កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិចារណាលើការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយដែលត្រូវបានស្នើឡើង បន្ទាប់ពីប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានធ្វើឲ្យតំបន់នេះនិងតំបន់ផ្សេងទៀតបារម្ភ ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីការពារគ្នាទៅវិញទៅមកនៅក្នុងករណីមានសង្គ្រាម។
ការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញផ្សាយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ដែលអ្នកសង្កេតការណ៍បាននិយាយថាអាចសម្គាល់ទំនាក់ទំនងដ៏រឹងមាំបំផុតរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ការណ៍នេះកើតឡើងនៅពេលដែលរុស្ស៊ីប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំងឡើងជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយប្រទេសទាំងពីរប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងជាមួយលោកខាងលិច។
យោងតាមអត្ថបទនៃកិច្ចព្រមព្រៀងដែលបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង ឲ្យដឹងថាប្រសិនបើប្រទេសណាមួយត្រូវបានឈ្លានពាន និងត្រូវបានរុញចូលទៅក្នុងស្ថានភាពនៃសង្រ្គាម ប្រទេសមួយទៀតត្រូវតែដាក់ពង្រាយ «តាមគ្រប់មធ្យោបាយទាំងអស់ដើម្បីប្រើប្រាស់ដោយមិនបង្អង់យូរ» ដើម្បីផ្តល់ «កម្លាំងយោធា និងជំនួយផ្សេងៗទៀត» ប៉ុន្តែកិច្ចព្រមព្រៀងក៏និយាយដែរថា សកម្មភាពបែបនេះត្រូវតែអនុលោមតាមច្បាប់ប្រទេសទាំងពីរ និងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទទួលស្គាល់សិទ្ធិការពារខ្លួនរបស់រដ្ឋសមាជិកអង្គការសហប្រជាជាតិ។
ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកិច្ចព្រមព្រៀងនោះដោយហៅថាជាការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងត្បូង និងការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានព្រមានថារឿងនេះនឹងមានផលវិបាកអវិជ្ជមានលើទំនាក់ទំនងរបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងម៉ូស្គូ៕
វេទិកាបញ្ចេញមតិ