នៅពេលសហភាពអឺរ៉ុបប្រកាសអាសន្នកម្រិតខ្ពស់នៃមេរោគកូរ៉ូណា អង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ OECD ប្រចាំប្រទេសបារាំងបានទស្សន៍ទាយថាសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងតែ២.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដែលនេះជាកំណើនមានកម្រិតទាបបំផុតក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងទៅ។
អង្គការ នេះក៏បានបញ្ជាក់បន្ថែមថាកំណើននេះនឹងកាន់តែចុះខ្លាំងថែមទៀត បើមេរោគកូរ៉ូណាកាន់តែរាតត្បាតបន្ថែមទៀតនៅក្នុងតំបន់។ ក្នុងប្រទេសអាស៊ី អង្គការ OECD បាន ទស្សន៍ទាយចំពោះប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ ហើយជាកន្លែងផ្ទុះមេរោគកូរ៉ូណានេះថា នឹងរងការវាយប្រហារខ្លាំងជាងគេ ដោយសេដ្ឋកិច្ចកើនតែចំនួន ៤.៩ តែប៉ុណ្ណោះ ដែលនេះជាកំណើនទាបបំផុតក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយ។ ព័ត៌មាននេះមិនមែនជាដំណឹងល្អទេសម្រាប់សហភាពអឺរ៉ុប។
ប្លុកអឺរ៉ុបបានប្រកាស ថាមានករណីឆ្លងមេរោគកូរ៉ូណាដល់ទៅ២.១០០ នាក់មកដល់ពេលនេះ ដែលកើតឡើងក្នុងប្រទេសចំនួន១៨ ក្នុងចំណោមសហភាពអឺរ៉ុបដែលមាន២៧ប្រទេស ហើយបានសម្លាប់ពលរដ្ឋខ្លួនចំនួន៣៨នាក់។ នាយកគណៈកម្មាការអឺរ៉ុប Ursula von der Leyen បានថ្លែងថា ប្រទេសប៊ែលហ្ស៊ិកបានបង្កើតក្រុមសម្រាប់ឆ្លើយតបនឹងមេរោគកូរ៉ូណា ដែលបានធ្វើឲ្យតំបន់មានកម្រិតគ្រោះថ្នាក់ខ្ពស់។ តែស្នងការសហភាពអឺរ៉ុប ផ្នែកសេដ្ឋកិច្ច Paolo Gentiloni ថាវាជារឿងឆាប់ពេកក្នុងការវាយតម្លៃអំពីការប៉ះទង្គិច ដោយសារមេរោគកូរ៉ូណាសម្រាប់តំបន់ទូទៅ៕