ប្រទេសកូរ៉េត្បូងកាលពីថ្ងៃពុធបានរាយការណ៍ពីការឆ្លងថ្មីចំនួន៥០០ករណីទៀត ខណៈដែលមន្ត្រីសុខាភិបាលនិយាយថា ចំនួនអ្នកឆ្លងមេរោគនេះចំនួន២.០០០នាក់នៅទីក្រុងដែលមានការផ្ទុះរាលដាលមេរោគ Covid-19 នេះធ្ងន់ធ្ងរជាងគេ កំពុងរង់ចាំយកកន្លែងទំនេរនៅមន្ទីរពេទ្យ។
កូរ៉េខាងត្បូងជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះច្រើនជាងគេក្រៅពីប្រទេសចិន ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងចំណាយថវិកា ១០ពាន់លានដុល្លារដើម្បីសម្ភារៈសុខាភិបាល និងវិធានការនានាដើម្បីទប់ទល់នឹងផលវិបាកសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃមេរោគនេះ។
ប្រទេសចិនបន្តរាយការណ៍ពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មី ដោយនៅថ្ងៃពុធមានករណីឆ្លងថ្មីត្រឹម១១៩ ករណី ដែលខុសឆ្ងាយពីការឆ្លងថ្មីរាប់ពាន់ក្នុងមួយៗ ដែលចិនបានរាយការណ៍ពីមុនៗ។
ការផ្តោតជាអន្តរជាតិទៅលើការទប់ស្កាត់ការរាលដាលមេរោគនេះ បានផ្តោតទៅលើប្រទេសដូចជាអ៊ីតាលីនិងអ៊ីរ៉ង់វិញ ដែលនៅទីនោះ គេមិនត្រឹមឃើញមានអ្នកឆ្លងវីរុស Covid-19 កើនឡើងប៉ុណ្ណោះទេ ប៉ុន្តែពលរដ្ឋប្រទេសនេះបានចម្លងបន្តដល់ប្រទេសផ្សេងទៀត។
អ៊ីតាលីកាលបានរាយការណ៍ពីស្លាប់កើនឡើងយ៉ាងគំហុក ដោយមានអ្នកស្លាប់ចំនួន៧៩កាលពីថ្ងៃអង្គារ ដែលជាចំនួនស្លាប់ច្រើនបំផុតនៅក្រៅប្រទេសចិន។ ប្រទេសឥណ្ឌា ដែលមានករណីឆ្លងទាក់ទងនឹងអ្នកទេសចរអ៊ីតាលីរាយការណ៍ក្នុងថ្ងៃពុធនេះថាខ្លួនមានអ្នកឆ្លងកើនដល់២៨នាក់។
ប្រទេសអ៊ីរ៉ាក់បានរាយការណ៍ពីករណីស្លាប់ដំបូងរបស់ខ្លួននៃអ្នកជំងឺ Covid-19 ដែលឆ្លងពីអ៊ីរ៉ង់។
នៅទូទាំងពិភពលោក វីរុសកូរ៉ូណាប្រភេទថ្មីនេះបានឆ្លងដល់មនុស្សជាង៩៣.០០០នាក់ និងសម្លាប់មនុស្សជាង៣.១០០នាក់ ដែលចំនួនភាគច្រើនស្ថិតនៅក្នុងប្រទេសចិន។
ប្រទេសដែលឆ្លងថ្មីនៅពេលនេះ រួមមាន ហ៊្សកដានី ម៉ារ៉ុក សេណេហ្គាល់ ព័រទុយហ្គាល់ និង អារ៉ាប៊ីសាអ៊ូឌីត។
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបានអំពាវនាវឲ្យមនុស្សនៅជុំវិញពិភពលោកឈប់ទិញស្តុកទុកម៉ាស់មុខនិងសម្ភារៈការពារផ្សេងទៀត ដោយទុកសម្ភារៈទាំងនេះសម្រាប់បុគ្គលិកសុខាភិបាលដែលត្រូវការចាំបាច់៕