ​KFC​ ​សាលារៀន​ភាសា​អង់គ្លេស​ ACE​ ​វិទ្យាស្ថាន​បារាំង​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ និង​កម្មវិធី​តូចៗ​ជា​ច្រើន​ទៀត​។​

អ្នក​គ្រូ​ សាវី​ ​បាន​បន្ថែម​ទៀត​ថា ការ​សម្តែង​តាម​កម្មវិធី​ជា​ច្រើន​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​តន្រ្តី​ព្យុះ​ហយាត្រា​នេះ​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ដោយ​គ្មាន​ការ​ឧបត្ថម្ភ​ពីស្ថាប័ន​ខាង​ក្រៅ។​

«ក្រុម​តន្ត្រី​នេះ​ ​អាច​ជួយ​រក​ថវិកា​ខ្លះ​ៗ​ជួយ​កាត់​បន្ថយ​បន្ទុក​ពី​ឪពុក​ម្តាយ​គាត់​ដែល​ជួប​ការ​លំបាក​មួយ​ចំនួន​ដែរ​ហើយ​ដើម្បី​ឱ្យ​ក្មេងៗ​ចៀស​ផុត​ពី​ការ​សេព​គ្រឿង​ញៀន​ ​ដើរ​លេង​ ​និង​ចំណាយ​ពេល​ឥត​ប្រយោជន៍​។​ពេល​គេ​ស្ម័គ្រ​ចិត្ត​រៀន​យូរ​ទៅ​គេ​ចង់​ទៅ​ជា​អ្នក​ជំនាញ​រហូត​គេ​ចង់​ចូល​រៀន​មហា​វិទ្យាល័យ​តូរ្យ ​តន្ត្រី​ទៀត​ផង។​

ដោយ​មាន​ពេល​វេលា​ស្តួចស្តើង​សម្រាប់​ការហ្វឹកហាត់​ ​រៀង​រាល់​សប្តាហ៍​និងគ្មាន​ជំនួយ​ពីគ្រូ​ជំនាញ​ណា​មួយ​ដល់​ការ​ហ្វឹក​ហាត់​របស់​ពួក​គេ​ផង​នោះ​ ​ក្រុម​តន្ត្រី​នេះ​អនុវត្តនិង​រៀន​សូត្រ​ភាគ​ច្រើន​តាម​ការ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ដែល​មិន​សូវ​ចេះ​ ​ឬ​មិន​ចេះ​សោះ​តែ​ម្តង​។​

ផុន​ ​ចាន់​លក្ខណា និស្សិត​ឆ្នាំ​ទីបួន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​ដែល​ជា​អ្នក​ជំនាញ​ផ្លុំ​ខ្លុយ​ និង​ជា​មេ​ក្រុម​តន្ត្រី​ព្យុ​ហយាត្រា​ភ្នំពេញ​ កំពុង​ដឹក​នាំ​ការ​ហាត់​សម​សម្តែង​បទ​ចម្រៀង​ប្រចាំ​សប្តាហ៍​មួួយ​របស់​ក្រុម​។​ (រិទ្ធី ឧត្តម/VOA)
ផុន​ ​ចាន់​លក្ខណា និស្សិត​ឆ្នាំ​ទីបួន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​ដែល​ជា​អ្នក​ជំនាញ​ផ្លុំ​ខ្លុយ​ និង​ជា​មេ​ក្រុម​តន្ត្រី​ព្យុ​ហយាត្រា​ភ្នំពេញ​ កំពុង​ដឹក​នាំ​ការ​ហាត់​សម​សម្តែង​បទ​ចម្រៀង​ប្រចាំ​សប្តាហ៍​មួួយ​របស់​ក្រុម​។​ (រិទ្ធី ឧត្តម/VOA)

ក្នុង​ចំណោម​ពួកគេ​មាន​ ​ផុន ចាន់លក្ខិណា​ ​ដែល​ជា​សិស្ស​ច្បង​ចំណាន​ជាង​គេ។​ ​ក្នុង​នាម​ជាអ្នក​ដឹក​នាំ​ក្រុម​តន្រី្ត​និង​ជា​អ្នក​ជំនាញ​ផ្លុំ​ខ្លុយ​ក្នុង​ចំណោម​អ្នក​ផ្លុំខ្លុយ​មួយ​ចំនួន​តូច​ទៀត​ ​កញ្ញា​បាន​តស៊ូ​អនុវត្ត​តាម​ការ​រៀប​ចំការ​ហ្វឹក​ហាត់​យ៉ាង​លំបាក​រៀង​រាល់​សប្តាហ៍​របស់​អ្នក​គ្រូ​ ហ៊ីម​ សាវី​ ​និង​ខិត​ខំ​ដឹក​នាំ​ក្រុម​តន្រ្តី​នេះ។​ ដោយ​សារ​មាន​ភាព​ស្ទាត់​ជំនាញ​ កញ្ញា​ធ្លាប់​សម្តែង​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា​ហើយ​នេះ​បាន​ជំរុញ​នូវ​ភាព​ក្លាហាន​ ​និង​ការ​ជឿ​ទុក​ចិត្ត​ខ្លួនឯង​មួយសម្រាប់​កញ្ញា។​

បន្ទាប់​ពី​សម្តែង​ជាច្រើន​ម៉ោង​មក​ ​លក្ខិណា​និយាយ​ថា៖​

​«វា​ពិត​ជាសប្បាយ​ណាស់​ ​ពេល​ខ្លះ​ក៏​សប្បាយ​ប៉ុន្តែ​ពេល​ខ្លះ​ក៏​នឿយហត់​ខ្លាំងណាស់​ដែរ​ព្រោះ​ខ្ញុំត្រូវ​ស្រែក​តប​ទៅ​នឹង​ឧបករណ៍​ដែល​លេង​លឺ​ខ្លាំង​ៗ​ពីមុខ​ខ្ញុំ»។

ជាទូទៅ​នៅ​ម៉ោង​ ​២ ​រសៀល​ លក្ខិណា​នឹង​ធ្វើ​ការ​បែងចែក​សមាជិក​ក្រុម​ទៅ​តាម​ប្រភេទ​ឧបករណ៍​នីមួយ​ៗ។​ ​ក្នុង​អំឡុង​ពេល​មួយ​ម៉ោង​ដំបូង​នេះក្រុម​នីមួយៗ​នឹង​បង្រៀន​គ្នា​ទៅវិញទៅ​មក​ដោយ​ខ្លួន​ឯង។​

ឧត្តម ប្រាសិត កំពុងកាន់ឧបករណ៍ Saxophone។ (រិទ្ធី ឧត្តម/VOA)
ឧត្តម ប្រាសិត កំពុងកាន់ឧបករណ៍ Saxophone។ (រិទ្ធី ឧត្តម/VOA)

ឧត្តម ប្រាសិត​ ​ដែល​ជា​សិស្ស​ច្បង​ម្នាក់​អាយុ​ ២៣ឆ្នាំ ​នៅក្នុង​ក្រុម​តន្ត្រី​ព្យុះ​ហយាត្រា​នេះ ​គឺ​ជា​អ្នក​លេង​ឧបករណ៍ ​Saxophone​តែ​ម្នាក់​គត់​នៅ​ក្នុង​ក្រុម​។ ​លោក​បាន​តស៊ូ​នឹង​ភាព​មមាញឹក​ដើម្បី​ឆ្លៀត​មក​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ និង​បង្រៀន​សិស្ស​ប្អូន។​

ដោយ​បញ្ចប់​ការ​សិក្សា​កម្រិតសញ្ញាបត្រផ្នែក​រចនាក្រាហ្វិក បច្ចុប្បន្ន​ប្រាសិត​ធ្វើ​ការ​ជាអ្នក​រចនា​ក្រាហ្វិក​សម្រាប់​ផលិត​កម្មមួយកន្លែង។​ ទេព​កោសល្យ​របស់​លោក​បាន​បន្ថែម​ទឹក​ដម​ប្លែក​មួយ​ដល់​ក្នុង​ក្រុម​តន្រ្តី​នេះ​ព្រោះ​លោក​គឺ​ជា​អ្នក​លេង​ឧបករណ៍​ ​saxophone​ ​តែ​ឯង។​

លោក​និយាយ៖​

«ទោះ​បី​ខ្ញុំ​មាន​ការងារ​ធ្វើ​ក៏ដោយ​ ខ្ញុំ​នៅ​តែ​ចូល​រួម​ព្រោះ​ពួក​យើង​ត្រូវ​ហ្វឹកហាត់​ដើម្បី​អាច​សម្តែង​ឱ្យ​បាន​ល្អ​។ ​ដោយ​សារ​ខ្ញុំ​មានតែម្នាក់​ឯង​ចេះលេង​ឧបករណ៍​ ​saxophone​ខ្ញុំមាន​កាតព្វកិច្ច​នៅ​ជួយ​ក្រុម​របស់​ខ្ញុំ​ និង​សិស្ស​ប្អូន​របស់​ខ្ញុំ»។ ​

ដល់​ម៉ោង​ ​ប្រហែល​ ៣រសៀល ក្រុម​នេះ​នឹង​បំបែក​គ្នា ដើម្បី​សម្រាក​រយៈ​ពេល​ប្រហែល​ ​២០​ ​នាទី។​ ​ក្នុង​ចន្លោះ​ពេល​នេះ​គឺ​ជា​ពេល​ដែល​ពួក​គេ​រៀន​អំពី​ភាសា​តន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ដែល​នឹង​ជួយ​ពួក​គេ​សម្រាប់​ការ​ហ្វឹក​ហាត់​បន្ត​បន្ទាប់។​

ចូល​រួម​សម្តែង​ជាមួយ​ក្រុម​តន្រ្តី​ព្យុះ​ហយាត្រា​ភ្នំពេញ​តាំង​ពី​រៀន​ថ្នាក់​ទី​៧​សមាជិក​ម្នាក់​ទៀត​ អ៊ុំ ដារ៉ូ​ដែល​ជា​និស្សិត​ឆ្នាំ​ទី ១​ ​អាយុ​ ​២១ឆ្នាំ​ផ្នែក​តូរ្យ​តន្ត្រី​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ​គឺជា​អ្នក​លេង​ឧបករណ៍​ផ្លុំ​ ​Trombone​ ដ៏​ជំនាញ​ម្នាក់​នៅ​ក្នុង​ក្រុម​។​ លោក​បាន​ចូល​ជា​សមាជិក​ក្រុម​តន្រ្តី​ព្យុះ​ហយាត្រា​នេះ​ចាប់តាំង​ពី​គេ​ដាក់​ឈ្មោះ​ជាផ្លូវការ​ក្នុងឆ្នាំ​ ២០១៤​ ​មកម្ល៉េះ។​

អ៊ុំ​ ​ដារ៉ូ​ ​អាយុ​ ​២១​ ​ឆ្នាំ​ដែល​ជា​និស្សិត​ឆ្នាំ​ទីមួួយ​នៃសាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​កំពុង​កាន់​ឧបករណ៍​ត្រុំ​ប៉ុង​ [Trombone]​ ​លោក​គឺ​ជា​អ្នក​ចេះ​លេង​ឧបករណ៍​នេះ​យ៉ាង​ស្ទាត់​ជំនាញ​មួយ​ក្នុង​ចំណោម​អ្នក​លេង​មួយ​ចំនួន​តូច​នៅ​ក្នុង​ក្រុម​។ (រិទ្ធី ឧត្តម/VOA)
អ៊ុំ​ ​ដារ៉ូ​ ​អាយុ​ ​២១​ ​ឆ្នាំ​ដែល​ជា​និស្សិត​ឆ្នាំ​ទីមួួយ​នៃសាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​កំពុង​កាន់​ឧបករណ៍​ត្រុំ​ប៉ុង​ [Trombone]​ ​លោក​គឺ​ជា​អ្នក​ចេះ​លេង​ឧបករណ៍​នេះ​យ៉ាង​ស្ទាត់​ជំនាញ​មួយ​ក្នុង​ចំណោម​អ្នក​លេង​មួយ​ចំនួន​តូច​នៅ​ក្នុង​ក្រុម​។ (រិទ្ធី ឧត្តម/VOA)

ដារ៉ូ​សម្រេច​លេង​ឧបករណ៍​ ​Trombone​ នៅ​ក្នុង​ក្រុម​តន្ត្រី​នេះ​ពី​ព្រោះ​លោក ​យល់​ថា​ឧបករណ៍​នេះ​មិន​សូវ​មាន​មនុស្ស​ច្រើន​ចាប់​អារម្មណ៍​នោះ​ទេ​ ​ហើយ​លោក​អាច​រៀន​អក្សរ​ភ្លេង​បាន​ទៀត​ផង។​

«ខ្ញុំ​បាន​នៅ​ជាមួយ​ក្រុម​តន្រ្តី​ព្យុះហយាត្រា​នេះបួន​ឆ្នាំ​មក​ហើយ​មក​ដល់​ពេល​នេះ»។

អ៊ុំ​ ដារ៉ូ​ណែនាំ​សមា​ជិក​ក្រុម​លេង​ឧបករណ៍​ត្រុំប៉ុង​ក្នុង​ការ​ហាត់​សម​ដើរ​ព្យុះហយាត្រា​មួយ។ (រិទ្ធី ឧត្តម/VOA)
អ៊ុំ​ ដារ៉ូ​ណែនាំ​សមា​ជិក​ក្រុម​លេង​ឧបករណ៍​ត្រុំប៉ុង​ក្នុង​ការ​ហាត់​សម​ដើរ​ព្យុះហយាត្រា​មួយ។ (រិទ្ធី ឧត្តម/VOA)

បន្ទាប់​ពី​ការ​សម្រាក​ ​ដារ៉ូ​តែង​ចូល​រួម​ជាមួយ​ក្រុម​ធំ​វិញ​ ​និង​ហ្វឹកហាត់​ជាមួយ​គ្នា​រហូត​ដល់​ម៉ោង​ ៥ ​ល្ងាច​តែ​ម្តង​ ហើយ​សមាជិក​ទាំងអស់​ធ្វើ​បែប​នេះ​ជា​រៀងរាល់​សប្តាហ៍​។​ ​«​ពេល​ខ្ញុំ​ចូល​ហាត់​ដំបូង​ខ្ញុំ​នៅ​ខ្សោយ​ ហើយ​មាន​ចិត្ត​មួយ​ថា​បើ​សិន​ជា​គេ​អាច​ហាត់​ខ្លាំ​ង​បាន​ ​យើង​ក៏​អាច​ហាត់​ខ្លាំង​បាន​ដែរ​»​ ដា​រ៉ូបន្ថែម។

ដារ៉ូ​បាន​បន្ត​ទៀត​ថា «​ពេល​ខ្លះ​យើង​ហាត់​កន្លែ​ង​ខ្លះ​ពិបាកកន្លែង​ខ្លះ​យើង​ផ្លុំ​អត់​ត្រូវ​ធ្វើ​ឱ្យ​យើង​បាក់​ទឹក​ចិត្ត។​ ដល់​ពេល​ឥឡូវ​ខ្ញុំហាត់​បាន​មួយ​ឆ្នាំពីរ​ឆ្នាំ​ទៅ​សមត្ថភាព​របស់​ខ្ញុំ​បាន​កើន​ឡើង​រហូត​បាន​ដល់​ខ្ញុំ​បាន​បង្រៀន​នៅ​សាលា​បារាំង​បាន​រយៈពេល​មួយ​ឆ្នាំ​មួយ​ខែ​ហើយ​»។

ក្រៅ​ពីថ្ងៃ​អាទិត្យ​ក្រុម​តន្ត្រី​នេះ​ក៏មានវគ្គ​បណ្តុះ​បណ្តាល​ពិសេស​ក្នុង​ការ​លេង​ស្គររៀងរាល់​ថ្ងៃសៅរ៍​ចន្លោះ​ម៉ោង៦​ ​និង៨​ល្ងាច​ផង​ដែរ។​

ដោយ​សារ​តែមាន​កង្វះនូវ​គ្រូបង្វឹក​តន្ត្រី​ព្យុះ​ហយាត្រា​ ក្រុម​តន្រ្តី​នេះ​បាន​ផ្អាក​ការ​សម​ដើរ​ជាក្បួន​មួយ​រយៈសិន​ហើយ​ឆ្លៀត​ពេល​ហាត់​បន្តិចបន្តួច​ពី​ចំណេះ​ដឹង​មូលដ្ឋាន​ដែល​ពួក​គេ​ធ្លាប់​ហាត់​ពី​ក្រុម​កាយឬទ្ធិ​វិទ្យាល័យ។​

លក្ខិណា​និយាយ​ថា​ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​ក្រុម​របស់​នាង​សម្រេច​ចិត្ត​ផ្តោត​លើ​គុណភាព​សំឡេង​ជាជាង​ក្បួន​ព្យុះ​ហយាត្រា។​ ​នាង​បញ្ជាក់​ថា​ ​«ដោយសារ​មួយរយៈនេះអ្នក​គ្រូ និងលោកគ្រូ​មាន​ការ​រវល់​បាន​ជាយើង​ហ្វឹក​ហាត់​ខ្លួន​ឯង​ ​ពួកយើង​ពិតជា​ចង់​មានគ្រូ​បង្វឹក​ដឹក​នាំពួក​យើង​បន្ថែម​ទៀត​ ដូច​ជា​ការ​ដើរ​ ក្បួន​ព្យុះ​ហ​យា​ត្រា​ដែល​យើង​លេង​ភ្លេង​ហើយ​ដើរ​ក្រឡា​ហ្នឹង​»។

សមាជិក​ជា​ច្រើន​ដែល​លេង​សម្រាប់​ក្រុម​តន្រ្តីនេះប្រឈម​នឹង​ភាព​ក្រីក្រ​ ​ការ​ខ្វះខាត​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ការគាំទ្រ​ពីមាតាបិតា​។​ លក្ខិណា​ក៏​មិនខុសគ្នាដែរ។​ ​ឥឡូវនេះ​ ​ឪពុក​ម្តាយ​របស់​នាង​យល់​អំពី​តម្លៃ​នៃអ្វី​ដែល​នាង​កំពុង​ធ្វើ​។​ ​ដោយ​ឡែក​ពី​ដំបូង​ ទោះ​បី​ជា​លក្ខិណា​រៀន​តន្រ្តី​ ​ឪពុក​ម្តាយ​របស់​គាត់​តែង​តែ​ប្រឹង​បញ្ចុះ​បញ្ចូល​ឱ្យ​កញ្ញា​ឱ្យឈប់​លេង។​

លក្ខិណា​និយាយ​ថា​៖​

«ម៉ាក់​ប៉ា​ខ្ញុំ ​ពួកគាត់​ក៏មិន​សូវគាំទ្រខ្ញុំ​នៅ​ក្នុង​ក្រុម​ភ្លេង​នេះ​ដែរ​ដោយ​សារ​ គាត់​ឃើញខ្ញុំ​លេង​ភ្លេង​ដើរគាត់​និយាយ​ថា​ខ្ញុំ​ដើរ​លេង​ភ្លេង​សុំ​លុយ​គេ​ ប៉ុន្តែខ្ញុំ​ព្យាយាម​ពន្យល់​គាត់​ថាមិន​មែនទេ​ វាជាការ​ដើរ​លេង​ភ្លេង​តាម​ Agency តាម​កម្ម​វិធី​ដែល​គេ​ចង់​បាននោះ​ទេ»។ ​ប៉ុន្តែ​ដោយ​សារ​តែ​ការ​អត់ធ្មត់​ ​និង​ការ​ស្រឡាញ់​ក្រុម​របស់​កញ្ញា​ដែល​ជំរុញ​ឱ្យ​កញ្ញា​នៅ​តែ​បន្ត​ទៅមុខ​ ​ហើយ​ឪពុក​ម្តាយ​ក៏​បាន​ប្តូរ​ចិត្ត​ដែរ។​

«ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​ឌុប​ទៅហាត់​ទៀត​ ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថាចង់​បោះបង់​ចោល​ពាក់​កណ្តាល​ទី​ ប៉ុន្តែ​ខ្ញុំ​គិត​ទៅ​មុខ​ទៀត​ថា​អ្នក​គ្រូ​ ហ៊ីម​ សាវី​ ដូច​ជា​ម្តាយ​ទី​ពីរ​របស់​ខ្ញុំ​អញ្ចឹង​ ​តែង​ប្រដែ​ប្រដៅ​ខ្ញុំ​ គាត់​បង្ហាត់​បង្រៀន​ខ្ញុំ​ហើយ​គាត់​រក​ការងារ​ឱ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​ហើយ​ខ្ញុំ​អត់​ចង់​បោះ​បង់​ការងារ​មួយ​នេះ​ចោល​ទេ​»។

ពី​រាល់​ការ​សម្តែង​តាម​កម្មវិធី​ផ្សេងៗ​សមាជិក​ក្រុមអាច​ទទួល​បាន​កម្រៃ​ដែលក្នុង​ម្នាក់​អាច​ទទួល​បាន​ចន្លោះពី​១០​ ដុល្លារ​ទៅ​ ​២០​ ​ដុល្លារ​ហើយ​ថវិកា​ដែល​សេស​សល់​ត្រូវ​បាន​រក្សា​ទុកក្នុង​គណនី​ធនាគារ​ដោយ​មិនមាន​នរណា​ម្នាក់​អាច​ប្រើប្រាស់​ផ្ទាល់​ខ្លួនបានឡើយ​ ​។​

ទី​ពីរ​ពី​ខាង​ឆ្វេង​ អ៊ុត​ ​វិច្ឆិកា​ ​ដែល​ជា​អ្នក​ផ្លុំ​ត្រែ​ ​[Trumpet]​ ​អាយុ​ ​១៩​ ឆ្នាំ​ បាន​ធ្លាក់​ការ​ប្រឡង​ដើម្បី​ចូល​ជា​សមាជិក​ក្រុម​ព្យុហ​យាត្រា​ភ្នំពេញ​ ​ប៉ុន្តែ​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​វិញ​ ហើយ​បាន​ក្លាយ​ជា​សមាជិក​ក្រុម​នេះ​តាំង​ពី​ឆ្នាំ​ ​២០១៤​ ​មក​ម្ល៉េះ​។ (រិទ្ធី ឧត្តម/VOA)
ទី​ពីរ​ពី​ខាង​ឆ្វេង​ អ៊ុត​ ​វិច្ឆិកា​ ​ដែល​ជា​អ្នក​ផ្លុំ​ត្រែ​ ​[Trumpet]​ ​អាយុ​ ​១៩​ ឆ្នាំ​ បាន​ធ្លាក់​ការ​ប្រឡង​ដើម្បី​ចូល​ជា​សមាជិក​ក្រុម​ព្យុហ​យាត្រា​ភ្នំពេញ​ ​ប៉ុន្តែ​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​វិញ​ ហើយ​បាន​ក្លាយ​ជា​សមាជិក​ក្រុម​នេះ​តាំង​ពី​ឆ្នាំ​ ​២០១៤​ ​មក​ម្ល៉េះ​។ (រិទ្ធី ឧត្តម/VOA)

អ៊ុត​ ​វិច្ឆិកា មាន​អាយុ ​១៩​ ​ឆ្នាំ​ដែល​មក​ពីភ្នំពេញ​មាន​គម្រោង​ចូល​រៀន​ដេប៉ាតឺ​ម៉ង​ភ្លេង​នៅ​សាកល​វិទ្យាល័យ​វិចិត្រ​សិល្ប:​គឺ​ជាអ្នក​លេង​ត្រែ​ដ៏ពូកែ​ម្នាក់​ក្នុង​ក្រុម​។​ ​រឿង​រ៉ាវ​របស់​លោក​ជាមួយ​ឪពុក​ម្តាយ​មាន​លក្ខណៈ​ខុស​គ្នា​ពី​លក្ខិណា។​

លោក​បាន​ប្រាប់​ ​VOA​ ​ថា៖​

«​ឪពុក​ម្តាយ​របស់​ខ្ញុំ​ឱ្យ​ខ្ញុំ​ចូល​រៀន​ភ្លេង​ព្រោះ​គាត់​មិនចង់​ឱ្យ​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​អ្វី​គ្មាន​អត់ប្រយោជន៍​។​ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​ចាប់​ផ្តើម​ចូល​ចិត្ត​វា​ខ្លាំង​ពេក​ គាត់​ចង់​ឱ្យ​ខ្ញុំ​ឈប់​វិញ»​។​

វិច្ឆិកា​បាន​ចាប់​ផ្តើម​ដំណើរ​ជិវិត​តន្ត្រី​របស់​លោក​ដោយ​លេង​ឧបករណ៍​ភីអង់នី​កា​សម្រាប់​ក្រុម​កាកបាទ​ក្រហម​នៅវិទ្យាល័យ​ឥន្ទ្រទេវី​កាល​ឆ្នាំ​២០១២។ ពេល​នោះ​លោក​បាន​រៀន​ពី​សិស្ស​ច្បង​របស់​លោក។​ ​ហើយ​ដោយ​សារ​តែ​ចេះ​លឿន​ក្នុង​រយៈ​ពេល​តែមួយ​ឆ្នាំ​ប៉ុណ្នោះ​ ​លោក​ក៏​បាន​ផ្លាស់​ប្តូរ​មក​លេង​ត្រែ​វិញ​ ដែល​ក្លាយ​ជា​ឧបករណ៍​ដែល​វិច្ឆិកា​ជំនាញ​មក​ដល់​សព្វ​ថ្ងៃ។​

ទេព​កោសល្យ​របស់​វិច្ឆិកា​ត្រូវ​ទទួល​បានចាប់​អារម្មណ៍ពី​គ្រូ​បង្វឹក​ជប៉ុន​ម្នាក់ ​ហើយ​ក៏​បាន​ជំរុញ​ឱ្យ​លោក​ប្រឡង​ចូល​ក្រុម​តន្ត្រី​ព្យុះ​ហយាត្រា​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៤។​

«គាត់​បាន​ណែនាំ​ឱ្យ​ ​ខ្ញុំសាក​ល្បង​ប្រឡង​ ប៉ុន្តែ​ខ្ញុំ​ប្រឡង​ធ្លាក់»។​

ទោះបី​ ​អ៊ុត វិច្ឆិកា​ ​ចេះ​លេង​ត្រែ​ក៏​ពិត​មែន​ តែ​លោក​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន​ទាក់ទង​នឹង​អក្សរ​ភ្លេង​ ​ទំនុក​ ​និង​តិច​និក​ក្នុងការ​លេ​ងនៅ​ឡើយ។​លុះ​រយ:​ពេល​២ខែ​បន្ទាប់​ពីលទ្ធផល​ចេញ​មក​ក្នុង​ឆ្នាំ​ដដែល​នោះ​ ​វិច្ឆិកា​ក៏​ទទួល​បាន​ដំណឹង​ល្អ​មួយ។​

«គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​នោះ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​ហៅ​ខ្ញុំ​ចូល​ក្នុង​ក្រុម​ជាមួយ​គេ»។​

ក្រៅ​ពី​បញ្ហា​ដែល​វិច្ឆិកា​ ​និង​លក្ខិណា និង​សមាជិក​ដទៃ​ទៀត​ជួប​ប្រទះ។

អ្នកគ្រូ​ សាវី​បាន​ក៏​មាន​ប្រសាស​ន៍​ថា​ ក្រុម​តន្ត្រី​ព្យុះ​ហយាត្រា​បាន​ជួបនូវ​បញ្ហា​លំបាក​ជាច្រើន​ទៀត​ដោយ​សារ​តែ​ខ្វះ​ប្រាក់​ឧបត្ថម្ភ។​

«យើង​អត់​មានអ្នក​ណា​មក​ជួយ​គាំទ្រ​ពាក់​ព័ន្ធ​នឹង​ថវិកា​យើង​ចង់​ចេញ​ទៅ​ក្រៅ​ យើងត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​ការប្រជុំ​អន្តរជាតិ​ យើង​មិន​អាច​ទៅ​បាន​ព្រោះ​យើង​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​ សំបុត្រ​យន្ត​ហោះ​និង​បង់​ថ្លៃ​ការ​ស្នាក់​នៅ​ឱ្យ​ក្មេង​ៗ​បាន​នោះ​ទេ ហើយ​គេ​អញ្ជើញ​យើង​ទៅ​នេះ​ក្នុង​នាម​ជា​ Marching Band នៅ​កម្ពុ​ជា​យើង»។

យ៉ាង​ណា​ក៏​ដោយ​ក៏​សមាជិក​ក្នុង​ក្រុម​តន្ត្រី​ព្យុះ​ហយាត្រា​នេះ​នៅ​មាន​សុទិដ្ឋិនិយម​សម្រាប់​ថ្ងៃ​អនាគត​ដដែល​។​ ​ជា​ឧទាហរណ៍​ស្រាប់​លក្ខិណា​ប្រាថ្នា​ថា​នៅ​ថ្ងៃ​ណា​មួយ​កញ្ញា​ចង់​ឱ្យ​ពិភព​លោក​ស្គាល់​អំពី​ក្រុម​តន្ត្រី​ព្យុះ​ហយាត្រា​ភ្នំពេញ​មួយ​នេះ។​

«ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​ខ្ញុំ​បាន​ធ្វើ​ ​ពួក​ខ្ញុំ​ពិត​ជា​ចង់​មាន​ឱកាស​ប្រកួត​ប្រជែង​នៅ​ក្នុង​ថ្នាក់​អន្តរ​ជាតិ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ណាស់»។

អ្នក​គ្រូ​ ​សាវី​បញ្ចប់​ថា​ក្រៅ​ពី​ការ​ហាត់​ភ្លេង​ ​អ្នក​គ្រូ​ក៏​ចង់​បង្រៀន​សិស្ស​របស់​អ្នក​គ្រូ​នូវ​មេរៀន​ដែល​មាន​តម្លៃ​ជីវិត​ផ្សេង​ទៀត​ដែរ។​

«យើង​ចង់​រក្សា​ក្រុម​តន្ត្រី​ព្យុះ​ហយាត្រា​នេះ​ ​ដើម្បី​បង្រៀន​ក្មេង​ៗ​ពី​អ្វី​ដែល​ជា​ការងារ​ ​អ្វី​ជា​ទំនួល​ខុស​ត្រូវ​និង​ភាព​លំបាក​ដែល​ត្រូវ​ឆ្លង​កាត់​ក្នុង​ការ​រៀន​តន្ត្រី​នេះ​»។

ទោះ​ជា​យ៉ាង​ណា​ ​ក្រុម​តន្រ្តី​ភ្លេង​ព្យុះ​ហយាត្រា​ឯករាជ្យ​តែ​មួយ​គត់​របស់​កម្ពុជា​ដែល​មាន​សមា​ជិក​ទាំង​២៥​រូបនេះ​ ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ​មន្តិ​ចម្តងៗ​ដោយ​មិនរាថយ​ ​ដូចស្មារតី​ដែល​ក្រុម​នេះបាន​សម្តែង​ចេញ៕

XS
SM
MD
LG