ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​​មីយ៉ាន់ម៉ា​ឡោមព័ទ្ធ​កម្មករ​រថភ្លើង​ដែល​ធ្វើ​កូដកម្ម ខណៈ​​អ.ស.ប.​មិន​​បាន​ថ្កោលទោស​រដ្ឋប្រហារ


រូបឯកសារ៖ ទាហាន និង​ប៉ូលិស​មីយ៉ាន់ម៉ា​ឈរ​យាម​ល្បាត ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។​
រូបឯកសារ៖ ទាហាន និង​ប៉ូលិស​មីយ៉ាន់ម៉ា​ឈរ​យាម​ល្បាត ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។​

កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​ឡោមព័ទ្ធ​បរិវេណ​របស់​កម្មករ​រថភ្លើង​ដែល​ធ្វើ​កូដកម្មប្រឆាំង​នឹង​មេដឹកនាំ​យោធា​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ពេល​ដែល​សមាជិក​សភា​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​បាន​តែងតាំងអនុប្រធាន​ស្តីទីម្នាក់​ដើម្បី​កាន់​តួនាទី​របស់​ក្រុម​អ្នក​នយោបាយ​ដែល​ជាប់​ឃុំឃាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បុគ្គលិក​រថភ្លើង​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​ចូល​រួម​ចលនាពលរដ្ឋ​មិន​ស្តាប់​បង្គាប់​ ដែល​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ការងារ​រដ្ឋាភិបាល​និង​រួម​បញ្ចូល​ការ​ធ្វើ​កូដកម្ម​នៅ​ធនាគារ រោងចក្រ​ និង​ហាង​លក់​ទំនិញ​ ចាប់​តាំង​ពី​យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក។

ចំណែក​នៅ​ក្នុង​ទីក្រុង New York វិញ ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ​មិន​បាន​ព្រមព្រៀង​គ្នា​លើ​សេចក្តី​ថ្លែងការណ៍​មួយ ​ដែលគ្រោង​នឹងថ្កោលទោស​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា អំពាវនាវ​ឲ្យ​ក្រុម​យោធា​មាន​ការ​អត់ធ្មត់ ​ហើយគំរាមកំហែង​ពិចារណា«វិធានការ​បន្ថែម​ទៀត»។

ក្រុម​អ្នក​ការទូត​និយាយ​ថា ការ​ពិភាក្សា​អំពី​សេចក្តី​ថ្លែងការណ៍​នោះ​ទំនង​នឹងធ្វើបន្ត​ទៀត បន្ទាប់​ពី​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា​ និង​វៀតណាម កាល​ពី​យប់​ថ្ងៃ​អង្គារ បាន​ស្នើ​ឲ្យ​កែប្រែសេចក្តី​ព្រាង​របស់​ចក្រភព​អង់គ្លេស ដោយ​រួម​មាន​ការ​ស្នើ​ដក​ចេញ ​ពាក្យ​រដ្ឋប្រហារ​ និងការ​គំរាម​កំហែង​ពិចារណា​ចាត់​វិធានការ​បន្ថែម។

កង​កម្លាំង​មីយាន់ម៉ាកាន់​តែបង្ក្រាប​ខ្លាំង​ឡើងជា​រៀងរាល់​ថ្ងៃ លើ​ការតវ៉ាទូទាំង​ប្រទេស ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍មួយ​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល។

សមាគម​ជួយ​អ្នក​ទោស​នយោបាយ បាន​បញ្ជាក់​ថា បាតុករ​ជាង​ ៦០​នាក់ បាន​ត្រូវ​សម្លាប់​ ហើយ​មនុស្ស​ជាង​១.៩០០​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ចាប់​តាំង​រដ្ឋប្រហារ​មក៕

XS
SM
MD
LG