ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ពាណិជ្ជករ ​ICT​ ផ្ដុំ​សម្លេង​ត្រៀម​សម្រេច​គោល​ដៅ​សេដ្ឋកិច្ច​ឌីជីថល


រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)

លោក ​Steven ​Path ​ប្រធាន​សហព័ន្ធ ​ICT ​កម្ពុជា ​បាន​និយាយ​ប្រាប់​ VOA ​ថា ​ខាង​វិស័យ​ឯកជន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ក្លាយ​ជា​ក្បាល​រថភ្លើង​ ដែល​​ជួយ​អូស​ទាញ​ឲ្យ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​ឈាន​ទៅ​កម្រិត​មួយ​ដែល​​មាន​សមត្ថភាព​ផ្នែក​ធនធាន ​និង​បច្ចេកទេស ​​ហើយ​​អាច​ប្រកួត​ប្រជែង​ក្នុង​តំបន់។

ស្រប​ពេល​ដែល​ការ​ប្រើ​ប្រាស់​ផលិតផល​ និង​កម្មវិធី​បច្ចេក​វិទ្យា​ទំនើប​ដើម្បី​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​កាន់​តែ​មាន​សភាព​ផុស​ផុល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រុម​ពាណិជ្ជករ​ធំៗ​នៃ​បច្ចេក​វិទ្យា​សារគមនាគមន៍ ​បាន​នឹង​កំពុង​ឯកភាព​ជា​សម្លេង​តែ​មួយ ​ត្រៀម​ជួយ​រុញ​ច្រាន​សេដ្ឋកិច្ច​ប្រើ​ពុទ្ធិ​ដែលដាក់​គោល​ដៅ​ដោយ​រដ្ឋាភិបាល​ខ្មែរ។

នៅ​ក្នុង​ឯក​សារ​គោល​នយោបាយ​ដើម្បី​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​ឆ្នាំ​២០២០​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ ​កាល​ពី​ខែ​មេសា ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​គោល​ដៅ​ដើម្បី​ប្រែ​ក្លាយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឆ្លង​កាត់​អន្តរ​កាល​ផ្នែក​សេដ្ឋកិច្ច ​ឈាន​ទៅ​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​សេដ្ឋ​កិច្ច​ដែល​ប្រើប្រាស់​ពុទ្ធិ​ជា​មូលដ្ឋាន ​ដោយ​មាន​ជំនួយ​ពី​វិស័យ​នេះ។​

សហព័ន្ធ ​ICT ​កម្ពុជា ​ដែល​បាន​ក្លាយ​ជា​តំណាង​ស្រប​ច្បាប់​របស់​វិនិយោគិន​ក្នុង​វិស័យ​នេះ ​បាន​អះ​អាង​ពី​គោលបំណង ​និង​មហិច្ឆិតា​របស់​វិស័យ​ឯកជន​ក្នុង​ការ​ជួយ​ដល់​វិស័យ​នេះ ​និង​ជួយ​រដ្ឋាភិបាល​ខ្មែរ​សម្រេច​គោល​ដៅ​ដែល​ដាក់​ចេញ​ខាង​លើ ក៏​ដូច​ជា​ជួយ​លើក​កម្ពស់មុខ​មាត់​ផ្នែក​ពាណិជ្ជ​កម្ម ​និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស។​

ប្រធាន​សហព័ន្ធ​ ICT ​កម្ពុជា ​លោក​ Steven ​Path ​(កណ្តាល) នៅ​ក្នុង​ពិធី​មួយ​របស់​សហព័ន្ធ​កាល​ពី​ខែ​មេសា ឆ្នាំ២០១៦។​ (Courtesy of ICT Federation)
ប្រធាន​សហព័ន្ធ​ ICT ​កម្ពុជា ​លោក​ Steven ​Path ​(កណ្តាល) នៅ​ក្នុង​ពិធី​មួយ​របស់​សហព័ន្ធ​កាល​ពី​ខែ​មេសា ឆ្នាំ២០១៦។​ (Courtesy of ICT Federation)

លោក ​Steven ​Path ​ប្រធាន​សហព័ន្ធ ​ICT ​កម្ពុជា ​បាន​និយាយ​ប្រាប់​ VOA ​ថា ​ខាង​វិស័យ​ឯកជន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ក្លាយ​ជា​ក្បាល​រថភ្លើង​ ដែលជួយ​អូស​ទាញ​ឲ្យ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​ឈាន​ទៅ​កម្រិត​មួយ​ដែលមាន​សមត្ថភាព​ផ្នែក​ធនធាន ​និង​បច្ចេកទេស ហើយអាច​ប្រកួត​ប្រជែង​ក្នុង​តំបន់។​

«យើង​មាន​ដៃ​គូ​របស់​យើង​នៅ​ជុំវិញ​តំបន់ ​នៅ​អូស្ត្រាលី ​នៅ​សហ​រដ្ឋ​អាមេរិក ​នៅ​សឹង្ហបុរី ​និង​នៅ​ម៉ាឡេស៊ី​ជាដើម អញ្ចឹង​យើង​ទទួល​បាន​ព័ត៌មាន​ជាក់​ច្បាស់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ជា​សាកល ​ម្ល៉ោះ​ហើយ​អ្វី​ដែល​យើង​ផ្ដោត​គឺ​ថា​ ជួយ​សហគ្រាស​ក្នុង​ស្រុក​ឱ្យ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង»។​

តួនាទី​កាន់​តែ​សំខាន់​របស់​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​នេះ​កើតមាន​ឡើង​នៅ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​អន្តរ​កាល​ដ៏​ធំ​ក្នុង​វិស័យ​បច្ចេក​វិទ្យា។ ​តួលេខ​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​បង្ហាញ​ថា ​ចំនួន​អ្នក​ប្រើ​ Internet ​បាន​កើន​ឡើង​យ៉ាង​គំហុកពី​ចំនួន​៣​សែន​នាក់​ក្នុង​ឆ្នាំ​២០១០​ដល់​ចំនួន​ជិត​៧​លាន​នាក់ ​គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ។​

រាល់​សកម្មភាព​ប្រចាំ​ថ្ងៃ ​រាប់​ចាប់​តាំង​ពី​ការ​ធ្វើ​ការ​ងារ​តាម​ការិយាល័យ ​ការ​ធ្វើ​ជំនួញ​ជួញ​ដូរ ​ការ​ទូទាត់​សាច់​ប្រាក់ ​ការ​សិក្សា​ស្រាវជ្រាវ ​រហូតដល់​ការ​ទទួល​ព័ត៌មាន​ ដំណឹង​ប្រចាំ​ថ្ងៃ ​បាន​នឹង​កំពុង​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​អេឡិចត្រូនិច ​និង​ប្រព័ន្ធ​ Internet ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ក្នុង​ន័យនេះ ​វិស័យ​ព័ត៌មាន​វិទ្យា​និង​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​នឹង​កំពុង​ផ្ដល់​ការងារ​ដល់​អ្នក​បច្ចេក​ទេស​ប្រមាណ​៣​ម៉ឺន​នាក់​នៅ​កម្ពុជា ​ហើយ​វិស័យ​ឯកជន​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក ​គ្រោង​នឹង​បង្កើន​ទំហំ​ទីផ្សារ​ការងារ​ក្នុង​វិស័យ​នេះ​ដល់​១​សែន​នាក់ ​និង​តម្លៃ​មូលធន​ទីផ្សារ​ដល់​៣​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ។ ​នេះ​បើ​តាម​ការ​ប្ដេជ្ញា​របស់លោក​ Steven ​Path ប្រធាន​សហព័ន្ធ​ ICT ​កម្ពុជា។​

«អ្នក​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា ​គាត់​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ ​ដោយ​ធាតុ​សំខាន់​មួយ​គឺ​ថា ​កម្រិត​ភាសា​អង់គ្លេស​របស់​គាត់​ល្អ ​ដែល​ជា​តម្រូវ​ការ​មួយ​ដ៏​ចាំ​បាច់»។​

រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)

សហព័ន្ធ ​ICT ​កម្ពុជា​បាន​ធ្វើការ​កែ​សម្រួល​សមាស​ភាព​ដឹក​នាំ​កាល​ពី​ខែ​មេសា ​ដើម្បី​បើក​ផ្លូវ​ដល់​ការ​ដាក់​ចេញ​នូវ​គោល​ដៅ​ច្បាស់​លាស់ ​និង​បង្កើត​បរិយាកាស​សម​ស្រប​ដើម្បី​ទាក់​ទាញ​សមាជិក​ថ្មីៗ​ដែល​មាន​សក្ដានុពល​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក។​

លោក ​Steven​ Path ​បាន​និយាយអំពី​សក្ដានុពល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​របស់​កម្ពុជា ដោយ​លើកឡើង​ថា​ វិស័យ​នេះ​មាន​ជំនាញ​បច្ចេកទេស ​និង​បាត​គ្រឹះ​ផ្នែក​ភាសា​បាន​ល្អ​បង្គួរ​ ដែល​ជា​ចំណុច​ទាក់​ទាញ​មួយ ​ហើយ​វិស័យ​ឯកជន​ក៏​បាន​នឹង​កំពុង​ព្យាយាម​ទាក់​ទង​វិនិយោគិន​ធំៗ​លំដាប់​ពិភពលោក ​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់​មក​តំបន់អាស៊ីអាគ្នេយ៍។​

«យើង​ចង់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ ​ជួយ​កសាង​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ ​ដើម្បី​ជួយ​បណ្ដុះ​បណ្ដាល​អ្នក​ជំនាញ​ខាងព័ត៌មាន​វិទ្យា​កម្ពុជា​ មានន័យ​ថា​ កម្ពុជា​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​ទទួល​ឱកាស​ទាំង​អស់​នោះ ​...​ ហើយ​ប្រជាជន​វ័យ​ក្មេង​របស់​កម្ពុជា​ពិត​ជា​ស្រេក​ឃ្លាន​នូវ​កាលានុវត្តភាព​ទាំង​នោះ​ណាស់»។​

រដ្ឋាភិបាល​ខ្មែរ​បាន​នឹង​កំពុង​បោះ​ដៃ​ស្វែង​រក​កិច្ច​សហការ​ទ្រង់ទ្រាយ​ធំ​ពី​វិស័យ​ឯកជន​ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​គុណភាព​សេវា​ប្រព័ន្ធ​អេឡិចត្រូនិច​ ក៏​ដូច​ជា​ចូល​រួម​គំនិត​ក្នុង​ការ​តាក់​តែង​បទដ្ឋាន​គតិយុត្តិ​នានា​ផង​ដែរ។ ​នេះ​បើ​តាម​ការ​ពន្យល់របស់លោក ​Steven ​Path។​

លោក ​Hiroshi ​Suzuki ​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ធុរកិច្ច​នៃ​កម្ពុជា ​(BRIC) ​បាន​មើល​ឃើញ​ពី​សុទិដ្ឋិនិយម​របស់​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​កម្ពុជា ​និង​ការ​ចូល​រួម​របស់​វិស័យ​ឯក​ជន ​ជាមួយ​នឹង​ការ​គ្រប​ដណ្ដប់​កាន់​តែ​ទូលំទូលាយ​នៃ​សេវា​កម្ម​ Internet ​នៅ​ទូទាំង​ប្រទេស។​

លោក​បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិច​មក​កាន់​ VOA ​ថា៖​

«កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ជោគជ័យ​បំផុត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ ​... ​ហើយ​ខ្ញុំ​រំពឹង​ទុក​ថា ​ការ​អភិវឌ្ឍ​របស់​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរ​គមនាគមន៍​នឹង​កាន់​តែ​មាន​ល្បឿន​លឿន ជាមួយ​នឹង​គោល​នយោបាយ​ ​និង​ជំនួយ​ដ៏​រឹង​មាំ​ពី​រដ្ឋាភិបាល»។​

លោក​ Miguel ​Chanco ​អ្នក​វិភាគ​កិច្ចការ​អាស៊ាន​ឱ្យ​អង្គភាព​ស៊ើប​អង្កេត​របស់​ទស្សនាវដ្ដី ​The​ Economist ​(EIU) ​បាន​និយាយ​ថា វិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍​កម្ពុជា​ជួប​នឹង​បញ្ហា​កង្វះ​ការ​បណ្ដុះ​បណ្ដាល​ប្រកប​ដោយ​គុណភាព ​ហើយវិស័យ​ឯកជន​មាន​តួនាទី​សំខាន់​ក្នុងការចូល​រួមចំណែកជួយ​សម្រាល​បន្ទុក​ទាំងនេះ។​

លោក​បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិច​មក​កាន់​ VOA ​ថា៖​

«សហព័ន្ធ​ ICT​ កម្ពុជា​គួរ​ណាស់​តែ​ជួយ​ជំរុញការ​តស៊ូ​មតិ​ផ្នែក​គោល​នយោបាយ​លើ​វិស័យ​នេះ ​នៅ​ក្នុង​ប្រទេស ​ដើម្បី​បង្កើន​គុណភាព​របស់​សហគ្រាស ​ហើយ​សហព័ន្ធ​នេះ​គួរ​តែ​ក្លាយ​ជា​មូលដ្ឋាន​ដើម្បី​បង្កើន​នូវ​សក្ដានុពល​របស់​វិស័យ​ ICT ​កម្ពុជា»។​

លោក ​Chanco ​បាន​បន្ថែម​ថា ​បើ​កាល​ណា​មាន​គោល​ដៅ ​និង​ចក្ខុ​វិស័យ​ច្បាស់​លាស់​ហើយ​នោះ​ ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​នឹង​ជួយ​សេដ្ឋកិច្ច​ខ្មែរ​បោះ​ជំហាន​បាន​វែង ​និង​ឆាប់​រហ័ស៕

XS
SM
MD
LG