ស្របពេលដែលក្បាច់រាំ Hip Hop ដែលមានប្រភាព នៅសហរដ្ឋអាមេរិក កំពុងត្រូវបានអនុវត្តតាមតំបន់ខ្លះនៃរាជធានីភ្នំពេញ គេឃើញយុវជនមួយចំនួនបាននិងកំពុងហាត់រៀន និងចាប់យក Hip Hop ជាអាជីពដើម្បីរកប្រាក់ចំណូល។ មន្រ្តីក្រសួងវប្បធម៌លើកឡើង កម្ពុជាលេចមុខលើឆាកអន្តរជាតិដោយសារ Hip Hop ប្រសិនបើប្រជាពលរដ្ឋ ជាពិសេសយុវជនចេះបកស្រាយ និងអនុវត្តវប្បធម៌ទាំងនោះបានត្រឹមត្រូវ។
ស្ថិតក្នុងបន្ទប់ធំទូលាយ ដោយមានផ្ទាំងកញ្ចក់ធំមួយដើម្បីឆ្លុះមើលសកម្មភាពសិស្សប្រមាណជាជិត២០នាក់កំពុងហាត់រាំក្បាច់ Hip Hop សុខ សុខា ជាយុវតីមួយរូបដែលមានភាពលេចធ្លោរក្នុងការបញ្ចេញក្បាច់រាំរបស់ខ្លួនទៅតាមចង្វាក់ភ្លេង។
សុខា និងមិត្តរួមថ្នាក់ កំពុងហ្វឹកហាត់ ពីគ្រូជនជាតិអាមេរិកាំង ក្នុងវគ្គបណ្តុះបណ្តាលរបស់កម្មវិធីដែលមានឈ្មោះថា «Next Level» ឬ «កម្រិតបន្ទាប់»។ ក្នុងវ័យ១៦ឆ្នាំ សុខា បានបង្ហាញពីភាពជឿជាក់របស់ខ្លួនថា ការហាត់រាំក្បាច់ Hip Hop នេះនឹងធ្វើឲ្យនាងមានសុខភាពល្អ និងអាចចាប់យកការរាំជាអាជីព ដើម្បីទទួលបានចំណូលផងដែរ។
«ខ្ញុំគិតថារាំអាចជួយខ្ញុំច្រើន។ ទី១ជួយបានដល់សុភាពរបស់ខ្ញុំ ហើយទី២អាចឲ្យខ្ញុំរកលុយចិញ្ចឹមគ្រួសារបាន។ ជាទូទៅអ្នកជុំវិញខ្លួនខ្ញុំគេអត់ដែលនិយាយថារាំអត់ល្អផង ភាគច្រើនគេសួរខ្ញុំគឺគេចង់រាំដូចខ្ញុំដែរ កម្រអ្នកនិយាយថារាំហ្នឹងអញ្ចេះអញ្ចុះ។ ហើយនិយាយទៅខ្ញុំធ្វើរាល់ថ្ងៃគឺដឹង គេថារាំហ្នឹងល្អ ទោះបីក្នុងភ្នែកគេ អ្នកខ្លះគេគិតថាអាក្រក់ ប៉ុន្តែក៏មានអ្នកខ្លះមួយចំនួនដែរ ដែលគេគិតថាល្អ»។
សុខា ជាយុវតីមួយរូប ក្នុងចំណោមយុវជនកម្ពុជា អាយុចាប់ពី១៣ទៅ ២៣ឆ្នាំ ប្រមាណជាជិត៦០នាក់ ដែលបាននិងកំពុងសិក្សាផ្នែក Hip Hop រយៈពេលពីរសប្តាហ៍ ជាមួយអ្នកសិល្បៈមួយក្រុមមកពីសហរដ្ឋអាមេរិក នៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh។
យុវតីដែលរូបរាងស្រឡូន និងរហ័សរហួនរូបនេះបន្ថែមថា អ្នករាំ Hip Hop មិនមែនសុទ្ធតែត្រូវបានមនុស្សជុំវិញខ្លួនចូលចិត្តនោះទេ។ ទោះយ៉ាងណា សុខា បញ្ជាក់ថា សមាជិកគ្រួសាររបស់នាងគាំទ្រឲ្យនាងរៀនក្បាច់រាំ និងចាប់យកអាជីពនេះទៅតាមការជ្រើសរើសរបស់នាង។
Hip Hop មានដើមកំណើតនៅតំបន់មួយក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីទសវត្ស៧០ដែលបង្កើតឡើងដោយជនជាតិអាហ្វ្រិក-អាមេរិកាំង ក្នុងគោលបំណងបញ្ចេញមតិតាមរយៈការគូររូប និងតែងនិពន្ធបទចម្រៀងផ្សេងៗ។ Hip Hop មានដូចជា ចង្វាក់រាំ Breakdance ការធ្វើភ្លេង ការច្រៀង Rap ឬហៅថាច្រៀងលឿន និងការគូរគំនូរលើជញ្ជាំងដោយប្រើពណ៌ជាដើម។
ឡុង ចំណាប់ យុវជនម្នាក់ទៀតដែលកំពុងរៀនបង្កើតភ្លេងលើកឡើងថា ពលរដ្ឋកម្ពុជាវ័យចំណាស់មួយចំនួន ហាក់មិនសប្បាយចិត្តនៅពេលដែលឃើញយុវជនរាំ ឬច្រៀងចម្រៀង Hip Hop។ ទោះយ៉ាងណា យុវជនរូបនេះលើកឡើងថា បច្ចុប្បន្ន Hip Hop មានការទទួលស្គាល់ច្រើន ហើយថា ចង្វាក់រាំដែលមានដើមកំណើតមកពីអាមេរិកមួយនេះ នឹងផ្តល់ប្រយោជន៍ច្រើនដល់យុវជនកម្ពុជា ប្រសិនបើពួកគេអនុវត្ត និងប្រើប្រាស់ដោយត្រឹមត្រូវ។
យុវជនវ័យ១៩ឆ្នាំរូបនេះបញ្ជាក់ថា៖
«ខ្ញុំសង្ឃឹមថា សិល្បៈ Hip Hop នៅថ្ងៃណាមួយវានឹងរីកដុះដាលពេញផ្ទៃប្រទេស។ ខ្ញុំគិតថាល្អ ព្រោះវានាំឲ្យមនុស្សទាំងអស់គ្នាបានស្គាល់ នាំមនុស្សដែលមិនធ្លាប់ស្គាល់ នាំឲ្យស្គាល់។ ហើយអាចនាំមនុស្សអ្នកដទៃផ្សេងៗទៀត ដែលអាចបណ្តុះបណ្តាលនូវសិល្បៈ Hip Hop ឬក៏រឿងល្អៗ តាមសិល្បៈ Hip Hop។ ហើយខ្ញុំសំណូមពរ ទាំងអស់គ្នា បើចាប់បាន Hip Hop ហើយ ចាប់វាឲ្យជាប់ កុំបែរផ្លាស់ទៅរកសិល្បៈណាដែលមិនល្អ»។
កម្មវិធី «Next Level» ឬ «កម្រិតបន្ទាប់» ត្រូវបានរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងការឧបត្ថម្ភអ្នកសិល្បៈ និងអ្នករាំចង្វាក់ Hip Hop អាមេរិកមួយក្រុម ឲ្យមកសម្តែង និងបណ្តុះបណ្តាលយុវជនប្រមាណជា៦០នាក់ដោយឥតគិតថ្លៃនៅកម្ពុជា ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។ កម្មវិធីនេះប្រើតន្រ្តី និងការរាំចង្វាក់ Hip Hop ដើម្បីជំរុញខាងផ្លូវទូតរវាងប្រជាជន និងប្រជាជន ហើយសកម្មភាពទាំងអស់មានបំណងជំរុញការចែករំលែកទៅវិញទៅមកនូវចំណេះដឹង គុណតម្លៃ ទស្សនៈ និងការគោរពគ្នា រវាងយុវជនកម្ពុជា និងអ្នកសិល្បៈអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលចេញកាលពីថ្ងៃទី២៩ ខែមីនា។
លោក សុខ វិសាល នាយកផលិតកម្ម Klap Yahandz និងជាគ្រូសម្របសម្រួលក្នុងកម្មវិធី Next Level ដែលជាអ្នកជំនាញផ្នែក Hip Hop មួយរូប លើកឡើងថា បច្ចុប្បន្ន សិល្បៈក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានតម្លៃ ដោយសារប្រជាជននិយមចូលចិត្តស្តាប់ភ្លេង ទស្សនាភាពយន្ត និងការសម្តែងផ្សេងៗ។ លោកបន្ថែមថា សម្រាប់សិស្សដែលចូលរៀនជាមួយកម្មវិធី Next Level ឬ កម្រិតបន្ទាប់នេះ បែងចែកជា៤ថ្នាក់ ដោយក្នុងមួយថ្នាក់ៗមានសិស្សជាង១០នាក់ និងត្រូវបានបែងចែកទៅតាមគ្រូបណ្តុះបណ្តាលជនជាតិអាមេរិកាំងជំនាញផ្សេងៗគ្នា។ សិស្សទាំងនោះភាគច្រើនមកពីអង្គការមួយចំនួន និងជាយុវជនដែលមានចំណាប់អារម្មណ៍ខ្លាំងលើជំនាញ Hip Hop។
លោក សុខ វិសាល ជនជាតិខ្មែរជំនាញផ្នែក Hip Hop ដែលទទួលបានការបណ្តុះបណ្តាលនៅ ប្រទេសបារាំង និងសហរដ្ឋអាមេរិករូបនេះ បន្ថែមថា ការទទួលបានជំនាញ Hip Hop ពីគ្រូជំនាញមកពីសហរដ្ឋអាមេរិក នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានបំណងចាប់យកអាជីពនេះនាពេលអនាគត។
លោកបញ្ជាក់ថា៖
«ខ្ញុំសង្ឃឹមថា គាត់នៅតែគាត់អាចយកចំណេះដែលគាត់រៀនជាមួយ Next Level គាត់យកអាហ្នឹងមកខំរៀនតទៀត ហើយដើម្បីបង្កើតអ្វីៗដែលល្អ ដើម្បីឲ្យគេស្គាល់ពីស្នាដៃរបស់គាត់ ហើយអនាគតទៅគាត់អាចរកលុយជាមួយជំនាញហ្នឹងបាន។ ឧបមាថា គាត់រៀនខាងរ៉េបទៅ គាត់អាចសរសេររ៉េបបទចម្រៀងទៅ។ ហើយហេងស៊យអនាគតទៅគាត់អាចបង្ហោះតាមហ្វេសប៊ុក តាមអី គាត់អាចល្បី។ ឧបមា ប៉ារ៉ូលហ្នឹងវាល្អ ការសរសេរ ការរ៉េបអី វាល្អទៅ គេចាប់ផ្តើមស្គាល់»។
លោក សុខ វិសាល បន្ថែមថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបានបង្ហាញការមិនពេញចិត្តនឹងសកម្មភាព Hip Hop នេះ ប៉ុន្តែលោកថា Hip Hop ជាសិល្បៈដ៏ល្អមួយ ប្រសិនបើយុវជនយល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖
«នៅអាមេរិកមុនដំបូងពេល Hip Hop ចេញមកគ្មាននរណាសូវទទួលទេ តែយូរៗទៅឥឡូវវាចូលជាវប្បធម៌ធម្មតាចំពោះអាមេរិក ហើយឥលូវ Hip Hop ល្បីនៅទូទាំងពិភពលោក។ អញ្ចឹងធម្មតាអ្នកស្រលាញ់ក៏មាន អ្នកស្អប់ក៏មានដែរ ស្អីក៏ដោយ យើងធ្វើអីក៏មានអ្នកស្អប់ មានអ្នកស្រលាញ់ អញ្ចឹងវាធម្មតា ខ្ញុំអត់សូវព្រួយចិត្តទេ។ សំខាន់ជាងគេធ្វើម៉េចកុំឲ្យវប្បធម៌ហ្នឹងជិះជាន់លើវប្បធម៌របស់យើង ហើយកុំឲ្យគេប្រើអាវប្បធម៌ហ្នឹងទៅធ្វើស្អីដែលជាអំពើអត់ល្អ»។
ក្រុមអ្នករាំចង្វាក់ និងជាអ្នកបណ្តុះបណ្តាលយុវជនកម្ពុជាទាំងជិត៦០នាក់ របស់កម្មវិធី Next Level ឬ កម្រិតបន្ទាប់ដែលទទួលបានការឧបត្ថម្ភពីក្រសួងការបរទេសអាមេរិកនេះ មានសមាជិកចំនួន៦នាក់។ ពួកគេម្នាក់ៗមានជំនាញផ្សេងៗគ្នា ដូចជាពិធីករ អ្នករាំ អ្នករ៉េប អ្នកគូរគំនូរ អ្នកធ្វើចង្វាក់ភ្លេង អ្នកគ្រប់គ្រងទីកន្លែង និងអ្នកថតរូប និងវីដេអូ។
កញ្ញា Marisol Velez អ្នករាំរ៉េបនៅទីក្រុង Chicago សហរដ្ឋអាមេរិក និងជាគ្រូបណ្តុះបណ្តាលមួយរូបផងនោះ លើកឡើងថា សិស្សដែលកំពុងរៀនជាមួយនាង ភាគច្រើនជាយុវជនដែលមានទេពកោសល្យផ្នែក Hip Hop នេះ។ Marisol បន្ថែមថា តាមរយៈការបណ្តុះបណ្តាល នាងបានចែករំលែកបទពិសោធន៍របស់យុវជននៅកម្ពុជា និងយុវជននៅសហរដ្ឋអាមេរិកទៅវិញទៅមក ដោយរំពឹងថា តាមរយៈការចែករំលែក និងការខិតខំប្រឹងប្រែងរបស់យុវជនកម្ពុជា នឹងធ្វើឲ្យពួកគេអាចរៀនពីគ្នាបានកាន់តែច្រើន និងកាន់តែទទួលបានជោគជ័យនាពេលអនាគត។
Marisol បញ្ជាក់ជាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ខ្ញុំក៏បង្រៀននៅទីក្រុង Chicago ផងដែរ។ ដូច្នេះខ្ញុំអាចប្រាប់សិស្សរបស់ខ្ញុំអំពីក្មេងៗនៅទីនេះ ហើយបង្រៀនពួកគេពីពាក្យទាំងនោះ ដូច្នេះយើងអាចផ្លាស់ប្តូរវិធីដែលខ្ញុំអាចយកទៅបង្រៀនសិស្សរបស់ខ្ញុំនៅទីក្រុង Chicago ហើយពួកគេអាចរៀនអំពីប្រទេសកម្ពុជា និងយុវជននៅទីនេះ និងការដែលពួកគេអាចច្រៀង និងរ៉េបបានល្អបែបណាខ្លះ។ ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់សម្រាប់ពួកគេក្នុងការមើលឃើញរឿងនោះ និងសម្រាប់សិស្សនៅទីនេះ ដើម្បីស្តាប់ឮពីសិស្សរបស់ខ្ញុំ។ ខ្ញុំគិតថាវាពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យ»។
Hip Hop ចាប់ផ្តើមចូលមកកម្ពុជាក្នុងអំឡុងពាក់កណ្តាលទសវត្សឆ្នាំ២០០០ ដោយមានការនិយមចូលចិត្តពីសំណាក់យុវវ័យកម្ពុជាយ៉ាងច្រើន។ ក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញពីការមិនចូលចិត្តនូវក្បាច់រាំនេះ ដោយពួកគេយល់ថា ក្បាច់រាំដែលមានកំណើតពីសហរដ្ឋអាមេរិកមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរជាដើម។
ក្នុងសន្និសីទបើកកម្មវិធី Next Level ពីគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន លោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ VOA ថា ការហូរចូលវប្បធម៌បរទេសមកកាន់កម្ពុជា នឹងអាចធ្វើឲ្យមានភាពវិជ្ជមានច្រើន ប្រសិនបើប្រជាពលរដ្ឋ ជាពិសេសយុវជនចេះបកស្រាយ និងអនុវត្តវប្បធម៌ទាំងអស់នោះបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖
«នៅទីណាក៏មានការប្រយ័ត្នប្រយែងដែរ ប្រទេសមួយៗ។ ក៏ប៉ុន្តែក្នុងការប្រយ័ត្នប្រយែងនេះ វាមិនមែនថាមិនប៉ះពាល់ទេ ក៏ប៉ុន្តែក្រសួងវប្បធម៌ យើងអ្នកវប្បធម៌ យើងតែងតែពន្យល់ក្មេងៗថា អ្វីជាវប្បធម៌របស់ខ្លួន ហើយអ្វីជាវប្បធម៌អ្នកដទៃ។ ហើយកាលណាយើងបញ្ចូលគ្នាទៅ វាអាចរីកចម្រើនស្អីមួយផ្សេងទៀត។ កាលណាយើងយល់តែរបស់យើង ហើយមិនយល់របស់គេ ហើយពេលហ្នឹងយើងមិនអាចបូកបញ្ចូលគ្នាបាន»។
អគ្គនាយករងបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបន្ថែមថា កម្ពុជាអាចលេចមុខមាត់លើឆាកអន្តរជាតិតាមរយៈចង្វាក់ Hip Hop ប្រសិនបើយុវជនចេះប្រើប្រាស់ភាពច្នៃប្រឌិត ឬបង្កើតថ្មីណាមួយដែលធ្វើឲ្យមានភាពល្បីល្បាញ។ លោកបានបន្ថែមដោយអំពាវនាវឲ្យយុវជនដែលចូលចិត្ត Hip Hop ជាពិសេសយុវជនដែលមានបំណងចាប់យក Hip Hop ជាអាជីព ត្រូវចាប់យកគ្រឹះវប្បធម៌ខ្មែរឲ្យបានរឹងមាំជាមុន។
លោកបញ្ជាក់ថា៖
«សូមឲ្យប្អូនៗស្គាល់អំពីអ្វីដែលវប្បធម៌របស់យើង ជាគ្រឹះ ទាំងវប្បធម៌ ទាំងប្រវត្តិសាស្រ្តរបស់យើង ហើយកាលណាយើងមានគ្រឹះហ្នឹងហើយ យើងឈានទៅចាប់ស្អីផ្សេងទៀត ក៏យើងអត់វង្វេងដែរ គឺយើងច្បាស់តែម្តង»។
ក្រោយបញ្ចប់ការបណ្តុះបណ្តាលក្នុងរយៈពេល២សប្តាហ៍នោះ ក្រុម «Next Level» ឬ «កម្រិតបន្ទាប់» ព្រមទាំងយុវជនកម្ពុជាទាំងជិត៦០នាក់ នឹងបង្ហាញស្នាដៃសម្តែងចុងក្រោយមួយ នៅល្ងាចថ្ងៃទី៥ ខែមេសា ក្នុងអគារ The Mansion ជិតការិយាល័យអង្គការ UNESCO ខាងមុខសារមន្ទីជាតិ៕