អ្នកតំណាងរាស្ត្រនិយាយមិនសំចៃមាត់នៃគណបក្សប្រឆាំងគឺលោកស្រី មូរ សុខហួរ ហើយជាពលរដ្ឋខ្មែរអាមេរិកាំងកំពុងមានបញ្ហាក្តីក្តាំនៅតុលាការកម្ពុជាជាថ្មីបន្ទាប់ពីរឿងក្តីបរិហារកេរ្តិ៍ទីមួយប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពី៥ឆ្នាំមុនដែលស្ទើរតែឱ្យលោកស្រីជាប់ពន្ធនាគារ។
ជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជ័យលាភីរង្វាន់នៃអង្គការ Vital Voices លោកស្រី មូរ សុខហួរត្រូវបានក្រុមអ្នកជាន់ខ្ពស់នៅរដ្ឋធានីវ៉ាស៊ីនតោនមើលឃើញពីការតស៊ូមតិរបស់លោកស្រីដើម្បីសិទ្ធិសេរីភាពស្ត្រី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ហើយយុទ្ធនាការចុងក្រោយដែលនាំឱ្យគាត់មានបញ្ហានៅពេលនេះគឺដើម្បីទាមទារឱ្យបើកទីលានប្រជាធិបតេយ្យឡើងវិញដោយសារតែ ទីតាំងនេះបានបិទតាំងពីខែមករាមកមិនឱ្យពលរដ្ឋនិងកម្មករចូលទៅប្រើប្រាស់កន្លែងនោះសម្រាប់បញ្ចេញមតិដូចច្បាប់កំណត់។ ការតវ៉ានោះបានក្លាយជាអំពើហិង្សានៅពេលដែលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខដែលសាលាខណ្ឌដូនពេញបានជួល។
មានមនុស្ស៨នាក់ក្នុងនោះមានលោកស្រី មូរ សុខហួរ សមាជិកសភាជាប់ឆ្នោត៦នាក់ទៀតនិងជំនួយការលោកស្រីមូរ សុខហួរត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទផ្តើមគំនិតធ្វើកុប្បកម្មខុសច្បាប់ ផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងផ្តើមគំនិតញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ប្រសិនបើរកឃើញថាមានទោសពួកគេអាចជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
ក្រុមអង្គការអន្តរជាតិនានាកំពុងធ្វើយុទ្ធនាការដើម្បីឱ្យដោះលែងអ្នកទាំងនោះដោយគ្មានលក្ខខណ្ឌ។
លោកស្រី អាលីស ណែលសុន នាយកអង្គការ Vital Voices ដែលផ្តួចផ្តើមគំនិតបង្កើតឡើងដោយលោកស្រីហ៊ីលឡារី គ្លីនតុនអតីតរដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថ្កោលទោសការចាប់ខ្លួននេះ។
«យើងទាំងអស់គ្នានៅឯអង្គការ Vital Voices សូមអំពាវនាវឱ្យដោះលែងលោកស្រីមូរ សុខហួរនិងសមាជិកសភាដទៃទៀតជាបន្ទាន់និងដោយមិនមានការធ្វើបាបអ្វីទេ។ នេះគឺជាការចោទប្រកាន់ដែលគេបានប្រឌិតឡើងនៅក្នុងរដ្ឋាភិបាលមួយដែលនៅបន្តបង្ហាញថាពួកគេមិនមានតម្លាភាពនិងមានអំពើពុករលួយ»។
អង្គការ Vital Voices និងអង្គការដទៃទៀតកំពុងដឹកនាំយុទ្ធនាការអន្តរជាតិដើម្បីទាមទារឱ្យមានការដោះលែង។
«យើងបានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការបរទេស ជាមួយស្ថានទូតរបស់យើងនៅកម្ពុជាហើយយើងដឹងថាពួកគេបានដឹងពីស្ថានភាពអ្នកទាំងនោះហើយចង់ជំរុញឱ្យមានការដោះលែង។ យើងទាក់ទងពួកគេជាប់ជារហូត។ យើងបានទាក់ទងជាមួយនឹងបណ្តាញឃោសនាដើម្បីឱ្យពួកគេធ្វើសេចក្តីរាយការណ៍ពីករណីនេះជាប់ជាប្រចាំហើយយើងបានលើកកម្ពស់ការយល់ដឹងក្នុងចំណោមបណ្តាញសាកលរបស់យើងដែលមានស្រ្តីរាប់ពាន់នាក់នៅជុំវិញពិភពលោកដែលខឹងសម្បារយ៉ាងខ្លាំងនឹងការចាប់ខ្លួននេះ»។
លោកស្រីអាន់ណា ប៊ឺហ្គឺ អតីតអគ្គហិរញ្ញិកនៃសហជីពអន្តរជាតិសម្រាប់សេវាកម្មនិយោជិតនិងជាប្រធានអង្គការការផ្លាស់ប្តូរដើម្បីជ័យជម្នះ ដែលបានស្គាល់លោកស្រីមូរ សុខហួរអស់រយៈពេល១០ឆ្នាំបាននិយាយថាលោកស្រីមូរ សុខហួរគឺជាជើងឯកខាងលើកកម្ពស់ការតវ៉ាដោយអហិង្សា។
លោកស្រីអាន់ណា ប៊ឺហ្គឺបានទៅប្រទេសកម្ពុជាក្នុងខែមេសានិងខែឧសភាហើយបានទៅមើលការតវ៉ារបស់លោកស្រីមូរ សុខហួរនៅទីលានប្រជាធិបតេយ្យ ដែលពេលនោះលោកស្រីបានមើលឃើញអំពើហិង្សាដែលក្រុមអាជ្ញាធរប្រព្រឹត្តមកលើក្រុមអ្នកតវ៉ា ហើយលោកស្រីចាំបានថាលោកស្រីមូរ សុខហួរ គឺជាមនុស្សដែលហ៊ាននិយាយការពារ«សិទ្ធិមនុស្ស សិទ្ធិកម្មករ សិទ្ធិស្រ្តី ហើយជឿជាក់លើសេរីភាពក្នុងការជួបជុំនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
«ដូច្នេះការដែលគេចាប់ខ្លួនលោកស្រីនិងមេដឹកនាំដទៃទៀតគឺកាន់តែច្បាស់ចំពោះពិភពលោកហើយថាលោកហ៊ុន សែនព្យាយាមជាន់ឈ្លីគ្រប់បែបយ៉ាងលើលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ វាដល់ពេលដែលពិភពលោកទាំងមូលនិយាយចេញមកដើម្បីការពារលោកស្រីមូរ សុខហួរ និងសមាជិកសភាដទៃទៀតដែលត្រូវបានចាប់ខ្លួន។ យើងត្រូវការលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាហើយដល់ពេលដែលពិភពលោកចូលរួមពាក់ព័ន្ធហើយ»។
លោកស្រីអាន់ណាមើលឃើញថាការដាក់ពន្ធនាគារលោកស្រី មូរ សុខហួរគឺជា«ការបំភិតបំភ័យមួយ»និងបញ្ឈប់លោកស្រីមិនឱ្យធ្វើយុទ្ធនាការនាពេលបច្ចុប្បន្ននេះដែលលោកស្រីបានធ្វើជាច្រើនខែមកហើយដែលត្រូវគេមើលឃើញថាជាការអាម៉ាស់មួយដល់គណបក្សកាន់អំណាច។ ប៉ុន្តែលោកស្រីអាន់ណាជឿជាក់ថាការចាប់ខ្លួននេះនឹងមិនអាចបំបិទមាត់លោកស្រីមូរ សុខហួរបានទេក្នុងការការពារស្រ្តីនិងសិទ្ធិកម្មករ។ លោកស្រីអាន់ណាថាលោកស្រីនឹងដឹកនាំយុទ្ធនាការនេះដើម្បីបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធរហូតដល់មានការដោះលែង។
លោកស្រីមូរ សុខហួរបានធ្វើដំណើរទៅប្រទេសជាច្រើននៅលើពិភពលោកដើម្បីទាមទារសេរីភាពនៅក្នុងប្រទេសដទៃទៀតហើយលោកស្រីបានចែករំលែកយុទ្ធសាស្រ្តជោគជ័យជាមួយនឹងស្រ្តីជាច្រើនដូចជានៅហៃទី ដែលពេលនោះ បានរៀបចំវេទិការអភិវឌ្ឍន៍ស្រ្តីលើកដំបូងបន្ទាប់ពីមានការរញ្ជួយផែនដីជាច្រើនឆ្នាំមុន។
លោកស្រី អាលីស ណែលសុនបានបញ្ជាក់បន្ថែមថា៖ «លោកស្រីមូរ សុខហួរគឺជាស្រ្តីដែលពិតជាផ្តល់នូវគំរូនៃភាពជាអ្នកដឹកនាំថ្មី ដែលយើងបានព្យាយាមនាំយកមកបង្ហាញដល់ពិភពលោក នោះគឺគំរូដែលមានការចូលរួម។ វាជាគំរូមួយដែលយកចិត្តទុកដាក់ដល់ការចូលរួមស្វែងរកអំណាចដើម្បីយកមកផ្តល់ជូនអ្នកដទៃ»។
នៅក្នុងវីដេអូឃ្លីបចុងក្រោយដែលដាក់បង្ហោះតាមទំព័រហ្វេសប៊ុកហើយបានថតនៅតុលាការក្រុងភ្នំពេញមុនពេលដែលគេដាក់ខ្នោះបណ្តើរលោកស្រីយកទៅដាក់ពន្ធនាគារលោកស្រី មូរ សុខហួរបានអំពាវនាវជាថ្មីឱ្យមានការតស៊ូដោយអហិង្សានិងទទូចសុំឱ្យអាជ្ញាធរកុំប្រើហិង្សាមកលើបាតុករ។
«ក្នុងនាមខ្ញុំជាអ្នកតំណាងរាស្រ្តខ្ញុំមានមោទនាភាព ខ្ញុំមានក្តីរំភើបណាស់ដែលបានទទួលសំឡេងគាំទ្រពីបងប្អូនទាំងអស់គ្នាដើម្បីបម្រើបងប្អូនក្នុងនាមខ្ញុំជាអ្នកតំណាងរាស្រ្ត។ យើងជាខ្មែរ ខ្មែរតែមួយរួមកម្លាំងគ្នាបន្តទៅទៀតលុះត្រាតែមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅ ប្រទេសកម្ពុជាយើង។ រួមកម្លាំងគ្នាឡើងបងប្អូនតែសូមយើងទាំងអស់គ្នាត្រូវតែប្ររើធម៌អហិង្សាដោយសន្តិវិធី។ យើងនឹងឈ្នះ។ យុត្តិធម៌នឹងឈ្នះ»។
មានមនុស្សជិត៥០នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារទី១៥ខែកក្កដានៅឯទីលានប្រជាធិបតេយ្យ។ រូបភាពវីដេអូដែលវីអូអេទទួលបាននិងមានផ្សព្វផ្សាយតាមបណ្តាញសង្គមបង្ហាញកងកម្លាំងសន្តិសុខចែកដំបងឈើគ្នាដើម្បីត្រៀមចាំវាយប្រយុទ្ធ។ វីដេអូក៏បង្ហាញក្រុមអ្នកតវ៉ាវាយតបតវិញដោយប្រើបំពង់ជ័រដែលចងទង់ជាតិនិងចងបដាមុនពេលដែលពួកគេចាប់យកបានដំបងឈើពីក្រុមសន្តិសុខទាំងនោះហើយបន្តដេញ វាយទាត់ធាក់គ្នា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថ្កោលទោសអំពើហិង្សាទាំងនោះហើយអំពាវនាវសុំឱ្យដោះលែងមន្ត្រីគណបក្សប្រឆាំងនិងបើកទីលានប្រជាធិបតេយ្យឡើងវិញ។
លោកស្រីជេន សាក់គីអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
«យើងសូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាដែលមានតាមផ្លូវច្បាប់និងអំពាវនាវឱ្យដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ។ ជាថ្មីម្តងទៀតយើងសូមទទូចហើយទទូចទៀតឱ្យរដ្ឋាភិបាលកម្ពុជាលើកលែងបម្រាមលើបាតុកម្មនិងអនុញ្ញាតឱ្យការអនុវត្តសិទ្ធិនៃការជួបជុំដោយសន្តិវិធី»។
សកម្មជននានាស្វាគមន៍សេចក្តីថ្លែងការណ៍នោះថាជាជំហានទីមួយដ៏ល្អក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលទីក្រុងភ្នំពេញហើយទទូចសុំឱ្យប្រទេសដទៃទៀតធ្វើតាមដើម្បីឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយល់ច្បាស់ថា «ពិភពលោកទាំងមូលគេយកចិត្តទុកដាក់លើបញ្ហានេះ»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានថ្លែងការពារចំណាត់ការរបស់ខ្លួនដោយធ្វើសន្និសីទសារព័ត៌មានជាបន្តបន្ទាប់និងផ្តល់ព័ត៌មានជូនដល់ស្ថានទូតបរទេសថាពួកគេធ្វើតាមផ្លូវច្បាប់ហើយអ្នកដែលប្រព្រឹត្តអំពើហិង្សាត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថាការចាប់ខ្លួននិងការបង្រ្កាបទៅលើគណបក្សសង្គ្រោះជាតិគឺជាកាតព្វកិច្ចអនុវត្តន៍ច្បាប់របស់ក្រុមអាជ្ញាធរមានសមត្ថកិច្ច។
«ខ្ញុំសូមអនុញ្ញាតបញ្ជាក់បន្ថែមថាអាជ្ញាធរមានសមត្ថកិច្ចមានកាតព្វកិច្ចតាមផ្លូវច្បាប់ដើម្បីអនុវត្តន៍ច្បាប់ហើយការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌត្រូវទទួលការឆ្លើយតបតាមច្បាប់។ ហើយជនដែលប្រព្រឹតិ្តបទល្មើសត្រូវទទួលទោសតាមច្បាប់ដែរ»។
យ៉ាងណាក៏ដោយក្រុមអ្នកវិភាគមើលឃើញថាការចោទប្រកាន់និងចាប់អ្នកតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារជាការបង្ហាញថាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស
កាន់អំណាចនៅ តែប្រើប្រាស់ប្រព័ន្ធតុលាការដើម្បី គាបសង្កត់គូប្រជែងនយោបាយរបស់ខ្លួនដើម្បីដាក់សម្ពាធឱ្យចូលមកតុចរចាបញ្ចប់ការជាប់គាំងនយោបាយដែលបានអូសបន្លាយជិតមួយឆ្នាំមកហើយ៕