លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានសន្យាថា នឹងដោះស្រាយបញ្ហាចម្រូងចម្រាស់ដ៏យូរអង្វែងនេះ ឲ្យបានចប់សព្វគ្រប់នៅមុនដំណាច់ឆ្នាំនេះ នៅពេលដែលអ្នកទាំងពីរ បានធ្វើកិច្ចប្រជុំកំពូលលើកទី១ ក្នុងទីក្រុងសេអ៊ូល កាលពីដើមខែវិច្ឆិកានេះ។
គោលជំហររបស់កូរ៉េខាងត្បូង ក្នុងការចចារនាពេលថ្មីនេះ នៅដដែល ដោយគ្មានការផ្លាស់ប្តូរអ្វីទេ។
អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងកាលពីថ្ងៃអង្គារទី១០ ខែវិច្ឆិកាថា ជប៉ុនជាអ្នកបង្កឲ្យមានបញ្ហានេះ ដូច្នេះជប៉ុនត្រូវតែដោះស្រាយបញ្ហានេះ ហើយថារដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវតែរកដំណោះស្រាយដែលជនរងគ្រោះ និងពលរដ្ឋកូរ៉េអាចទទួលយកបាន ។
លោក Abe ដែលមានផ្នត់គំនិតបែបអភិរក្សនិយម និងបានឡើងកាន់អំណាចនៅឆ្នាំ ២០១២នោះ បានលើកតំកើងស្ថានការណ៍យោធារបស់ជប៉ុននិងលើកតំកើងទស្សនៈជាតិនិយម ដែលជួនកាលប្រកាន់យកទស្សនៈកែប្រែប្រវត្តិសាស្ត្រ។ លោកនាយករដ្ឋមន្ត្រីនិងអ្នកគាំទ្ររបស់លោកមួយចំនួន រងការចោទប្រកាន់ពីបទព្យាយាមសម្រាលឬបដិសេធភាពសាហាវឃោឃៅរបស់ជប៉ុនក្នុងអំឡុងពេលសង្គ្រាមកាលពីអតីតកាល។
ទាក់ទងនឹងករណីបង្ខំឲ្យស្ត្រីកូរ៉េ ធ្វើជាទាសករផ្លូវភេទ ដើម្បីបម្រើដល់យោធាជប៉ុន នៅពេលដែលជប៉ុនគ្រប់គ្រងនៅអាស៊ី និងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២នោះ មេដឹកនាំជប៉ុនបានសម្តែងនូវការសោកស្តាយដោយមិនបានធ្វើការទទួលខុសត្រូវចំពោះការទង្វើរបស់ជប៉ុនកាលពីអតីតកាល។ អ្នកគាំទ្ររបស់លោក Abe មួយចំនួន បានបង្កឲ្យមានការខឹងសម្បារនៅក្នុងតំបន់អាស៊ី ព្រោះអ្នកគាំទ្រទាំងនោះបាននិយាយថា ស្ត្រីបំរើផ្លូវភេទជាច្រើន មិនត្រូវបានគេបង្ខំទេ ប៉ុន្តែចូលបំរើក្នុងវិស័យពេស្យាចារនេះ ដោយស្ម័គ្រចិត្តដើម្បីរកប្រាក់។
លោកស្រី Park ដែលជាប់ឆ្នោតជាប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០១៣នោះ បានធ្វើការបដិសេធកាលពីដើមខែវិច្ឆិកា មិនជួបជាមួយលោក Abe លុះត្រាតែលោកធ្វើការទោសដោយស្មោះ ហើយសងជម្ងឺចិត្តដល់ស្ត្រីទាសករផ្លូវភេទដែលរងគ្រោះទាំងនោះ។
នៅពេលដែលពួកគេចូលរួមក្នុងកិច្ចប្រជុំកំពូលទ្វេភាគីកាលពីដើមខែវិច្ឆិកានេះ ភាគីទាំងពីរបានយល់ព្រមចាត់ទុកការស្វែងរកដំណោះស្រាយបញ្ហានេះជាអាទិភាព ដែលបញ្ហានេះបានបង្កស្នាមប្រេះឆាដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលសុទ្ធតែជាប្រទេសមហាមិត្តរបស់អាមេរិកនៅតំបន់អាស៊ី។
គោលជំហរបស់ជប៉ុនគឺថា ប្រាក់សំណងសម្រាប់ពលរដ្ឋកូរ៉េដែលរងគ្រោះដោយការដាក់អាណានិគមរបស់ជប៉ុនគឺត្រូវបានដោះស្រាយរួចទៅហើយ ក្រោមសន្ធិសញ្ញាធ្វើឲ្យមានភាពប្រក្រតីរវាងកូរ៉េខាងត្បូងនិងជប៉ុនឆ្នាំ ១៩៦៥ ដែលរួមមានប្រាក់ជំនួយនិងប្រាក់កម្ចីពីរដ្ឋាភិបាលក្រុងតូក្យូទៅរដ្ឋាភិបាលក្រុងសេអ៊ូលចំនួន ៨០០លានដុល្លារសហរដ្ឋអាមេរិក។
ខណៈពេលដែលលោកនាយករដ្ឋមន្ត្រី Abe រក្សាសម្តីថា វាមិនយុត្តិធម៌នោះទេដែលទាមទារឲ្យលោកនិងអ្នកដទៃទៀតដែលកើតក្រោយសង្គ្រាមលោកលើកទី២ ធ្វើការសុំទោសនោះ លោកក៏បានសន្យាថានឹងគោរពតាមការសុំទោសរបស់អតីតមេដឹកនាំជប៉ុនរួមទាំងសេចក្តីថ្លែងការ Kono កាលពីឆ្នាំ ១៩៩៣ ដែលបង្ហាញពីការសុំទោសនិងការសោកស្តាយចំពោះស្ត្រីទាសករផ្លូវភេទដែលរងគ្រោះ។
អ្នកខ្លះនៅក្នុងប្រទេសជប៉ុនបានធ្វើការរិះគន់លោកស្រី Park ដែលមិនបានលើកឡើងឲ្យបានច្បាស់នូវអ្វីដែលលោកស្រីចង់ឲ្យលោក Abe និយាយ និងសំណងដែលរដ្ឋាភិបាលក្រុងតូក្យូត្រូវសងដើម្បីដោះស្រាយបញ្ហានេះ។
អ្នកចរចាររបស់ជប៉ុនត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការធានាថា រាល់ការផ្សះផ្សាណាមួយដែលត្រូវបានព្រមព្រៀងនោះ នឹងចាត់ទុកថាជាការបញ្ចប់រឿងនេះ និងមិនលើករឿងនេះមកប្រកែកតវ៉ាគ្នាឡើងវិញនៅឆ្នាំក្រោយៗទៀតនោះទេ។
ក៏មានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុនដែលថា រាល់ការផ្សះផ្សាណាមួយជាមួយកូរ៉េខាងត្បូងនឹងបើកទ្វាឲ្យមានការទាមទារសំណងពីសំណាក់បណ្តាប្រទេសនៅអាស៊ីដែលរងគ្រោះដោយសារប្រតិបត្តិការយោធារបស់ជប៉ុន។
ជៀសជាងផ្តល់សំណងជាផ្លូវការ មានរបាយការណ៍ខ្លះបានឲ្យដឹងថា ជប៉ុនថានឹងបង្កើតឬធ្វើការបរិច្ចាគដល់មូលនិធិក្រៅរដ្ឋាភិបាល ដើម្បីសងជំងឺចិត្តដល់ស្ត្រីទាសករផ្លូវភេទដែលរងគ្រោះ។
លោកស្រី Ahn Sun-mi គឺជានាយកក្រុមប្រឹក្សាកូរ៉េសម្រាប់ស្រ្តីទាសករផ្លូវភេទរងគ្រោះដល់យោធាជប៉ុននៅក្នុងសង្គ្រាមជប៉ុន ដែលជាក្រុមតំណាងឲ្យស្ត្រីរងគ្រោះដែលនៅរស់រានមានជីវិតនិងស្ថិតនៅក្នុងវ័យ ៨០និង៩០ឆ្នាំ។
លោកស្រីថ្លែងថា៖ «ក្រុមរបស់លោកស្រីនឹងច្រានចោលរាល់ការសុំសម្របសម្រួលដែលនឹងធ្វើឲ្យមានការដាក់កម្រិតទៅលើការទទួលស្គាល់ចំពោះការពាក់ព័ន្ធនិងទំនួលខុសត្រូវចំពោះអំពើដ៏ឃោឃៅរបស់ជប៉ុន ហើយមិនបានផ្តល់ការសុំទោសដោយផ្ទាល់និងស្មោះត្រង់ទៅដល់ជនរងគ្រោះ។
លោកស្រី Ahn Sun-mi ថ្លែងថា៖«ប្រសិនរដ្ឋាភិបាលជប៉ុនទទួលស្គាល់និងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិថាជា ឧក្រិដ្ឋកម្មខុសច្បាប់និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះ ត្រូវតែមានសំណងចំពោះការខូចខាតដើម្បីធ្វើជាភស្តុតាងបង្ហាញពីការសុំទោស»។
ប្រធានក្រុមប្រឹក្សានេះមិនបាននិយាយពីចំនួនប្រាក់សំណងដែលពួកគេនឹងពេញចិត្តនោះទេ។ តាមពិតទៅ លោកស្រីបានថ្លែងថា បើទោះបីជារដ្ឋាភិបាលជប៉ុនកាត់ដីជប៉ុនទាំងអស់ឲ្យពួកគេក៏ដោយ ក៏មិនអាចប៉ះប៉ូវនូវសេចក្តីឈឺចាប់ដែលពួកគេបានជួបប្រទះបានដែរ។
លោក Daneil Pinkston អ្នកវិភាគតំបន់អាស៊ីភាគឦសាន និងជាអ្នកស្រាវជ្រាវគោចរនៅឯមជ្ឈមណ្ឌលសិក្សាពីជម្លោះនៃសកលវិទ្យាល័យ Babes-Bolyai ក្នុងប្រទេស រ៉ូម៉ានី បានថ្លែងថា អ្នកគាំទ្រជាតិនិយមរបស់លោក Abe និងអ្នកគាំទ្ររបស់លោកស្រី Park បានប្រើជម្លោះប្រវត្តិសាស្ត្រ ទៅជាការបង្វៀងនយោបាយ ដោយប្រើប្រាស់កំហឹងរបស់សាធារណជន ដើម្បីទទួលបានការគាំទ្រផ្នែកនយោបាយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ លោកថ្លែងថា មេដឹកនាំទាំងពីរត្រូវតែធ្វើទង្វើដ៏ត្រឹមត្រូវមួយ ដោយផ្អែកលើតម្លៃនៃលទិ្ធប្រជាធិបតេយ្យនិងតម្លៃសិទ្ធិមនុស្សរួម ហើយត្រូវច្រានចោលរាល់សម្លេងភាគតិចដែលចង់បន្តជម្លោះនេះ។
លោក Pinkston ថ្លែងថា៖«ពេលខ្លះ ហើយនឹងក្នុងករណីខ្លះ ខ្ញុំគិតថាថ្នាក់ដឹកនាំទាំងនៅក្នុងប្រទេសជប៉ុននិងទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវតែក្រោកឈរឡើងប្រឈមមុខនឹងក្រុមជ្រុលនិយមនៃពួកជាតិនិយម ដែលមិនបានតំណាងនូវទស្សនៈរបស់មតិភាគច្រើនទៅលើបញ្ហានេះ»។
ប្រទេសទាំងពីរបានធ្វើកិច្ចពិភាក្សាជាមួយគ្នាជាផ្លូវការចំនួន៩ដង នៅពីរឆ្នាំចុងក្រោយនេះ ប៉ុន្តែពុំទទួលបានដំណោះស្រាយអ្វីជុំវិញបញ្ហាស្រ្តីទាសករផ្លូវភេទនេះនោះទេ។ ប៉ុន្តែ ការតាំងចិត្តរបស់លោកស្រី Park និងលោក Abe នាពេលថ្មីៗ ដើម្បីបញ្ចប់ជម្លោះនេះត្រឹមចុងឆ្នាំនេះ បានធ្វើឲ្យអ្នកចចារមានភាពទាន់ហន់ឡើងវិញ។
មានការប្រមើលមើលថា លោកស្រី Park និងលោក Abe អាចនឹងជួបគ្នាម្តងទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលមេដឹកនាំទាំងពីរគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃតំបន់ប៉ាស៊ីហ្វិកនៅក្នុងប្រទេសហ្វីលីពីន និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា