ក្រោយពីបានបិទបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានដាក់គម្រោងរួមគ្នាចូលគាល់ព្រះមហាក្សត្រនៅថ្ងៃព្រហស្បតិ៍ដើម្បីរាយការណ៍អំពីលទ្ធផលក្រោយកិច្ចប្រជុំថ្វាយព្រះមហាក្សត្រ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្សទាំងពីរ។
ភាគីដែលគ្រោងនឹងចូលបង្គំគាល់ព្រះមហាក្សត្រមានម្ខាងៗចំនួន៣រូប។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និង លោក សាយ ឈុំ។ ចំណែកឯគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី លោក កឹម សុខា និង លោក ប៉ុល ហំម។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សទាំងពីរនឹងទូលថ្វាយលម្អិតអំពីលទ្ធផលដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ។
លោកបានបញ្ជាក់ថាបន្ទាប់ពីរាយការណ៍ពីព្រះមហាក្សត្រគណបក្សសង្គ្រោះជាតិនឹងពិចារណាដើម្បីធ្វើសច្ចាប្រណិធានស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រពេញសិទ្ធិដើម្បីឱ្យរដ្ឋាភិបាលនិងរដ្ឋសភាក្លាយទៅជាស្របច្បាប់ក្រោយពីបានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ។
លោកមានប្រសាសន៍ថា៖ «ទាល់ចេញមកបានជជែកគ្នាទៀតពីព្រោះយើងមានកិច្ចការត្រូវធ្វើដូចជារៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញជំពូក១៥ថ្មីហ្នឹង សម្រាប់កែទម្រង់ការបោះឆ្នោតហ្នឹងដើម្បីយកដាក់សភាហើយនឹងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាទៀត។ ធ្វើអាហ្នឹងហើយ២ហ្នឹងវាសំខាន់ដើម្បីយកទៅដាក់សភាបានយើងអាចជជែកគ្នាចូលប្រជុំថ្ងៃណា»។
ទស្សនា៖ វិបត្តិនយោបាយកម្ពុជាត្រូវបញ្ចប់
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃអង្គារបានព្រមព្រៀងគ្នាថាបញ្ចប់ការជាប់គាំងនយោបាយដែលមានអាយុកាលជិតមួយឆ្នាំបន្ទាប់ពីបានជាប់គាំងក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។
ក្រោយពីការបោះឆ្នោតគណបក្សសង្គ្រោះជាតិបានប្រកែកមិនព្រមចូលរួមប្រជុំសភាដោយចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាដែលទទួលបាន៦៨អាសនៈបានឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។
លោក ជាម យៀប សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លោកបានទទួលដំណឹងថាសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើពិធីសច្ចាប្រណិធានស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រនៅថ្ងៃសុក្រខាងមុខនេះមួយថ្ងៃក្រោយពេលចូលបង្គំគាល់ព្រះមហាក្សត្ររួច។
លោកនិយាយថា៖ «គឺថាប្រហែលជាខានស្អែក។ ស្អែកហ្នឹងត្រូវចូលគាល់ព្រះករុណារាយការណ៍ហើយខានស្អែកប្រហែលជាធ្វើសច្ចាប្រណិធានពីព្រោះធ្វើយ៉ាងណាឱ្យបានមុនខួបមួយឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។
តាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានយល់ព្រមឱ្យគណបក្សប្រជាជនកម្ពុជាកាប់កាប់មុខតំណែងជាប្រធាននិងអនុប្រធានទី២នៃរដ្ឋសភា។ ចំណែកឯគណបក្សសង្គ្រោះជាតិនិងកាន់កាប់មុខតំណែងជាអនុប្រធានទី១នៃរដ្ឋសភានិងជាប្រធានគណៈកម្មាធិការជំនាញចំនួន៥។
លោក ជាម យៀប មានប្រសាសន៍ថាគណៈកម្មាធិការជំនាញទាំង៥របស់រដ្ឋសភាដែលគណបក្សសង្គ្រោះជាតិធ្វើជាប្រធាន រួមមាន គណៈកម្មការទី១ គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងស៊ើបអង្កេត គណៈកម្មការទី៣ដែលទទួលបន្ទុកផែនការ ការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទ បរិស្ថាននិងធនធានទឹក គណៈកម្មការទី៧ខាងផ្នែកអប់រំ សាសនា វប្បធម៌និងទេសចរណ៍ ទី៨ខាងផ្នែកសុខាភិបាល សង្គមកិច្ច ការងារនិងកិច្ចការនារីនិងប្រធានគណៈកម្មការទី១០ដែលទើបបង្កើតថ្មី ដើម្បី ទទួលបន្ទុកអង្កេត បោសសម្អាតនិងប្រឆាំងអំពើពុករលួយ។
លោកបានបញ្ជាក់ថាតាមការជជែកថ្នាក់កំពូលកាលពីថ្ងៃអង្គារលោកកឹម សុខា នឹងត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតតែងតាំងជាអនុប្រធានទី១នៃរដ្ឋសភា។ ដោយឡែកលោក សម រង្ស៊ី នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
លោក កឹម សុខាមានប្រសាសន៍ថា តួនាទីលោកជាអនុប្រធានទី១នៃរដ្ឋសភានៅមិនទាន់បានអះអាងនៅឡើយទេអាស្រ័យលើការជជែកគ្នារបស់គណបក្សជាមុនសិន។ ចំណែកតំណែងរបស់លោក សម រង្ស៊ី គណបក្សកំពុងពិចារណាតាមផ្លូវច្បាប់ដើម្បីឱ្យលោកក្លាយជាសមាជិកសភាពេញសិទ្ធិសិន។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថាយោងតាមច្បាប់បោះឆ្នោតប្រសិនណាបើបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបោះបង់ហើយជាប់ឆ្នោតមានការលាលែងឬទទួលមរណភាព ឬប្រាសចាកពីបេក្ខភាពតំណាងរាស្ត្រតាមច្បាប់គឺរុញបេក្ខជនដែលមានឈ្មោះបន្ទាប់ឡើងជំនួស។
លោកមានប្រសាសន៍ថាក្នុងករណីបញ្ជីបេក្ខជនអស់បេក្ខជន។ ដូច្នេះគ.ជ.បជូនដំណឹងទៅគណបក្សសាម៉ីឱ្យបន្ថែមឈ្មោះបេក្ខជនក្នុងបញ្ជីក្នុងរយៈពេល១៤ថ្ងៃហើយក្នុងករណីដែលគណបក្សមិនបានបំពេញក្នុងរយៈពេល១៤ថ្ងៃនេះទេ ទុកដូចជាការបោះបង់ចោលអាសនៈរបស់ខ្លួន៕