ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិ​ស្វាគមន៍​ដំណោះស្រាយ​នយោបាយ​កម្ពុជា


លោក សម រង្ស៊ី​ និង​លោក​ ហ៊ុន សែន ថត​រូប​នៅ​ក្រោយ​ការ​ចរចា​កំពូល​ដែល​បាន​ទម្លាយ​ភាព​​ជាប់​គាំង​នយោបាយ​កាល​ពី​ថ្ងៃ​​អង្គារ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤​​នេះ​នៅ​មន្ទីរ​ព្រឹទ្ធសភា​ជាតិ។​
លោក សម រង្ស៊ី​ និង​លោក​ ហ៊ុន សែន ថត​រូប​នៅ​ក្រោយ​ការ​ចរចា​កំពូល​ដែល​បាន​ទម្លាយ​ភាព​​ជាប់​គាំង​នយោបាយ​កាល​ពី​ថ្ងៃ​​អង្គារ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤​​នេះ​នៅ​មន្ទីរ​ព្រឹទ្ធសភា​ជាតិ។​

អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក​ ប្រទេស​បារាំង ​ជប៉ុន ​ចិន​បានស្វាគមន៍​ការបញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិរួម​ទាំង​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នូវ​តំណាងរាស្ដ្រ​ជាប់ឆ្នោត​ចំនួន​ប្រាំពីរ​រូប​របស់​គណបក្ស​ជំទាស់។

គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​អង្គារលើ​គោលការណ៍​បង្កើត​សមាសភាព​រដ្ឋសភា​ទ្វេបក្ស​និង​ធ្វើ​កំណែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)។

ពី​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេសស្វីស​ អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកសូរិយា ប្រាសាទ ស៊ូបេឌី ​បានថ្លែង​ស្វាគមន៍​ការបំបែក​ភាព​ជាប់​គាំង​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ។​ ការជាប់គាំង​នយោបាយ​ដែលនៅ​សល់​តែ​ប្រាំថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​ដល់​គម្រប់​ខួប​មួយ​ឆ្នាំ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ជា​លាយលក្ខ​អក្សរ​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ដដែល​បាន​ហៅ​កិច្ចព្រម​ព្រៀង​លើ​ដំណោះស្រាយ​នយោបាយ​នេះ​ថា​ដើម្បី​ផល​ប្រយោជន៍​ប្រជាជាតិ​កម្ពុជា។

ទោះជាយ៉ាង​ណា​លោកសូរិយា ប្រាសាទ ស៊ូបេឌី (Surya Subedi) ​កត់​សម្គាល់​ថា​កិច្ច​ព្រមព្រៀង​លើ​កំណែទម្រង់​គ.ជ.ប​ «គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើមនៃ​ការងារ​ជាក់ស្តែង​នៃ​ការ​កែទម្រង់​ស្ថាប័ន​រដ្ឋ​នេះ​តែ​ប៉ុណ្ណោះ» ​ហើយ​លោក​ជំរុញ​ឲ្យការ​ធ្វើកំណែ​ទម្រង់​នេះ​ត្រូវ​ស្រប​តាម​និយាម​អន្តរជាតិ។

​ដោយ​និយាយ​យោង​ទៅ​ដល់​ការដោះ​លែង​ក្រុម​តំណាងរាស្ដ្រ​ដែលត្រូវ​ចាប់​ដាក់​មន្ទីរ​ឃុំឃាំងលោក​សូរិយា ប្រាសាទ ស៊ូបេឌី ​ជំរុញ​ឲ្យ​ធ្វើការ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​«ដោយ​មិន​ពន្យាពេល»។

ដំណាល​គ្នា​នេះ​ប្រទេស​ជប៉ុនដែល​ជាម្ចាស់​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​ភ្លាមៗ​ក្រោយ​ពី​គណបក្ស​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើការ​ជាមួយ​គ្នា។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុនលោក​ Fumio Kishida ​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​ប្រទេស​ជប៉ុន​បាន​តាមដាន​យ៉ាងយក​ចិត្ត​ទុកដាក់​លើ​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​ក្រោយ​ពី​អំពើ​ហិង្សា​ដ៏​គួរ​ឲ្យ​សោកស្តាយ​កើត​ឡើង​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៥​ខែកក្កដា​ហើយ​ប្រទេស​ជប៉ុន​«សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​បង្រួប​បង្រួម​និង​ការ​ផ្សះផ្សារជាតិ​នឹង​ឈាន​ទៅមុខ»​ហើយរដ្ឋសភា​កម្ពុជា​នឹង​ដំណើរ​ការ​ជា​ប្រក្រតី​ឡើង​វិញ​នា​ពេលឆាប់ៗ​ខាងមុខ​នេះ។

វីដេអូ៖ វិបត្តិ​នយោបាយ​កម្ពុជា​ត្រូវ​បញ្ចប់

វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​ត្រូវ​បញ្ចប់
សូម​រង់ចាំ

No media source currently available

0:00 0:05:09 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង​វិញបង្ហាញ​ជំហរ​មួយ​យ៉ាង​កក់ក្តៅ​ដល់​ប្រទេស​កម្ពុជា។

ជំហរ​ដែល​ប្រទេស​បារាំង​បង្ហាញ​ថា​ខ្លួន​ស្ថិត​នៅ​«ជាមួយ​ប្រទេស​កម្ពុជា»​ដើម្បី​អម​ដំណើរ​ប្រទេស​នេះ​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​លទ្ធិ​ប្រជា​ធិបតេយ្យ។

ប្រទេស​បារាំងបាន​សង្កត់​ថា​ចាប់​ពី​ពេល​នេះ​ទៅ​គឺ​តួអង្គ​អ្នក​នយោបាយ​កម្ពុជា​ត្រូវ​ធ្វើការ​ជាមួយ​គ្នាដោយ​លក្ខណៈ​ស្ថាបនា​សម្រាប់​ការអភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យ ​សេដ្ឋកិច្ច​និង​កិច្ចអភិវឌ្ឍ​សង្គម។

ដោយ​ឡែក​អ្នក​នាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​លោកចន ស៊ីម៉ុន ​(John Simmons) ក៏​បាន​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ថា​«សហរដ្ឋ​អាមេរិក​ស្វាគមន៍​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញក៏ដូចជា​ស្វាគមន៍​ការដោះលែង​លោកស្រី​មូរ សុខហួរ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចាប់​ដាក់​គុក​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​នោះ»។

​លោក ចន ស៊ីម៉ុន ​បន្ថែម​ថា​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ការរីក​ចម្រើន​ទាំង​នេះជួយ​ឲ្យ​«គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​លើក​ស្ទួយ​ការ​កែទម្រង់​និង​ការ​ជឿនលឿន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដែល​មិន​សូវ​ដាក់​លក្ខខណ្ឌ​ដល់​កម្ពុជាថ្វី​បើ​ប្រទេស​នេះមិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវការ ​ប៉ុន្តែតាម​រយៈ​អ្នក​នាំពាក្យ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​ភ្នំពេញ​គឺ​លោក​ចេង ហុងបូ ​បាន​សម្តែង​ការ​រីករាយ​ចំពោះ​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

«យើង​ពេញ​ចិត្ត​ចំពោះ​គណបក្ស​ទាំង​ពីរ​ដែលសម្រេច​បាន​កិច្ច​ព្រម​ព្រៀង​លើ​ភាពជាប់គាំង​នយោ​បាយហើយ​យើង​គិត​ថា​វា​មាន​សារៈសំខាន់​សម្រាប់​ស្ថិរភាព​និង​កិច្ច​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា»។

សូមរំលឹក​ថា​ក្នុង​អំឡុង​ការ​ជាប់គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំមក​នេះ​រដ្ឋា​ភិបាល​បាន​បង្រ្កាប​ក្រុម​អ្នកតវ៉ា​ដោយ​បាញ់​បង្រ្កាប​ដោយ​គ្រាប់​ពិត​និង​បណ្តាល​ឲ្យ​អ្នកតវ៉ា​និងប្រជាពលរដ្ឋ​យ៉ាង​តិច​ចំនួន​៧​នាក់​បាន​ស្លាប់​ហើយ​សិទ្ធិ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ត្រូវ​បាន​ដកហូត៕

XS
SM
MD
LG