បន្ទាប់ពីនិយាយលេងសើចអំពីការបម្រើការឲ្យក្រុមហ៊ុនផលិតកម្មវិធីចាក់ចម្រៀងក្រោយពេលចប់តំណែងជាប្រធានាធិបតី លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អាចជាមនុស្សតែម្នាក់គត់ដែលមានលក្ខខណ្ឌការងារគ្រប់គ្រាន់សម្រាប់តំណែងថ្មីបំផុតមួយនៅក្នុងក្រុមហ៊ុន Spotify។
លក្ខខណ្ឌការងារមួយចំនួនក្នុងចំណោមលក្ខខណ្ឌការងារដទៃទៀតសម្រាប់តំណែងជាប្រធានរៀបចំបញ្ជីបទចម្រៀង ឬហៅថា President of Playlists របស់ក្រុមហ៊ុន Spotify គឺថា «យ៉ាងហោចណាស់ត្រូវមានបទពិសោធន៍កាន់តំណែងខ្ពស់មួយនៅក្នុងប្រទេសណាមួយអស់រយៈពេល៨ឆ្នាំ» ហើយនិងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព គឺជា។ តំណែងនេះត្រូវគ្រប់គ្រងបញ្ជីបទចម្រៀង និងក្រុមការងាររបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក។
លក្ខខណ្ឌការងារដែលក្រុមហ៊ុន Spotify តម្រូវឲ្យមានសម្រាប់តំណែងនេះដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ មានដូចជា «ត្រូវយល់ដឹងអំពី Spotify និងមានបទពិសោធន៍រៀបចំបញ្ជីបទចម្រៀងនៅកម្រិតសហព័ន្ធជាដើម»។
លោក Daniel Ek ប្រធានក្រុមហ៊ុន Spotify បានសរសេរនៅលើ Twitter ទៅកាន់លោក អូបាម៉ា ថា៖ «ហេ អូបាម៉ា ខ្ញុំឮថាលោកចាប់អារម្មណ៍ការងារនៅ Spotify។ លោកបានឃើញ ទ្វីតមួយនេះហើយឬនៅ?»
យោងតាមអ្នកស្រី Natalia Brzezinski អ្នកបង្កើតកម្មវិធីស្តាប់ចម្រៀង podcast និងជាភរិយារបស់អតីតឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅសហរដ្ឋអាមេរិក លោក អូបាម៉ា បានប្រាប់ដល់ស្វាមីរបស់លោកស្រីនៅឯសេតវិមានកាលពីសប្តាហ៍មុនថា «ខ្ញុំនៅកំពុងរង់ចាំការងារពីក្រុមហ៊ុន Spotify ព្រោះខ្ញុំដឹងថា អ្នកទាំងអស់គ្នាស្រឡាញ់បញ្ជីបទចម្រៀងរបស់ខ្ញុំ»៕