លោកប្រធានាធិបតី Donald Trump បានពន្យារពេលប្រកាសអំពីការដំឡើងពន្ធលើការនាំចូលផលិតផលដែកនិងអាលុយមីញ៉ូម នៅស្របពេលមានការប្រឆាំងក្នុងចំណោមមន្រ្តីនៅក្រោមរដ្ឋបាលរបស់លោក។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវគេរំពឹងថានឹងប្រកាសពីការដំឡើងពន្ធនាំចូលលើផលិតផលដែក និងអាលុយមីញ៉ូមនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកំពូលមួយចំនួនរបស់ក្រុមហ៊ុនផលិតផលដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែឥឡូវនេះកិច្ចប្រជុំនេះបានប្តូរទៅជាកិច្ចប្រជុំដើម្បីស្តាប់ទៅវិញ។
លោកTrump បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា «ឧស្សាហកម្មដែក និងអាលុមីញ៉ូមរបស់យើង ត្រូវបានបំផ្លាញដោយពាណិជ្ជកម្មអយុត្តិធម៌អស់រាប់ទសវត្សរ៍មកហើយ និងដោយគោលនយោបាយអាក្រក់ជាមួយនឹងប្រទេសនានានៅជុំវិញពិភពលោក។ យើងមិនត្រូវបណ្តោយឲ្យប្រទេស ក្រុមហ៊ុននានា និងកម្មកររបស់យើង ត្រូវគេកេងយកប្រយោជន៍បន្តទៀតបានទេ។ យើងចង់បានពាណិជ្ជកម្មសេរី យុត្តិធម៌ និងវៃឆ្លាត»។
រដ្ឋបាលរបស់លោកTrump បានបង្ហាញពីគម្រោងយកពន្ធពីការនាំចូលដែកជាច្រើនតាំងពីឆ្នាំមុនមកម៉្លេះ។ នាពេលថ្មីៗនេះក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រសួងបានរកឃើញពីបរិមាណ និងស្ថានភាពនៃការនាំចូលដែកនិងអាលុយមីញ៉ូម បានគំរាមកំហែងដល់ឱនភាពនៃសន្តិសុខជាតិ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Wilbur Rossបានណែនាំដល់លោកប្រធានាធិបតី Trumpឲ្យកំណត់ពន្ធយ៉ាងហោចណាស់៥៣ភាគរយទៅលើការនាំចូលដែកទាំងអស់ពីប្រទេសចិន និងពី១១ប្រទេសផ្សេងទៀត និងកំណត់ពន្ធចំនួន២៣,៦ ភាគរយលើផលិតផលអាលុយមីញ៉ូមនាំចូលពីប្រទេសចិន ហុងកុង រុស្ស៊ី វ៉េណេហ្សុយអេឡា និងប្រទេសវៀតណាម៕