អតីតសមាជិករដ្ឋសភាមីយ៉ាន់ម៉ាមួយរូបបាននិយាយថា មន្ត្រីមួយរូបទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Aung San Suu Kyi បានស្លាប់ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនលោកកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការស្លាប់របស់លោក Zaw Myat Linn នេះបានកើតឡើង ក្រោយពេលលោកត្រូវបានចាប់ខ្លួនក្នុងទីក្រុងរ៉ង់ហ្គូន នៅវេលាម៉ោងប្រមាណ ១ និង ៣០ នាទីព្រឹកកាលពីថ្ងៃអង្គារ។ នេះបើតាមការបញ្ជាក់របស់លោក Ba Myo Thein ដែលជាសមាជិកព្រឹទ្ធសភារបស់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានរំលាយដោយរដ្ឋប្រហារយោធា។
លោក Ba Myo បានបញ្ជាក់ថា៖ «លោក Zaw Myat Linn បានចូលរួមនៅក្នុងការតវ៉ាជាបន្តបន្ទាប់។ ពេលនេះ ក្រុមសាច់ញាតិរបស់លោកកំពុងព្យាយាមយកសាកសពរបស់លោកពីមន្ទីរពេទ្យយោធា»។
ទាំងមន្ត្រីប៉ូលិសនិងមន្ត្រីយោធាមិនបានធ្វើការឆ្លើយតបចំពោះការសុំយោបល់បញ្ជាក់ជុំវិញការស្លាប់របស់មន្រ្តីគណបក្សរូបនេះទេ។
លោក Zaw Myat Linn គឺជាមន្ត្រីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យទី ២ ដែលបានស្លាប់ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរនៅក្រោយរដ្ឋប្រហារ។
មន្ត្រីដំបូងដែលបានស្លាប់ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរផងដែរនោះគឺលោក Khin Maung Latt។ លោកបានស្លាប់ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Khin Maung Latt បានបម្រើការជាអ្នកចាត់ចែងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស និងត្រូវបានជាប់ឆ្នោតជាសមាជិករដ្ឋសភាក្នុងឆ្នាំ ២០២០៕