ពួកគេក៏បានព្យាករណ៍ទុកផងដែរថា សហរដ្ឋអាមេរិកអាចឈានមួយជំហានទៅមុខទៀត និងចាប់ផ្ដើមមិនយល់ស្របជាមួយនឹងក្បួនច្បាប់មួយចំនួនរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលសហរដ្ឋអាមេរិកចាត់ទុកថាមានទំនោរជ្រុលទៅរករដ្ឋាភិបាលចិន។
លោក Charles W. Boustany Jr. ដែលជាសមាជិកសភាសហរដ្ឋអាមេរិកចូលនិវត្តន៍ និងជាទីប្រឹក្សាមកពីអង្គការ National Bureau of Asian Research ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «កិច្ចពិភាក្សាសេដ្ឋកិច្ចទូលំទូលាយរវាងសហរដ្ឋអាមេរិក និងចិននេះ ទំនងជាមិនទទួលបានលទ្ធផលច្រើននោះទេ។ ការចរចានានាត្រូវបានជាប់គាំង។ ខ្ញុំជឿជាក់ថា រដ្ឋបាលរបស់លោក Trump មានគោលបំណងយកពន្ធលើទំនិញនាំចេញនាំចូល និងមានគោលបំណងដាក់កំហិតផ្សេងៗទៀតលើការនាំចូលដែកថែបពីប្រទេសចិន»។
យន្តការកិច្ចពិភាក្សានេះត្រូវបានបង្កើតឡើងកាលពីខែមេសាកន្លងទៅនេះ បន្ទាប់ពីមានកិច្ចពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ដែលបានធ្វើឡើងក្នុងគោលបំណងដោះស្រាយចំណុចជាប់គាំងពីមុនៗ ដែលក្នុងនោះមានដូចជា បញ្ហាអតុល្យភាពពាណិជ្ជកម្មដ៏ធំក្នុងទឹកប្រាក់ចំនួន ៣៤៧ ពាន់លានដុល្លារអាមេរិក ដែលផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាលចិនជាដើម។ ប៉ុន្តែ ជំនួបលើកទីមួយ ដែលសហការរៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross និងឧបនាយករដ្ឋមន្ត្រីចិនលោក Wang Yang គ្រាន់តែជួយបង្ហាញឲ្យឃើញអំពីភាពខ្វែងគំនិតគ្នារវាងភាគីទាំងពីរតែប៉ុណ្ណោះ។
ចំណុចចម្បងនៃភាពខ្វែងគំនិតគ្នាទាំងនេះ គឺការនាំចេញដែកថែបរបស់ចិន និងឱនភាពពាណិជ្ជកម្មទ្រង់ទ្រាយធំ។ សហរដ្ឋអាមេរិកគិតថា ការនាំចេញដែកថែបក្នុងតម្លៃទាបរបស់ចិននេះ បានបណ្ដាលឲ្យបាត់បង់ការងារ ដែលទស្សនៈនេះត្រូវបានលើកឡើងជាទូទៅនៅក្នុងទ្វីបអឺរ៉ុប។
លោក Charles W. Boustany Jr. បាននិយាយថា រដ្ឋបាលលោក Trump អាចដាក់ការត្រួតពិនិត្យលើការនាំចូលដែកថែប ដោយសំអាងលើហេតុផលសន្តិសុខជាតិ។ អ្នកជំនាញជាច្រើនទៀតក៏បានលើកឡើងពីទស្សនៈស្រដៀងគ្នានេះដែរ។
លោក Scott Kennedy អនុប្រធានគម្រោង Feeman Chair in China Studies នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «ខ្ញុំរំពឹងថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ រដ្ឋបាលរបស់លោក Trump នឹងដាក់ពិន័យលើការនាំចូលដែកថែបពីប្រទេសចិន និងប្រហែលជាដាក់ពិន័យលើប្រទេសមួយចំនួនតូចទៀត ដោយសំអាងលើហេតុផលសន្តិសុខជាតិ»។
ការបដិសេធចំពោះក្បួនច្បាប់នានារបស់អង្គការពាណិជ្ជកម្មពិភពលោក
លោក Scott Kennedy បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចធ្វើលើសពីនេះទៀត និងចាប់ផ្ដើមពិនិត្យឡើងវិញអំពីការប្ដេជ្ញារបស់ខ្លួនចំពោះក្បួនច្បាប់មួយចំនួនរបស់អង្គការពាណិជ្ជកម្មពិភពលោក។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ក្នុងអំឡុងពេល ៥ ឆ្នាំ កន្លងទៅនេះ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន កម្រិតនៃការច្នៃប្រឌិតថ្មីរបស់រដ្ឋាភិបាលនៅក្នុងផ្នែកឧស្សាហកម្មផ្សេងៗគ្នា និងការគាំទ្របច្ចេកវិទ្យាជាន់ខ្ពស់ដែលមានការរើសអើង បានបណ្ដាលឲ្យមានគម្លាតកាន់តែធំរវាងការធ្វើពាណិជ្ជកម្មរបស់ចិន និងការប្ដេជ្ញារបស់ចិនចំពោះអង្គការពាណិជ្ជកម្មពិភពលោក។ ហើយដោយសារតែប្រទេសចិនមានទំហំធំ ករណីនេះក៏ជះឥទ្ធិពលខ្លាំងក្លាដល់សេដ្ឋកិច្ចសាកលលោកផងដែរ ដែលរួមមានទាំងការជះឥទ្ធិពលដល់សហរដ្ឋអាមេរិក និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកផងដែរ»។
លោកក៏បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ករណីនេះបានបង្កើតឲ្យមានការខ្វាយខ្វល់ និងចម្ងល់នៅក្នុងសហរដ្ឋអាមេរិកអំពីក្បួនច្បាប់នានារបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយថាតើក្បួនច្បាប់ទាំងនោះមានលក្ខណៈល្អគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់ចិន ឬក៏យ៉ាងណានោះ»។
បន្ទាប់ពីកិច្ចពិភាក្សានោះបានបញ្ចប់ទៅ លោកឧបនាយករដ្ឋមន្ត្រីចិន Wang Yang បាននិយាយថា ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោកទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការជាមួយគ្នា និងបានក្រើនរំឭកថា «ការប្រឈមមុខដាក់គ្នាណាមួយនឹងធ្វើឲ្យខូចប្រយោជន៍ភ្លាមៗដល់ភាគីទាំងពីរ»។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានស្ដីបន្ទោសថា គម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺបណ្ដាលមកពី «ការអន្តរាគមន៍របស់រដ្ឋាភិបាលចិននៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន»។
ការភ្ញាក់ផ្អើលរបស់លោក Trump
លោក Sourabh Gupta មកពីវិទ្យាស្ថានសិក្សាទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «រដ្ឋាភិបាលចិនចង់ឲ្យលោក Trump និងក្រុមរបស់លោក ត្រឡប់មកកាន់កិច្ចពិភាក្សាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យដូចទៅនឹងកិច្ចពិភាក្សាដែលធ្លាប់ធ្វើពីមុនមក នៅក្នុងសម័យលោក Obama ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ សូម្បីតែអតីតលោកប្រធានាធិបតី Bush ក៏ធ្វើដូចគ្នានេះដែរ។ លោក Trump មានទស្សនៈជ្រុលនិយមខ្លាំងលើបញ្ហាពាណិជ្ជកម្ម ហើយចិនគ្រាន់តែចង់បាននូវទម្រង់មួយទម្រង់ដែលអាចធ្វើការជាមួយបាន ដែលទម្រង់នោះផ្ដោតលើលទ្ធផល និងអាចផ្ដល់លទ្ធផលល្អ»។
លោក Paul T. Haenle ប្រធានមជ្ឈមណ្ឌល Carnegie-Tsinghua សម្រាប់ការសិក្សាពីគោលនយោបាយសាកលលោក បាននិយាយថា វិធីសាស្ត្ររបស់លោក Trump ចំពោះបញ្ហាពាណិជ្ជកម្មបានធ្វើឲ្យប៉ះពាល់ទាំងស្រុងដល់ដំណើរការគម្រោងសេដ្ឋកិច្ចរយៈពេលវែងរបស់ចិន។ សញ្ញានៃការកើនឡើងនូវទស្សនៈគាំពារនិយមចំពោះផលិតផលក្នុងប្រទេសនៅក្នុងទ្វីបអឺរ៉ុប មិនបានជួយជ្រោមជ្រែងដល់រដ្ឋាភិបាលក្រុងប៉េកាំងនោះទេ ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ភាគីចិនមានការភ្ញាក់ផ្អើលបន្តិចបន្តួចតែប៉ុណ្ណោះចំពោះគោលនយោបាយតឹងរ៉ឹងរបស់រដ្ឋបាលលោក Trump ជាពិសេសចំពោះគោលនយោបាយអាទិភាពមួយចំនួនរបស់សេតវិមាន ដូចជាគោលនយោបាយលើពាណិជ្ជកម្មដែកថែប និងគោលនយោបាយលើប្រទេសកូរ៉េខាងជើងជាដើម»។
នាពេលថ្មីៗនេះ ប្រទេសចិនបានចាប់ផ្ដើមនាំចូលសាច់គោពីសហរដ្ឋអាមេរិក និងបានចាត់វិធានការផ្សេងទៀតដើម្បីធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្ងប់ចិត្ត។ ប៉ុន្តែ វិធានការទាំងនេះនៅតែមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យរដ្ឋបាលលោក Trump ស្ងប់ចិត្តនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Paul T. Haenle។
លោកបានបន្ថែមថា៖ «រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដឹងច្បាស់ជាងមុនថា កិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលចិននៅមានកម្រិត ជាពិសេសនៅក្នុងដំណាក់កាលជិតឈានដល់ការធ្វើសមាជគណបក្សកុម្មុយនិស្តចិនលើកទី ១៩»។
អ្នកវិភាគនានាបាននិយាយថា គណបក្សកុម្មុយនិស្តចិនទំនងជាមិនធ្វើសម្បទានច្រើន ហើយទំនងជាមិនធ្វើឲ្យគេឃើញថាខ្លួនខ្សោយនៅក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះទេ នៅមុនសមាជគណបក្សកុម្មុយនិស្តចិនដ៏មានសារៈសំខាន់ចូលមកដល់នៅចុងឆ្នាំនេះ៕
ប្រែសម្រួលដោយ ភី សុភាដា