ប្រទេសជប៉ុនបានបញ្ជាដកឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅប្រទេសកូរ៉េខាងត្បូងជាបណ្តោះអាសន្ន ដោយសារតែរូបសំណាកស្រ្តីបម្រើផ្លូវភេទមួយត្រូវបានដាក់នៅពីមុខស្ថានកុងស៊ុលជប៉ុនក្នុងទីក្រុងប៊ូសាន។
ស្ត្រីបម្រើផ្លូវភេទ ឬហៅថា «Comfort women» គឺជាពាក្យដ៏អាក្រក់សម្រាប់ស្ត្រីនៅទូទាំងតំបន់អាស៊ី ដែលត្រូវបានបង្ខំឲ្យបម្រើផ្លូវភេទដល់ទាហានជប៉ុន ក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២។
លោក Yoshihide Suga រដ្ឋមន្ត្រីប្រចាំប្រទេសជប៉ុនបានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ការដាក់រូបសំណាកនោះគឺជារឿងមួយដ៏គួរឲ្យ «សោកស្តាយជាខ្លាំង»។ លោកបាននិយាយបន្ថែមទៀតថា ជប៉ុនក៏បានផ្អាកការពិភាក្សាទៅលើសេដ្ឋកិច្ចជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងកិច្ចប្រជុំទៅលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណថ្មីផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងកូរ៉េខាងត្បូងបានឈានទៅដល់ការដោះស្រាយបញ្ហាស្ត្រីបម្រើផ្លូវភេទនេះកាលពីឆ្នាំ២០១៥ ដោយដំណោះស្រាយរួមមានទាំងការសរសេរលិខិតសុំអភ័យទោសពីនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងការសន្យាពីរដ្ឋាភិបាលក្រុងតូក្យូ ក្នុងការផ្តល់មូលនិធិរាប់លានដុល្លារដើម្បីគាំទ្រស្ត្រីបម្រើផ្លូវភេទដែលនៅរស់រានមានជីវិតផងដែរ។
ក្រុមសកម្មជនដែលប្រឆាំងនឹងដំណោះស្រាយនេះបានដាក់រូបសំណាកស្ត្រីបម្រើផ្លូវភេទនៅក្បែរស្ថានកុងស៊ុលជប៉ុនកាលពីចុងខែមុន។ រូបសំណាកស្រដៀងគ្នានេះដែរ ត្រូវបានដាក់នៅក្បែរស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនមានការសោកស្តាយជាខ្លាំង ដែលប្រទេសជប៉ុនបានចាត់វិធានការដកឯកអគ្គរាជទូតរបស់ខ្លួន។ ប្រទេសទាំងពីរគួរតែសហការគ្នា «ទោះជានៅពេលដែលមានបញ្ហាលំបាកក៏ដោយ»៕