លោក យឹង យន និពន្ធនិងច្រៀងរៀបរាប់ពីរដ្ឋ Florida សហរដ្ឋអាមេរិក។ បទចម្រៀងនេះជាបទមួយក្នុងចំណោម១១បទ ដែលត្រូវបានតែងឡើង ខណៈដែលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក។
បទចម្រៀងក្នុងអាល់ប៊ុម «Lovin' USA: Yorn Young Journey Across America» ដែលបកប្រែជាភាសាខ្មែរថា «ជាប់ស្នេហ៍នៅអាមេរិក ដំណើរកំសាន្តរបស់លោក យឹង យន នៅសហរដ្ឋអាមេរិក» ដែលនិយាយអំពីភាពស្រស់ស្អាតនៃទីក្រុង និងរដ្ឋនានារបស់អាមេរិកដែលលោកបានទៅទស្សនាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងការធ្វើដំណើរដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ពីតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ដែលមានប្រជាជនខ្មែរភាគច្រើនរស់នៅ រហូតដល់តំបន់ឆ្នេរខាងកើត និង New York លោក យឹង យន បានរៀបរាប់តាក់តែងពីសម្រស់ធម្មជាតិនិងទីក្រុងនានារបស់អាមេរិក ដែលលោកប្រៀបទៅនឹងសម្រស់ស្រីក្រមុំដែលកំពុងមានភាពទាក់ទាញ។
បទចម្រៀងដ៏មានអត្ថន័យទាំងនេះត្រូវបានលោក យឹង យន ច្រៀងឡើងវិញកាលពីយប់ថ្ងៃសៅរ៍ ក្នុងការប្រគំតន្រ្តីដើម្បីបង្ហាញអាល់ប៊ុមចម្រៀងថ្មីរបស់លោក នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងការប្រគំតន្រ្តីផ្សព្វផ្សាយបទចម្រៀង ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក មានអ្នកទស្សនាប្រមាណជា៤០០នាក់ ទាំងក្មេងចាស់ប្រុសស្រី។
តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌នោះ គេឃើញថា ក្រៅពីចម្រៀងដែលច្រៀងរៀបរាប់ពីរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ក៏នៅមានចម្រៀងមួយចំនួនទៀតដែលក្រុមតន្រ្តីរបស់លោក យឹង យន បាននិពន្ធពីទេសភាពនៅកម្ពុជា ចម្រៀងចាប៉ី និងរបាំប្រពៃណីផ្សេងៗទៀតរបស់កម្ពុជាផងដែរ។ ក្នុងកម្មវិធីនោះ ក៏មានការចែកថាសចម្រៀងចំនួន៦០០ដោយឥតគិតថ្លៃ ហើយមានថតផ្តិតយកទេសភាពពីរដ្ឋមួយចំនួនបញ្ចូលក្នុងបទចម្រៀងរបស់លោក។
កំពុងបីកូនតូចឈរមើលការប្រគំតន្រ្តីនៅខាងឆ្វេងឆាក លោក គឹម សាន លើកឡើងថា ការច្រៀងរៀបរាប់ពីរដ្ឋនីមួយៗក្នុងសហរដ្ឋអាមេរិកបានធ្វើឲ្យលោកស្រម៉ៃទៅដល់ភាពស្រស់បំព្រង និងការរីកចម្រើននៃប្រទេសអភិវឌ្ឍន៍មួយនោះ។ បុរសវ័យ៣៥ឆ្នាំរូបនេះបន្ថែមទាំងញញឹមថា ការប្រគំតន្រ្តីដែលមានលាយវប្បធម៌ខ្មែរ ជាមួយសហរដ្ឋអាមេរិក ធ្វើឲ្យលោកមានអារម្មណ៍ថា ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក មានភាពស្និទ្ធស្នាលជាងមុន។
លោក គឹម សាន មានប្រសាសន៍ថា៖
«គាត់បានទៅនិពន្ធទំនុកបទចម្រៀងនៅអាមេរិកហ្នឹងគឺដូចដែលយើងចាប់អារម្មណ៍ថា យើងបានទៅទស្សនានៅអាមេរិកអីចឹងដែរ។ ហើយគាត់រៀបរាប់ពីទេសភាព រៀបរាប់ពីរដ្ឋ ហើយមានកន្លែងដំណើរកំសាន្ត ចាប់អារម្មណ៍ ដូចជាការផ្លាស់ប្តូរវប្បធម៌ពិតៗ ដូចខ្លឹមសារតន្រ្តីដែលថា មកផ្លាស់ប្តូរនូវវប្បធម៌ហ្នឹង។ តាមរយៈបទចម្រៀងរបស់ពួកគាត់ ស្វែងយល់ពីថា សហរដ្ឋអាមេរិកក៏គេចង់យកវប្បធម៌យើងទៅផ្សព្វផ្សាយនៅប្រទេសគេ ហើយចង់នាំវប្បធម៌គេមកផ្សព្វផ្សាយនៅយើង។ បើយើងស្តាប់ទៅគឺការទំនាក់ទំនងគ្នាល្អ»។
ខណៈកំពុងអង្គុយលើម៉ូតូផ្តោតអារម្ភរបស់ខ្លួនទៅលើឆាកដែលពោរពេញទៅដោយភ្លើងពណ៌ និងសំឡេងតន្រ្តី អមដោយអ្នកសម្តែងផងនោះ កញ្ញា នួន ដាណេត និយាងថា ការនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មីដោយមិនចម្លងតាមគេ គឺជាមោទនភាពមួយសម្រាប់កម្ពុជា។ កញ្ញាបន្ថែមថា ពីមុនកញ្ញាមិនសូវស្គាល់ពីអាមេរិកនោះទេ។ ប៉ុន្តែកញ្ញាថា សម្រាប់ការផ្សព្វផ្សាយបទចម្រៀងដែលមានរៀបរាប់ និងបង្ហាញពីទេសភាពនៅសហរដ្ឋអាមេរិក ដែលមានបញ្ជូលការសម្តែងរបាំរបស់ខ្មែរជាមួយគ្នាបែបនេះ ធ្វើឲ្យកញ្ញាយល់ថា កាន់តែស្គាល់សហរដ្ឋអាមេរិកបានច្រើនជាងមុន។
កញ្ញា ដាណេត បញ្ជាក់ថា៖
«តាមរយៈបទចម្រៀងហ្នឹងគឺបង្ហាញឲ្យឃើញថា ភាពទំនាក់ទំនងគ្នារវាងប្រទេសកម្ពុជា ហើយនឹងសហរដ្ឋ គឺមានភាពស្និទ្ធស្នាលគ្នា។ គឺល្អ ដូចថា មានសម្ព័ន្ធភាពល្អ។ បងចង់បានបែបហ្នឹង»។
អ្នកទស្សនាវ័យ២៧ឆ្នាំរូបនេះបន្ថែមថា កញ្ញាចង់ឲ្យកម្មវិធីប្រគំតន្រ្តីបែបនេះមានជារៀងរាល់ឆ្នាំ ដើម្បីឲ្យកម្ពុជា និងអាមេរិកមានឱកាសផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។
លោក យឹង យន ធ្លាប់បានប្រគុំតន្រ្តីបែបនេះឲ្យពលរដ្ឋទស្សនាម្តងក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ សម្រាប់ការចាប់ផ្តើមនៅខេត្តកំពង់ធំ លោក យឹង យន ប្រាប់ថា ដោយសារខេត្តនេះជាស្រុកកំណើតរបស់លោក ហើយលោករំពឹងថា លោកនឹងទទួលបានការគាំទ្រ និងការឧបត្ថម្ភបន្ថែម ដើម្បីអាចទៅប្រគំតន្ត្រី និងចែកចាយដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗជាបន្ត។
អ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះបន្ថែមថា ការប្រគំតន្រ្តីនេះ ជាការចែករំលែកព័ត៌មាន និងចំណេះដឹងតាមរយៈចម្រៀង ដែលលោកថា វិធីសាស្រ្តនេះអាចធ្វើឲ្យប្រជាជនកម្ពុជាបានស្គាល់ពីអន្តរជាតិកាន់តែច្រើន។
លោក យឹង យន អ្នកចម្រៀងសម្បុរស្រអែមដែលត្រូវបានគេដាក់រហ័សនាមថា កែវ សារ៉ាត់ ទី២ មានប្រសាសន៍ថា៖
«ចម្រៀងក៏ជាចំណែកមួយនៃការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងភូមិសាស្រ្តនយោបាយ។ ដូចបងប្អូនដែលយើងរៀននៅសាលាចំណេះដឹងទូទៅ ដែលរៀនភូមិសាស្រ្ត ប្រវត្តិសាស្រ្តអន្តរជាតិ។ អីចឹងខ្ញុំគិតថា ចម្រៀងក៏ជាចំណែកមួយនៃការផ្តល់ចំណេះដឹង ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រទេស និងប្រទេស ដើម្បីឲ្យប្រជាជននៅក្នុងពិភពលោកបានស្គាល់គ្នា ជាពិសេសគឺថា បងប្អូនខ្មែរដែលមិនធ្លាប់ទៅអាមរិក បានស្គាល់អាមេរិកតាមរយៈបទចម្រៀងរបស់ខ្ញុំ»។
ក្នុងកម្មវិធីប្រគំតន្រ្តីនោះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា គឺលោក William Heidt ភរិយា និងកូនប្រុសរបស់លោក ព្រមទាំងមន្រ្តីស្ថានទូតមួយចំនួនផង។
ចាប់តាំងពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាមានភាពរកាំរកូស ស្របពេលឥទ្ធិពលរបស់ចិនកំពុងកើនឡើងកាន់តែស្អិតរមួតជាមួយរដ្ឋាភិបាលក្រុងភ្នំពេញនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមរកវិធីថ្មីមួយដើម្បីទាក់ទាញបេះដូង និងចិត្តប្រជាពលរដ្ឋខ្មែរតាមរយៈការបញ្ជ្រៀប និងផ្លាស់ប្តូរវប្បធម៌ និងតន្រ្តី។
ថ្លែងពីស្រុកស្ទឹងសែន ទីដែលមានការប្រគំតន្រ្តីនេះ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា សហរដ្ឋអាមេរិកបានឧបត្ថម្ភលោក យឹង យន និងក្រុមតន្រ្តីរបស់លោកដើម្បីប្រគំតន្រ្តីនេះឡើង បន្ទាប់ពីលោកបានឃើញពីទេពកោសល្យដ៏ល្អក្នុងការតែងនិពន្ធ និងច្រៀងចម្រៀង។ លោកបន្ថែមថា ប្រជាជនកម្ពុជា និងប្រជាជនអាមេរិកសុទ្ធតែចូលចិត្តចម្រៀង និងតន្ត្រី ដូច្នេះលោកថា តាមរយៈតន្រ្តី ទំនាក់ទំនងរបស់ប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែមានភាពល្អប្រសើរ។
លោក William Heidt ថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ប្រជាជនខ្មែរស្រឡាញ់តន្ត្រី ប្រជាជនអាមេរិកក៏ស្រឡាញ់តន្ត្រី។ យើងមានអារម្មណ៍ថា វាជារឿងដ៏អស្ចារ្យមួយអំពីបុរសខ្មែរវ័យក្មេងម្នាក់ដែលបានទៅសហរដ្ឋអាមេរិក។ ក្នុងក្រសែភ្នែករបស់ប្រជាជនខ្មែរ គាត់មើលឃើញភាពស្រស់ស្អាតតាមរបៀបផ្សេងៗ។ គាត់បានសរសេរបទចម្រៀងអំពីអាមេរិកហើយត្រឡប់មកវិញដោយច្រៀងជាភាសារបស់គាត់ គឺភាសាខ្មែរ។ ដូច្នេះប្រជាជនកម្ពុជាអាចស្តាប់បាន។ ដូច្នេះតាមរយៈតន្ត្រី ពួកយើងកសាងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក»។
នៅឆ្នាំ២០១៣ លោក យឹង យន បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកតន្រ្តីមួយដែលមានឈ្មោះថា OneBeat នៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីនោះមានការចូលរួមពីតន្រ្តីករមកពីទូទាំងពិភពលោក ដើម្បីធ្វើការសហការគ្នា និងបង្កើតបទចម្រៀងដើម ដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ទីនោះហើយដែលលោក យឹង យន មានឱកាសបានធ្វើដំណើរទៅរដ្ឋផ្សេងៗក្នុងសហរដ្ឋអាមេរិក ជាបន្តបន្ទាប់ និងបានសរសេរបទចម្រៀងខ្មែរទាំង១១បទ ដែលរៀបរាប់ពីរដ្ឋទាំងនោះ។ ក្រោយពេលត្រឡប់ពីអាមេរិកវិញ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានផ្តល់អំណោយថវិកាប្រមាណជា២ម៉ឺនដុល្លារដល់លោក យឹង យន និងក្រុមតន្រ្តីរបស់លោក ដើម្បីជំរុញការបង្កើតអាល់ប៊ុមចម្រៀងថ្មី និងរៀបចំការប្រគំតន្រ្តីនៅខេត្តកំពង់ធំនេះឡើង៕