ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​​​ប្រកាស​​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​សម្រាប់​​ការ​ធ្វើ​ដំណើរ​​ផលិត​នៅ​កម្ពុជា


រូបឯកសារ៖ វ៉ាលីស និងអ្នកធ្វើដំណើរ​នៅ​អាកាសយានដ្ឋាន​មួយកន្លែង។
រូបឯកសារ៖ វ៉ាលីស និងអ្នកធ្វើដំណើរ​នៅ​អាកាសយានដ្ឋាន​មួយកន្លែង។

ក្រោម​កម្ម​វិធីប្រព័ន្ធ​អនុគ្រោះ​ជាទូទៅ​ GSP ​របស់​ស.រ.អា.​​ ប្រទេស​កម្ពុជា​និង​ ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច ​LDBDCs ​ត្រូវគេ​ដឹង​ថា​ ទទួល​បាន​អត្ថ​ប្រយោជន៍​នេះ។ ​

ស.រ.អា.បាន​ប្រកាស​អំពី​ការ​អនុគ្រោះ​ពន្ធលើ​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ជា​ច្រើន​ប្រភេទ។ ​ការ​ពង្រីក​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​ស.រ.អា.​នេះ ​គឺ​សម្រាប់ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចជាង​គេ​និង​ប្រទេស​អាហ្រ្វិក។ ​

ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​ពង្រីក​ការ​អនុគ្រោះពាណិជ្ជកម្ម​ដ៏ធំមួយ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​មិន​បាច់​បង់ពន្ធ​លើ​ ទំនិញ​នានា​ ដូច​ជា​វ៉ាលីស ​កាបូប​ស្ពាយ ​កាបូបដៃ​ និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ​នឹង​អាច​នាំ​របស់​ទាំងនេះ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក។​ ប្រទេស​អាហ្រ្វិក​ក៏​ទទួល​បាន​ការ​អនុគ្រោះ​ដូចគ្នា​នេះ​ដែរ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស.រ.អា.​ ប្រចាំ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ឲ្យដឹង​នៅថ្ងៃ​ពុធ​នេះ។​

ក្រោម​កម្ម​វិធីប្រព័ន្ធ​អនុគ្រោះ​ជាទូទៅ​ GSP ​របស់​ស.រ.អា. ប្រទេស​កម្ពុជា​និង​ ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច ​LDBDCs ​ត្រូវគេ​ដឹង​ថា​ ទទួល​បាន​អត្ថ​ប្រយោជន៍​នេះ។ ​ហើយ​ការ​ពង្រីក​ប្រព័ន្ធ ​GSP ​មិន​ត្រឹម​តែផ្តល់​ឲ្យ​កម្ពុជា​នូវ​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​នាំ​ចូល​របស់​របរ​ប្រើប្រាស់​សម្រាប់ការធ្វើ​ដំណើរ​ ដែល​មាន​តម្លៃ​១០​ពាន់​លានដុល្លារ​អាមេរិក ​ទៅសហ​រដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ​ តែ​វា​ថែម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ការ​អភិវឌ្ឍថែម​ទៀត​លើ​ផ្នែក​ឧស្សាហ​កម្ម​វាយន​ភណ្ឌ​របស់​កម្ពុជា​ ចូល​ទៅ​ក្នុង​ផ្នែក​ថ្មីៗ​នៃ​ផលិត​កម្ម​ដែល​ផ្តល់​ការ​ចំណេញ។

លោក​ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋអា​មេរិក ​William Heidt ​បាន​មាន​ប្រសាសន៍​ថា៖​ «ការ​ប្រកាសរបស់​ការិយាល័យ​នៃ​តំណាង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​អាច​បើក​ទី​ផ្សារ​មួយ​ថ្មី​ទាំង​ស្រុង​សម្រាប់ក្រុមហ៊ុន​នាំ​ចេញពី​កម្ពុជា​ ហើយ​អាច​បង្កើត​ឲ្យមាន​ការងារ​រាប់ពាន់​សម្រាប់ប្រជាជន​កម្ពុជា។​ យើង​លើក​ទឹក​ចិត្ត​ឲ្យ​ផលិតករ​កម្ពុជា​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ថ្មីនេះ​ ដែល​នឹង​ជួយ​បង្កើន​ដល់​វិស័យ​នានាដែល​ជាមូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ជួយ​ជំរុញ​កំណើន​លូតលាស់​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ»។​

GSP ​គឺជា​កម្ម​វិធី​អនុគ្រោះ​ពាណិជ្ជ​កម្ម​ដែល​មាន​ចំណាស់​៤០​ឆ្នាំ​មក​ហើយ​ ហើយនៅ​ក្រោម​កម្មវិធី​នេះគ្មាន​ការ​យកពន្ធ​លើ​ទំនិញជា​ច្រើន​ដែល​ចេញ​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចូល​ទៅស.រ.អា.​និង​ផលិតផល​បន្ថែម​ទៀត​ពី​ប្រទេស ​LDBDCs ។​ លោក​តំណាង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​ Michael Froman​ បាន​ថ្លែង​ថា៖​

«យើង​បាន​ប្រើ​កម្មវិធី​នេះ​ដើម្បី​ផ្តល់​ជំនួយ​យ៉ាង​សំខាន់​ដល់​ប្រទេស​ក្រីក្រ​ជាង​គេ​ខ្លះ​ក្នុង​ពិភពលោក​សម្រាប់ធ្វើ​ទំនាក់​ទំនង​ជា​មួយ​គូ​ប្រជែង​ដែល​មាន​កម្រិតសមត្ថ​ភាព​ខ្ពស់»។​

លោក​ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​បាន​ថ្លែង​ អបអរ​សាទរ​ចំពោះ​ការ​ប្រកាស​លើក​ពន្ធ​សម្រាប់ទំនិញ​ផលិត​នៅ​កម្ពុជា​ជា​ច្រើន​មុខ ​ដែលនាំ​ទៅ​កាន់​ស.រ.អា.​ ​ដោយ​លោក​ចាត់ទុក​ថា​ ជា​ការ​ប្រសើរ​សម្រាប់សេដ្ឋ​កិច្ច​កម្ពុជា​ ដោយ​សារ​ថា ​ស.រ.អា.ផ្តល់​ទីផ្សារ​បន្ថែម​ដល់​កម្ពុជា។​

«កាលណា​មាន​ទីផ្សារ​ ខ្ញុំ​ជឿ​ថា​ អ្នក​វិនិយោគ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន។​ អញ្ចឹង​វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​យើង​រីក​ចម្រើន ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​មាន​ការងារ​ធ្វើ ​ហើយ​ការ​សំខាន់​មួយ​ទៀត​គឺការ​ធ្វើ​ឲ្យ​មាន​តម្លៃ​បន្ថែម​កាន់តែ​ខ្ពស់​ទៅ»។​

ប្រទេស​កម្ពុជា​មាន​ទីផ្សារ​ធំៗ​ចំនួន​ពីរ​គឺ​ស.រ.អា.​ ​និង​សហភាព​អឺរ៉ុប​សម្រាប់​ការនាំ​ចេញ​ផលិត​ផល​វាយន​ភណ្ឌ​របស់​ខ្លួន​ដែល​បង្កើត​ចំណូល​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។ ​វិស័យ​កាត់ដេរ​គឺ​ជា​សរសរ​ទ្រូង​សេដ្ឋកិច្ច​មួយ​ក្រៅ​ពី​វិស័យ៣ទៀត​ រួមមាន​សំណង់ ​កសិកម្ម ​និង​ទេសចរណ៍។​

ក្រោម​កម្ម​វិធី​ប្រព័ន្ធ​អនុគ្រោះពន្ធជា​ទូទៅ ​GSP​ របស់​ស.រ.អា.នេះ​ ​ផលិត​ផល​ប្រមាណ​៥០០០​មុខ​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​១២២ ​និង​ដែន​ដី​មួយ​ចំនួន​ ​ទទួលបាន​អត្ថប្រយោជន៍​ពីនាំទំនិញ​ចូល​ស.រ.អា.​ដោយ​គ្មាន​ការ​យក​ពន្ធ។​ ហើយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន​៤៣​ក៏​ទទួល​អត្ថ​ប្រយោជន៍​នោះ​ផង​ដែរ។ មុខ​ទំនិញ​ឬ​ផលិត​ផល​១៥០០​មុខត្រូវ​គេ​រក្សា​ទុកជូន​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តូច៕

XS
SM
MD
LG