ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សុខាភិបាល​សហរដ្ឋ​អាមេរិក​ថា ការ​ពាក់​ម៉ាស់​មិន​ប្រាកដ​ថា​អាច​ការពារ​ពី​ការ​ឆ្លង​មេរោគ COVID-19 នោះ​ទេ


រូបឯកសារ៖ បុគ្គលិកនៅហាងលក់សម្ភារៈពេទ្យមួយកន្លែង កំពុងរៀបចំម៉ាស់ប្រភេទ PFF-2 ខណៈមេរោគកូរ៉ូណាវីរុស ឬ COVID-19 កំពុងរាតត្បាតនៅជុំវិញពិភពលោក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីក្រុង Sao Paulo ប្រេស៊ីល។
រូបឯកសារ៖ បុគ្គលិកនៅហាងលក់សម្ភារៈពេទ្យមួយកន្លែង កំពុងរៀបចំម៉ាស់ប្រភេទ PFF-2 ខណៈមេរោគកូរ៉ូណាវីរុស ឬ COVID-19 កំពុងរាតត្បាតនៅជុំវិញពិភពលោក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីក្រុង Sao Paulo ប្រេស៊ីល។

ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​លោក Jerome Adams បាន​បញ្ជាក់​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​កុំ​ពាក់​ម៉ាស់​ដើម្បី​ការពារ​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19។

លោក Adams បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Fox & Friends‍» នៃ​ទូរទស្សន៍ Fox News ថា៖ «ហានិភ័យ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ការ​ឆ្លង​មេរោគ​នេះ​ គឺ​នៅ​ទាប​នៅ​ឡើយ។ ពលរដ្ឋ​អាច​ប្រើ​វិធី​ផ្សេង​ទៀត​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ។ ហើយ​មាន​រឿង​ផ្សេង​ទៀត​ដែល​ពួកគេ​មិន​គួរ​ធ្វើ ដែល​ក្នុង​នោះ​គឺ​ការ​ចេញ​ទៅ​ទិញ​ម៉ាស់​ការពារ‍​ជា​ដើម»។

លោក​បាន​និយាយ​ថា៖ «ការ​ពាក់​ម៉ាស់​មិន​បាន​ជួយ​អ្វី​ទេ។ មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា ការ​ពាក់​ម៉ាស់​អាច​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ការពារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ក្នុង​ចំណោម​សាធារណជន​នោះ​ទេ។ ហើយ​តាម​ពិត អ្នក​ដែល​ចង់​ទិញ​ម៉ាស់ មិន​ប្រាកដ​ថា​ចេះ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ»។

លោក Adams បាន​បញ្ជាក់​ថា អ្នក​ដែល​មិន​ដឹង​ពី​វិធី​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ អាច​ប៉ះពាល់​មុខ​មាត់​របស់​ខ្លួន ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​អាច​បង្កើន​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ‍។

លោក​បាន​បន្ត​ទៀត​ថា៖ «ពលរដ្ឋ​អាមេរិកាំង​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​ពួកគេ​គិត​ថា​ពួកគេ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច‍»។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​យល់​ថា មាន​វិធី​ផ្សេង​ទៀត​ដែល​យើង​អាច​ការពារ​ខ្លួន​បាន។ យើង​អាច​ឧស្សាហ៍​លាង​ដៃក្នុងម្តង​ពី ១៥ ទៅ ២០ វិនាទី​។ យើង​អាច​ខ្ទប់​មាត់​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ក៏​ដូចជា​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​និង​ស្នាក់នៅ​ក្នុង​ផ្ទះ​នៅ​ពេល​ឈឺ ឬ​ក៏​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដែល​ឈឺ ដែល​នេះ​គឺ​ជា​វិធី​សំខាន់​បំផុត​ដើម្បី​ការពារ​ពី​មេរោគ​កូរ៉ូណា​ថ្មី​នេះ​បាន‍»។

លោក Adams បាន​បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង​ប្រហែល ១ ម៉ឺន ៨ ពាន់​នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ បើ​ប្រៀប​ជាមួយ​នឹង​ចំនួន​អ្នក​ស្លាប់​ពីរ​នាក់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​បាន​លើក​ឡើង​ថា លោក​ជឿ​ថា មនុស្ស​ជា​ច្រើន​បន្ថែម​ទៀត​នឹង​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​ជាជាង​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​នៅ​ទូទាំង​ពិភពលោក មិន​ត្រឹមតែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ។

លោក Adams បាន​បន្ថែម​ថា ភាគ​ច្រើន​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​មាន​រោគ​សញ្ញា​ស្រាល​តែ​ប៉ុណ្ណោះ ដូច្នេះ​ពួកគេ​អាច​សម្រាក​នៅ​ផ្ទះ​ប៉ុន្មាន​ថ្ងៃ ពួកគេ​អាច​ធូរស្រាល​ឡើង​វិញ។

លោក​បាន​បន្ថែម​បញ្ចប់​ថា៖ «នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​ប្រយ័ត្នប្រយែង មិន​មែន​ត្រូវ​ភ័យ​ស្លន់ស្លោរ​នោះ​ទេ‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG