យោធាកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃសុក្រថាខ្លួនបានបញ្ជាឱ្យយន្តហោះចម្បាំងរបស់ខ្លួនធ្វើប្រតិបត្តិការបន្ទាន់ ពេលយន្តហោះយោធាចិន ៥ គ្រឿងនិងយន្តហោះយោធារុស្ស៊ី ៦ គ្រឿងបានហោះកាត់តាមតំបន់ការពារដែនអាកាសរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
យន្តហោះយោធារបស់ចិនទាំង ៥ គ្រឿងនិងរបស់រុស្ស៊ីទាំង ៦ គ្រឿងនេះបានចូលនិងចេញពីតំបន់កំណត់ដែនការពារអាកាសរបស់កូរ៉េខាងត្បូង (KADIZ) នៅសមុទ្រខាងកើត (East Sea) និងសមុទ្រខាងត្បូង (South Sea) ពីម៉ោង ៩:៣៥ នាទីព្រឹកដល់ម៉ោង ១:៥៣ នាទីរសៀលកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូង។
ប៉ុន្តែសេចក្តីថ្លែងការណ៍ដដែលបានរៀបរាប់ថា យន្តយោះទាំងនោះបានឆ្លងចូលតំបន់កំណត់ដែនការពារអាកាសរបស់កូរ៉េខាងត្បូង «ដោយមិនបានរំលោភចូលដែនអាកាសរបស់កូរ៉េខាងត្បូងទេ»។ សេចក្តីថ្លែងការណ៍នេះបានបន្តថា យោធាកូរ៉េខាងត្បូង «បានកំណត់អត្តសញ្ញាណយន្តហោះនោះមុនពេលវាចូលក្នុងតំបន់ KADIZ ហើយបានបញ្ចេញយន្តហោះចម្បាំងរបស់កងទ័ពជើងអាកាសទៅចាត់វិធានការបែបយុទ្ធវិធីដើម្បីត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាសន្នណាមួយ»។
តំបន់កំណត់ដែនការពារអាកាសគឺជាតំបន់ធំជាងដែនអាកាសរបស់ប្រទេសមួយ ដែលប្រទេសនោះ ព្យាយាមគ្រប់គ្រងការហោះហើររបស់យន្តហោះផ្សេងៗដោយសារមូលហេតុសន្តិសុខ តែគោលគំនិតកំណត់ដែនការពារអាកាសនេះមិនបានកំណត់ក្នុងសន្ធិសញ្ញាអន្តរជាតិណាមួយទេ។
ក្រសួងការពារជាតិចិនបានចាត់ទុកការហោះហើរនោះថាជា «ការល្បាតយុទ្ធសាស្ត្ររួមគ្នាលើកទី ៩ របស់ខ្លួនជាមួយរុស្ស៊ី» ដែលបានធ្វើឡើងលើសមុទ្រជប៉ុន (Sear of Japan) ដែលនៅកូរ៉េខាងត្បូងគេហៅថាសមុទ្រខាងកើត (East Sea)។
ក្រសួងការពារជាតិចិនបានបន្ថែមតាមសារបង្ហោះលើទំព័របណ្តាញសង្គមអនឡាញផ្លូវការរបស់ខ្លួនថាការហោះហើរនោះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ «ទៅតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាចិននិងយោធារុស្ស៊ី»៕
វេទិកាបញ្ចេញមតិ