វិបត្តិនយោបាយក្នុងប្រទេសកម្ពុជាបានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីជំនួបកំពូលបិទទ្វាររយៈពេលជិត៥ម៉ោងនៅថ្ងៃអង្គារនេះ រវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខាងគណបក្សគ្រប់គ្រងអំណាច និងគណបក្សសង្គ្រោះជាតិដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា។ (ចុចមើលរូបថតជំនួបកំពូល)
ក្រោយពីជំនួបកំពូលបានបិទបញ្ចប់មេដឹកនាំទាំងពីរគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានញញឹមដាក់គ្នាក្រោយមកបានចាប់ដៃលាគ្នាដោយសម្តែងនូវភាពត្រូវរ៉ូវដាក់គ្នាយ៉ាងខ្លាំងក្រោយពីកិច្ចប្រជុំ។
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានទឹកមុខញញឹមដាក់អ្នកកាសែត លោកបានអះអាងយ៉ាងខ្លីថា ជំនួបថ្ងៃនេះជាជោគជ័យមួយ។
លោកនិយាយថា៖ «ជោគជ័យហើយ ទៅនាំគ្នាទះដៃបានហើយ»។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនបានធ្វើអត្ថាធិប្បាយទេ ក្នុងខណៈពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សបានបញ្ជាក់ថា លោកគ្មានជម្រើសទេក្នុងការទទួលយកគោលនយោបាយសម្របសម្រួលនេះ។
លោកនិយាយថា៖ «គឺថាយើងអត់មានជម្រើសទេ ជម្រើសដ៏សមរម្យតែមួយគឺបញ្ចប់វិបត្តិនយោបាយហើយបញ្ចប់ស្ថានភាពតានតឹង»។
ក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣ប្រទេសកម្ពុជាបានជួបប្រទះវិបត្តិនយោបាយបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំ។
គណបក្សគូជម្លោះទាំងពីរបានជួបប្រជុំគ្នាចំនួនបីលើកដើម្បីរកវិធីសាស្ត្រទម្លុះទម្លាយភាពទាល់ច្រកក៏ប៉ុន្តែជំនួបចុងក្រោយនេះបានធ្វើឱ្យវិបត្តិដែលបានជាប់គាំងបានត្រូវបិទបញ្ចប់។
ក្រោយពីបានបញ្ចប់ការចរចាភ្លាមអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៧រូបនិងសកម្មជនគណបក្សមួយរូបផ្សេងទៀតត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស។ក៏ប៉ុន្តែសួនប្រជាធិបតេយ្យមិនទាន់បើកឱ្យដំណើរការឡើងវិញទេដរាបណាគណបក្សសង្គ្រោះជាតិមិនទាន់បានស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្សប្រជាជនកម្ពុជា។
លោក ព្រំ សុខា សមាជិកក្រុមចរចាថ្នាក់កំពូលខាងគណបក្សប្រជាជនបានប្រាប់ក្នុងអង្គសន្និសីទកាសែតថានៅពេលដែលណាសមាជិកសភាខាងគណបក្សសង្គ្រោះជាតិចូលស្បថសច្ចាប្រណិធានរដ្ឋាភិបាលនឹងពិចារណាដោះលែងសួនប្រជាធិបតេយ្យឡើងវិញ។
លោកនិយាយថា៖ «ស្មារតីជំនួបកំពូលអំបាញ់មិញហ្នឹងលោកបានសម្រេចថាខិតខំពន្លឿននីតិវិធីដើម្បីបើកទីលានប្រជាធិបតេយ្យនៅក្នុងពេលដែលអ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិចូលស្បថកាន់តំណែង»។
លោក យឹម សុវណ្ណ សមាជិកក្រុមចរចាថ្នាក់កំពូលខាងគណបក្សសង្គ្រោះជាតិវិញមានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិនឹងស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រក្នុងពេលឆាប់ៗខាងមុខនេះ។
លោកនិយាយថា៖«គណបក្សនឹងសម្រេចនៅពេលក្រោយ»។
ការបញ្ចប់វិបត្តិនយោបាយរយៈពេលជិតមួយឆ្នាំនេះបាននៅត្រឹមតែគណបក្សទាំងពីរបានព្រមព្រៀងគ្នាបែងចែកអំណាចក្នុងស្ថាប័នរដ្ឋសភានិងយល់ព្រមឱ្យការបោះឆ្នោតជ្រើសរើសសមាសភាពគ.ជ.បតាមរូបមន្ត៤ ៤ ១។ នេះមានន័យថាសមាសភាពបួននាក់ជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា បួនរូបជ្រើសរើសដោយគណបក្សសង្គ្រោះជាតិនិងមួយរូបទៀតគឺត្រូវជ្រើសរើសដោយព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាត្រូវដំណើរការរៀបចំឱ្យមានការជ្រើសរើសដោយបើកចំហរនិងតម្លាភាពនូវសមាសភាពគជបដាក់ជូនរដ្ឋសភាដើម្បីបោះឆ្នោតទុកចិត្តដោយសំឡេងដាច់ខាត៥០%បូកមួយ។ ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពរៀបចំគណៈកម្មាធិការរៀបចំការបោះឆ្នោត សមាសភាពគ.ជ.បដែលមានស្រាប់ត្រូវបន្តការងាររបស់ខ្លួននិងមានសមត្ថកិច្ចរៀបចំការបោះឆ្នោតតាមច្បាប់។
នៅក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដោយមានចុះហត្ថលេខារួមគ្នារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក សម រង្ស៊ី និង លោក កឹម សុខានោះ បានឯកភាពគ្នាក្នុងការរៀបចំបែងចែកអំណាចរវាងអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ។
គណបក្សទាំងពីរបានព្រមព្រៀងគ្នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភាដោយបែងចែកតួនាទីថ្នាក់ដឹកនាំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាតាមរូបមន្ត៧ទល់នឹង៦ ដោយត្រូវបង្កើតបន្ថែមគណៈកម្មាធិការជំនាញមួយបន្ថែមទៀតត្រូវគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ។
ចំណែកប្រធានរដ្ឋសភាមកពីគណបក្សប្រជាជន អនុប្រធានទីមួយត្រូវគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ និងអនុប្រធានទី២មកពីគណបក្សប្រជាជនកម្ពុជា។
គណបក្សទាំងពីរបានឯកភាពគ្នាពិនិត្យរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាផងដែរ។ចំណែកឯថ្ងៃបោះឆ្នោតឡើងវិញមិនទាន់បានកំណត់នៅឡើយទេ។ ក៏ប៉ុន្តែគណបក្សទាំងពីរបានឯកភាពគ្នាថានិងសើរើការចុះបញ្ជីបោះឆ្នោតឡើងវិញ៕