ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អន្តរ​កាល​ពី​​ការ​គ្រប់​គ្រង​​ផ្តាច់​ការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផ្តល់​មេរៀន​​សម្រាប់​មជ្ឈិម​បូព៌ា​​


និស្សិត​ឥណ្ឌូនេស៊ី​ដួល​ពេល​ប៉ូលីស​កុបកម្ម​សម្រុក​ពេល​មាន​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​​ដែល​ក្លាយ​ជា​អំពើ​ហិង្សា​​​​នៅ​ក្រៅ​របង​សាកល​វិទ្យា​ល័យ​​ Sahid នៅ​ទីក្រុង​ Jakarta ថ្ងៃ​ទី​២៩​មេសា​ ឆ្នាំ​១៩៩៨​។​ ការ​ពើប​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើង​ពេល​និស្សិត​ ឥណ្ឌូនេស៊ី
និស្សិត​ឥណ្ឌូនេស៊ី​ដួល​ពេល​ប៉ូលីស​កុបកម្ម​សម្រុក​ពេល​មាន​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​​ដែល​ក្លាយ​ជា​អំពើ​ហិង្សា​​​​នៅ​ក្រៅ​របង​សាកល​វិទ្យា​ល័យ​​ Sahid នៅ​ទីក្រុង​ Jakarta ថ្ងៃ​ទី​២៩​មេសា​ ឆ្នាំ​១៩៩៨​។​ ការ​ពើប​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើង​ពេល​និស្សិត​ ឥណ្ឌូនេស៊ី

បាងកក៖ ខណៈ​ដែល​ប្រជាពលរដ្ឋនៅ​តំបន់​មជ្ឈិម​បូព៌ា តវ៉ាដើម្បី​សេរីភាព និងលទ្ធិ​ប្រជាធិបតេយ្យ មនុស្ស​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី ត្រូវ​បាន​រំឭក​ឡើង​វិញ​អំពី​ការ​តស៊ូ​របស់ពួក​គេ ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់​ការ​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​១៩៩០។

នៅ​ពេល​ដែលលោក​ប្រធានាធិបតី​អេហ្ស៊ីប ហូស្នី​ មូបារ៉ាក់ បាន​លា​លែង​ចេញ​ពី​តំណែង បន្ទាប់​ការ​តវ៉ា​អស់​ជា​ច្រើន​សប្តាហ៍​នៅ​ទី​ក្រុង​ឡឺគែរ លោក​ប្រធានាធិបតី​ហ្វីលីពីន បេនីញ៉ូ អាគីណូ ទី៣ (Benigno Aquino III) បាន​ប្រកាស​ភ្លាមៗ​អំពី​ចំណង​សាមគ្គីភាព​របស់​ប្រទេស​នេះ ជា​មួយប្រជាពលរដ្ឋ​អេហ្ស៊ីប។

ម្តាយ​របស់​លោក គឺ​អតីត​ប្រធានាធិតី ខូរ៉ាហ្សូន អាគីណូ (Corazon Aquino) ដែល​បាន​ទទួល​មរណភាព​ហើយ​នោះ គឺ​ជា​ឥស្សរៈជនដ៏​សំខាន់​នៅ​ក្នុង​បដិវត្តន៍​ដែលត្រូវ​បាន​ស្គាល់​ថា «អំណាច​ប្រជាពលរដ្ឋ» កាល​ពី​២៥​ឆ្នាំ​មុន ដែល​បាន​បញ្ចប់​របប​ដឹក​នាំ​រយៈ​ពេល​២០​ឆ្នាំរបស់​លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos)។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ប្រជា​ពលរដ្ឋ​ហ្វីលីពីន​រាប់​សែន​នាក់ បាន​ចេញ​មក​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានីម៉ានីល និង​ដោយ​មាន​ក្រុម​អ្នក​ចុះ​ចូល​ពី​ខាង​យោធា​ផង បាន​បង្ខំ​ ​លោក​ម៉ាកូស និង​ក្រុម​គ្រួសារ​របស់​លោក​ឲ្យគេច​ខ្លួនទៅ​កាន់​សហរដ្ឋ​អាមេរិក។ សកម្មភាព​នេះ បាន​ជួយ​ជំរុញ​ឲ្យ​មានចលនា​ស្រដៀង​គ្នា​នេះ​ដែរ និង​ការ​ផ្លាស់​ប្តូរ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ ថៃ និង​ឥណ្ឌូនេស៊ី។

ប៉ុន្តែ ដូច​ដែល​ប្រជាពលរដ្ឋ​ហ្វីលីពីនបង្ហាញ​អញ្ចឹង ការ​បណ្តេញ​ជន​ផ្តាច់​ការ​ចេញពីតំណែង​គឺ​ជារឿង​មួយ តែ​ការ​ផ្លាស់​ប្តូរ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ជា​រឿងមួយ​ផ្សេង​ទៀត។ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​ការ​ផ្តួលរលំ​លោក​ម៉ាកូស ប្រទេស​មាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង។ សមាជិក​យោធា ដែល​មានតួ​នាទី​សំខាន់​ក្នុងនយោបាយ​ លែង​សប្បាយ​ចិត្ត។

លោក ​ស្ទេវិន រូដ (Steven Rood) ជា​អ្នក​តំណាង​របស់​មូល​និធិអាស៊ីប្រចាំ​នៅ​ហ្វីលីពីន ដែល​គាំ​ទ្រ​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​ការ​ផ្តួច​ផ្តើម​គំនិតខាង​អភិបាល​កិច្ច។ លោក​មាន​ប្រសាសន៍​ថា៖

«មាន​ការ​ប៉ុង​ប៉ង​ធ្វើ​រដ្ឋ​ប្រហារមួយ​ចំនួន ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​ស៊ីវិល និង​យោធា ត្រូវ​ការ​ការ​រៀប​ចំ​ថ្មី​មួយ ដែល​ជា​ផ្នែក​មួយ​នៃ​មជ្ឈដ្ឋាន​អំណាច​ផ្ទៃ​ក្នុង​នៅ​ក្រោម​ជន​ផ្តាច់​ការ។ បើ​ទោះ​ជា​យោធាមាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បណ្តេញ​រូប​លោក​ចេញ​ពី​តំណែងក៏​ដោយ នោះ​មិន​មែន​មាន​ន័យ​ថា ពួក​គេពេញ​ចិត្ត​ជា​មួយ​នឹង​ការ​បែង​ចែក​អំណាច​ថ្មី​នោះ​ទេ»។

យោធា​អេហ្ស៊ីប ដែល​បាន​ជួយ​ដាក់​សម្ពាធទៅ​លើលោក​មូបារ៉ាក់ឲ្យ​ចុះ​ចេញ​ពី​តំណែង ពេល​នេះ​កំពុង​ទទួល​ខុស​ត្រូវ​លើ​ប្រទេស​នេះ រហូត​ដល់ការ​បោះ​ឆ្នោត​ត្រូវបាន​រៀប​ចំ​ឡើង ក្នុង​រយៈ​ពេល​៦​ខែ​ទៀត។

តួនាទីរបស់យោធា​ក៏​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរនៅ​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពីលោកអតីត​ប្រធានាធិបតី ស៊ូហាតូ ធ្លាក់​ពីតំណែង​កាល​ពី​ឆ្នាំ​១៩៩៨។ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​ បាន​ទស្សទាយ​ន៍ថា បើ​គ្មាន​លោក​ស៊ូហាតូ កាន់​អំណាច​ទេ ប្រទេស​ធំ​ជាង​គេ​បំផុតនៅ​អាស៊ី​អាគ្នេយ៍មួយនេះ នឹងធ្លាក់ចូលទៅក្នុងអំពើហិង្សាខាងនិកាយសាសនា និងចលនាបំបែករដ្ឋ ហើយក្រុមយោធានឹងដណ្តើមអំណាចជាក់ជាពុំខាន។ នៅ​ឥណ្ឌូនេស៊ី យោធាគឺ​ជា​កម្លាំង​សន្តិ​សុខ​ផង និង​កម្លាំង​នយោបាយ​ផង ដោយ​ធានា​បាន​នូវ​អាសនៈក្នុង​រដ្ឋសភា។

រឿង​នោះមិន​បាន​កើត​ឡើង​ទេ។ យោធា​នៅ​ឥណ្ឌូនេស៊ី មាន​លទ្ធភាពសម្រប​ទៅ​តាម​បែប​បទនៃ​ការ​ផ្លាស់​ប្តូរ​នយោបាយ។ ​លោក​ លីអូណាត សេបាស្ទៀន (Leonard Sebastian) ជា​អ្នក​សម្រប​សម្រួល​នៃ​កម្ម​វិធី​នៅ​ឥណ្ឌូនេស៊ី ក្នុង​សាលា​រ៉ាចារ៉ាត​ណាម (Rajaratnam School) ​សិក្សា​ពី​កិច្ចការ​អន្តរជាតិនៅ​ប្រទេស​សឹង្ហបូរី។ លោក​សេបាស្ទៀន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​រំពឹង​ថា គុណ​សម្បត្តិ​នៅ​ពេល​នោះ គឺ​ថា យោធាត្រូវ​បែក​ខ្ញែក​គ្នា​ជា​ច្រើន​ភាគី ដូច្នេះ​ក្រុម​នេះមិន​បានប្រើអំណាច​ដ៏​លើស​លប់​របស់​ខ្លួន​ក្នុង​ការ​ដណ្តើម​អំណាច​នោះ​ឡើយ។ ហើយ​ក៏​មាន​សម្ពាធ​យ៉ាង​ច្រើនពី​សំណាក់​ប្រជាពលរដ្ឋ​សាមញ្ញ​ផង និង​ពី​សំណាក់​ឥទ្ធិពល​របស់​អន្តរជាតិ​ផង ដែល​រួម​មាន​ប្រទេស​ដូច​ជា​សហរដ្ឋអាមេរិក​ជា​ដើម ដើម្បី​កុំ​ឲ្យកង​ទ័ព​ដណ្តើម​អំណាច។ ខ្ញុំ​សូម​និយាយ​ថា កត្តា​ទី​បី​នោះ​គឺការ​ងើប​ឡើង​វិញ​នូវក្រុម​មន្ត្រី​កំណែ​ទម្រង់ ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​កម្លាំង​ទ័ព​ចេញ​ពី​នយោបាយ និង​ជំរុញយ៉ាង​មាន​ប្រសិទ្ធិភាពឲ្យ​កង​ទ័ព​ឆ្ពោះ​ទៅ​រក​មាគ៌ា​ដែល​មាន​លក្ខណៈ​អាជីព​ជាង​មុន»។

លោកមាន​ប្រសាសន៍​ថា មន្រ្តី​យោធា​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​លោក​ប្រធានាធិបតីបច្ចុប្បន្ន ស៊ុស៊ីឡូ បាមបាំង យូដូយ៉ូណូ (Susilo Bambang Yudhoyono)។

លោករូដ ថ្លែង​ថា វា​ជា​ការ​សំខាន់​ក្នុង​ការ​ដាក់​ចេញ​នូវ​តួនាទី​ថ្មី​មួយ​សម្រាប់​យោធា បន្ទាប់​ពី​បដិវត្តន៍​បែប​នោះ ដើម្បី​អនុញ្ញាតឲ្យថ្នាក់​ដឹក​នាំ​ស៊ីវិលកាន់​អំណាច​បន្ត។ លោក​រូដ​មាន​ប្រសាសន៍​ថា៖

«ការ​ធ្វើ​បែប​នោះ ជា​ប្រតិបត្តិ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​យ៉ាង​ប៉ិន​ប្រសប់​បំផុត ហើយប្រទេស​ហ្វីលីពីន​ បាន​ចំណាយ​ពេលមួយ​ទសវត្សរ៍ ដើម្បី​សម្រេច​គោល​ដៅ​នោះ​ បើ​ទោះ​ជា​ខ្ញុំ​គិត​ថា នោះ​ជា​ទី​ដៅ​ដែលពួក​គេកំពុងស្ថិត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»។

នៅ​ប្រទេស​ឥណ្ឌូនេស៊ី លោក​សេបាស្ទៀន និយាយ​ថា អង្គការ​អ៊ី​ស្លាម​យ៉ាង​ធំ​បំផុតរបស់​ប្រទេស​នេះ គឺ ណាដឡាទុល អ៊ូឡាម៉ា (Nahdlatul Ulama) និង​មូហាម្មាឌីយ៉ះ (Muhammadiyah) ដែលមាន​សមាជិក​រាប់​លាន​នាក់ ក៏​បាន​ដើរ​តួនាទី​ដ៏​សំខាន់ក្នុង​ការ​លើក​កម្ពស់​លទិ្ធ​ប្រជា​ធិប​តេយ្យដែរ។ លោក​បាស្ទៀន​និយាយ​ថា៖

«ពួក​គេ​បាន​តាំង​ចិត្ត​ឆ្ពោះ​ទៅ​រកភាព​និយម​កណ្តាល អត់​ឱន និងការ​រួបរួម​គ្នា។ ពួក​គេ​ស្វែងរកការរួមចំណែក​ឆ្ពោះទៅរកការពិភាក្សា។ ប្រទីប​នាំមុខគេ ដែលស្ថិតក្នុងចំណោមស្ថាប័ន​ទាំងពីរ​នេះ មានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងសង្គមស៊ីវិល ដែលបាន​ចាក់​ឫស​ជា​ពិសេស​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដើម្បី​ជំរុញឲ្យ​មាន​ប្រជាធិបតេយ្យ​ភាវូបនីយកម្មជាងមុន»។ អ្វីដែល​អង្គការ​ភាតរៈភាព​មូស្លីម (Muslim Brotherhood) នៅ​អេហ្ស៊ីប ដើរ​តួនាទី​ក្នុង​សម័យ​អន្តរកាល នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។​ អង្គការ​នេះ ជា​កម្លាំង​ប្រឆាំង​ដ៏សំខាន់ នៅ​ទី​នោះ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន មិន​បាន​កម្ចាត់​ចោល​ជម្ងឺ​ទាំង​អស់ ដែល​យាយី​រដ្ឋាភិបាល​ផ្តាច់​ការ​ដ៏​ចំណាស់​ ដូច​ជាអំពើ​ពុក​រលួយ និង​ភាព​ក្រីក្រនេះ​ទេ។

អ្នក​វិភាគ​នយោបាយជា​ច្រើន ចាត់​ទុក​ឥណ្ឌូនេស៊ី ថា​ មាន​លទ្ធិប្រជាធិបតេយ្យ​ប្រកប​ដោយស្ថិរ​ភាពជាង​ហ្វីលីពីន។ ឥណ្ឌូនេស៊ី បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំនួន​បី​ដង ដែល​មាន​ចំនួន​អ្នក​បោះ​ឆ្នោត​យ៉ាង​ច្រើន ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ម៉្លេះ ហើយ​បើ​ទោះ​ជាការ​វាយ​ប្រហារដោយ​ភេរវកម្មជា​ច្រើន និង​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ខាង​និកាយ​សាសនា​ក៏ដោយ សេដ្ឋកិច្ចរបស់​ប្រទេសបាន​រីក​លូត​លាស់។

តែ​ទោះ​យ៉ាង​ណា ហ្វីលីពីន​ មាន​ប្រវត្តិ​មិន​សូវ​ល្អ។ ក្នុង​ឆ្នាំ​២០០១ ប្រធានាធិបតីម្នាក់​ទៀត ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មុខ​តំណែង ​ដោយ​ការ​តវ៉ាមហាជនយ៉ាង​ច្រើន​ ស្តីពី​ការ​ចោទ​ប្រកាន់ចំពោះអំពើ​ពុក​រលួយ ​យោធាធ្វើ​ការ​បះ​បោរ​ក្នុង​ឆ្នាំ​២០០៣ ហើយអំពើ​ពុក​រលួយ​ដ៏​រាល​ដាលនេះបាន​ធ្វើ​ឲ្យ​អាប់​អួរ​ដល់ការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតីក្នុង​ឆ្នាំ​២០០៤។ ​សេដ្ឋកិច្ច​ ​បាន​ចុះ​ខ្សោយ។

លោក​រូដ មាន​ប្រសាសន៍ថា ប្រជាពលរដ្ឋ​ហ្វ៊ីលីពីន ​រំពឹង​ទុកលើស​ពីអ្វី​ដែល​ពួក​គេ​បាន​ទទួល​ក្រោយ​ឆ្នាំ​១៩៨៦ទៅ​ទៀត។ លោក​ រូដ បន្ត​ថា៖

«ដោយ​សារ​តែ​ពួក​គេ​ផ្តោត​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួនទៅ​លើ​មនុស្ស​ម្នាក់ ការកំចាត់​ចោលមនុស្ស​តែ​ម្នាក់​នោះ នាំ​ឲ្យ​ពួក​គេ​គិត​ថា អ្វី​ៗ​ទាំង​អស់នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​ភ្លាមៗមួយ​រំពេច។ ហើយ​ជា​ការ​ពិត​ណាស់ នៅ​ពេលអ្វីៗទាំង​អស់​នោះមិន​កើត​ឡើងដូច​ការ​រំពឹង​ទុក ការ​មិន​សប្បាយ​ចិត្តជា​ច្រើន​បាន​លេច​ឡើង»។

ការ​ផ្លាស់​ប្តូរមិនចាំបាច់មាន​ន័យ​ថា ​មនុស្ស​មុន​ៗនឹងចេញ​ទៅ​បាត់នោះ​ឡើយ។ រឿង​ក្តី​នៃ​អំពើពុក​រលួយ និងការរំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ទៀត​ ត្រូវ​បាន​ប្តឹងប្រឆាំង​នឹង​ក្រុម​គ្រួសាររបស់​លោក​ម៉ាកូស ដោយបាន​ទទួល​ជោគ​ជ័យ​តិច​តួច​ណាស់ក្នុង​ការយក​មក​វិញ​នូវប្រាក់​រាប់​ពាន់​លាន​ដុល្លារនៃ​ទ្រព្យ​សម្បត្តិដែល​ត្រូវបាន​ចោទ​ប្រកាន់​ថាបាន​លួច។ លោក​ម៉ាកូស បាន​ស្លាប់ក្នុងពេល​និរទេស​ខ្លួនក្នុង​ឆ្នាំ​១៩៨៩។ សព្វ​ថ្ងៃ​នេះ ​ភរិយា​របស់​លោក គឺលោក​ស្រី អ៊ី​ម៉េល​ដា កូន​ស្រី​ម្នាក់ និង​កូន​ប្រុស​ម្នាក់​របស់​លោក​បាន​កាន់​តំណែង​ដែល​ត្រូវ​បាន​ជ្រើស​តាំងដោយ​ការ​បោះ​ឆ្នោតនៅ​ហ្វីលីពីន។

លោក​ស៊ូហាតូ បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៨។ ក្រុម​គ្រួសារ​របស់​លោកបន្ត​គ្រប់​គ្រង​សហ​គ្រាស​ ពាណិជ្ជកម្ម​យ៉ាង​ធំ​សម្បើម។ មាន​ការ​បណ្តឹងប្រឆាំង​នឹង​កូន​ៗ​របស់​លោក​ ប៉ុន្តែ​គ្មាន​កូន​ណា​ម្នាក់របស់​លោកត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ពុក​រលួយ​នោះ​ឡើយ។ គណបក្ស​ហ្គោល​កា (Golkar) ដ៏​ចំណាស់​របស់​លោក​ស៊ូហាតូ​នៅ​តែ​ជា​ដើរ​តួនាទី​ដ៏​ចម្បងក្នុង​នយោបាយរបស់​ឥណ្ឌូនេស៊ី៕

ប្រែ​សម្រួល​ដោយ​លី​សុខឃាង

XS
SM
MD
LG