ប្រទេសស្រីលង្កាបានអញ្ជើញរដ្ឋមន្ត្រីការបរទេសថ្មីនៃរបបយោធាមីយ៉ាន់ម៉ាឲ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយនៅខែក្រោយ ដែលការអញ្ជើញនេះបានបណ្តាលឲ្យមានការចោទប្រកាន់ជាច្រើនតាមបណ្តាញសង្គមអនឡាញថា រដ្ឋាភិបាលស្រីលង្កាកំពុងគាំទ្ររដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ាដោយស្ងៀមស្ងាត់។
គេនៅមិនទាន់ឃើញមានការទទួលស្គាល់ជាផ្លូវការពីអន្តរជាតិនូវរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នេះនៅឡើយទេ បើទោះបីជាលោក Wunna Maung Lwin ដែលជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានតែងតាំងដោយយោធា ធ្លាប់បានជួបដោយផ្ទាល់និងតាមអនឡាញជាមួយសមភាគីមួយចំនួននៅក្នុងតំបន់យ៉ាងណាក៏ដោយ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ការអញ្ជើញរបស់រដ្ឋាភិបាលស្រីលង្កានេះគឺសម្រាប់កិច្ចប្រជុំតាមអនឡាញរបស់រដ្ឋមន្រ្តីការបរទេសមកពីប្រទេសបង់ក្លាដេស ប៊ូតង់ ឥណ្ឌា នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា និងថៃ ក្រោមកម្មវិធីផ្តួចផ្តើមឈូងសមុទ្រ Bengal ស្តីពីកិច្ចសហប្រតិបត្តិការពហុវិស័យបច្ចេកវិទ្យានិងសេដ្ឋកិច្ច (BIMSTEC)។
សកម្មជនមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ហោះសារលើទំព័របណ្តាញសង្គមអនឡាញរបស់ក្រសួងការបរទេសស្រីលង្កា ដោយធ្វើការរិះគន់ថ្កោលទោសទៅលើការអញ្ជើញនេះ។
នៅក្នុងសារមួយលើ Twitter អ្នកប្រើប្រាស់ដែលដាក់ឈ្មោះ SweZtun បានលើកឡើងថា៖ «អ្នកគួរឲ្យអាម៉ាស់ណាស់!!!។ អ្នកបានអញ្ជើញសមាជិកនៃក្រុមភេរវកម្មយោធាមីយ៉ាន់ម៉ាទៅចូលរួមក្នុងកិច្ចប្រជុំ BIMSTEC នេះ។... អ្នកកំពុងផ្តល់ភាពស្របច្បាប់ដល់ក្រុមភេរវកម្មនេះដោយឥតអៀនខ្មាស»។
គេនៅពុំទាន់ឃើញមានការឆ្លើយតបណាមួយពីក្រសួងការបរទេសស្រីលង្កានៅឡើយទេ។
ទន្ទឹមនឹងនេះដែរ សកម្មជនស្រីលង្កាមួយចំនួនបានធ្វើបាតុកម្មនៅខាងមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងកូឡំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃពុធម្សិលមិញ ដើម្បីថ្កោលទោសរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការតវ៉ានេះត្រូវបានរៀបចំឡើងមុនពេលមានការប្រកាសអំពីការអញ្ជើញនេះ៕