រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសប្រាំពីរដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងប្រើគោលនយោបាយដើម្បីគាំទ្រសេដ្ឋកិច្ចសាកលដែលបានបង្ហាញសញ្ញានៃភាពទន់ខ្សោយដោយសារមេរោគវីរុសកូរ៉ូណាដែលបានរាលដាលដល់ប្រទេសយ៉ាងតិចណាស់៧០។
រដ្ឋមន្ត្រីទាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្រោយការប្រជុំគ្នាមួយតាមទូរទស្សន៍ពីចម្ងាយថា ពួកលោកកំពុង «ឃ្លាំមើលយ៉ាងដិតដល់» អំពី«ផលប៉ះពាល់នៃមេរោគវីរុសនេះទៅលើផ្សារនិងសេដ្ឋកិច្ច» ហើយថា ពួកលោកប្តេជ្ញាថានឹង «ប្រើវិធានការគោលនយោបាយសមរម្យទាំងអស់» ដើម្បីគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីទាំងនេះមិនបានលាតត្រដាងឱ្យដឹងអំពីវិធានការជាក់លាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសនេះនៅពេលមានកំណើនការរំពឹងថាពួកគេនឹងលាតត្រដាងឱ្យដឹងអំពីចំណាត់ការទាំងនេះ។ កិច្ចចរចានៃក្រុមប្រទេស G-7 មានឡើងនៅពេលដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានស្វះស្វែងសុំជំនួយដើម្បីផ្គត់ផ្គង់បរិក្ខារពេទ្យនិងជួយដល់វិស័យជំនួញតូចតាចដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមនុស្សឋិតនៅក្នុងផ្ទះ។
ប្រទេសកូរ៉េខាងត្បូងជាប្រទេសមួយក្នុងបណ្តាពួកប្រទេសមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅខាងក្រៅប្រទេសចិន ដោយបានរាយការណ៍អំពីតួលេខថ្មីបំផុតកាលពីថ្ងៃអង្គារថា មានករណីអ្នកជំងឺទាំងអស់ជិតប្រាំពាន់នាក់។
លោក Moon បានមានប្រសាសន៍ថា «ប្រទេសទាំងមូលបានធ្វើសង្គ្រាមប្រឆាំងនឹងជំងឺឆ្លងនេះ»។
នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងមួយទៀតដែលមេរោគវីរុសនេះបានរាលដាលទៅកាន់ប្រទេសឯទៀតៗ ពីព្រោះមនុស្សបានធ្វើដំណើរ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបានទៅដល់ប្រទេសនេះហើយ ដើម្បីជួយពួកអ្នកធ្វើការខាងថែរក្សាសុខភាពក្នុងមូលដ្ឋានឱ្យទប់ទល់នឹងការរាលដាលជំងឺនេះ។ ប្រទេសអង់គ្លេស បារាំងនិងប្រទេសអាល្លឺម៉ង់បានសន្យាថា នឹងបញ្ជូនបរិក្ខារពេទ្យទៅប្រទេសអ៊ីរ៉ង់។
ប្រទេសចិនបានឃើញការចុះថយនៃចំនួនករណីជំងឺនេះដោយរាយការណ៍ថា មានករណីថ្មីៗចំនួន ១២៥កាលពីថ្ងៃអង្គារ ដែលជាតួលេខទាបបំផុតក្នុងរយៈពេលពីរខែកន្លងទៅនេះ៕