ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ព្រមាន​ថា​ ការ​ឈប់​បន្ដ​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​ជប៉ុន​អាច​​ប៉ះពាល់​ដល់​សម្ព័ន្ធភាព​ជាមួយ​អាមេរិក


ទាហាន​កូរ៉េខាងជើង​ សម្លឹង​មកដែន​ដី​កូរ៉េខាងត្បូង​ ខណៈ​ពេល​ដែលទាហាន​កូរ៉េខាងត្បូង​ឈរល្បាត​ការពារ​នៅភូមិ​ Panmunjom ក្នុង​តំបន់​គ្មានយោធា​ ខណ្ឌ​ចែកប្រទេស​កូរ៉េទាំង​ពីរ។
ទាហាន​កូរ៉េខាងជើង​ សម្លឹង​មកដែន​ដី​កូរ៉េខាងត្បូង​ ខណៈ​ពេល​ដែលទាហាន​កូរ៉េខាងត្បូង​ឈរល្បាត​ការពារ​នៅភូមិ​ Panmunjom ក្នុង​តំបន់​គ្មានយោធា​ ខណ្ឌ​ចែកប្រទេស​កូរ៉េទាំង​ពីរ។

ក្រុម​អ្នកវិភាគ​ព្រមាន​ថា​ ការ​សម្រេច​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​យោធា​ជាមួយ​ប្រទេស​ជប៉ុន​នឹង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ភ្លាមៗ​ឡើយ ប៉ុន្តែ​ចំណាត់ការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ធ្លាក់​ក្នុងស្ថានការណ៍​តាន​តឹងណា​មួយ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ថា​ ខ្លួន​គ្មាន​គម្រោង​នឹង​បន្ត​កិច្ច​ព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​យោធា​ជា​ថ្មី​ទៀត​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ទេ។​ ​ការណ៍​នេះ​នឹង​បង្កើន​ភាព​តាន​តឹង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​កូរ៉េ​ខាង​ត្បូង​ជាមួយ​នឹង​ប្រទេស​ជប៉ុន ​ដែល​មាន​ស្រាប់​ក្នុង​ប្រវត្តិសាស្រ្ត។ ប្រទេស​ជប៉ុន​គឺ​ជា​អតីត​អាណានិគម​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ចំណាត់ការ​នេះ​ក៏​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ដោយសារ​តែ​សហរដ្ឋអាមេរិក​បាន​ជួយ​សម្រួលដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ ​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា ​នឹង​អាច​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ធ្វើ​ការ​រួម​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​លើ​បញ្ហា​ប្រឈម​នានា​ ដូចជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​ ចិន​ និង​រុស្ស៊ី​ជាដើម។

ជា​លក្ខណៈ​បច្ចេកទេស​ ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹង​នៅ​តែ​អាច​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​យោធា​ជាមួយ​គ្នា​ដដែល ​ទោះ​ជា​គ្មាន​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ឆ្នាំ​២០១៦​ ក៏ដោយ។ ក៏ប៉ុន្តែ​ដំណើរ​ការ​ចែក​រំលែក​ព័ត៌មាន​បែបនេះ​អាច​នឹង​កាន់​តែ​ពិបាក ​និង​យឺត​យ៉ាវ​ជាង​មុន​ ដោយសារ​តែ​ចាប់​ពី​ពេល​នេះ​តទៅ​ ព័ត៌មាន​ស៊ើបការណ៍​ភាគ​ច្រើន​ត្រូវ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក​ជា​មុន​សិន។

ស្ថានការណ៍​បែប​នេះ​ ក៏​អាចរារាំង​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ពេល​មាន​វិបត្តិ​ណា​មួយ​ផង​ដែរ ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់កិច្ច​ប្រឹង​ប្រែង​តាម​ដាន​ការ​បង្កហេតុ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ពេល​មាន​ភាព​តាន​តឹង។ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ខ្លី​ចាប់​តាំងពី​ខែ​ឧសភា​មក​ និង​បាន​គំរាម​ចាប់​ផ្ដើម​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ​ ឬ​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​សាជា​ថ្មី​វិញ​ទៀត។

ក៏​ប៉ុន្តែ​ផល​ប៉ះ​ពាល់​ភ្លាមៗ​ធំ​បំផុត​នៃ​ការ​សម្រេច​ចិត្ត​នេះ​គឺអាច​ជា​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​នឹង​មាន​កិច្ច​ប្រជុំ​តុ​មូល​ដ៏​ចម្រូស​ចម្រាស​ជា​ថ្មី​នៅ​ខែនេះ ដើម្បី​ចរចា​លើ​ការ​ចែក​រំលែក​ការ​ចំណាយ​ថវិកា​លើ​វត្តមាន​យោធា​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក​ Bong Young-shik ​នៃ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ប្រទេស​កូរ៉េ​ខាង​ជើង​នៃ​សាកលវិទ្យាល័យ​ Yonsei​ ក្នុង​ទីក្រុង​សេអ៊ូល​ បាន​និយាយ​ថា៖ «រឿង​នេះ​មិន​មែន​ជា​បញ្ហា​ស្លាប់​រស់​ឡើយ។ ប៉ុន្តែ​វា​ប៉ះ​ពាល់​លើ​ភាព​គួរឲ្យ​ជឿ​ជាក់​លើកូរ៉េខាង​ត្បូង​ក្នុង​នាម​ជា​ដៃ​គូ​សន្តិសុខ​មួយ ​ក្នុង​ក្រសែ​ភ្នែក​របស់​សហរដ្ឋ​អាមេរិក»។

«ក្តីបារម្ភ​និង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង»​

បណ្ដា​មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​ រួម​មាន​រដ្ឋមន្រ្តី​ការបរទេស​លោក​ Mike Pompeo ​និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​ លោក ​ Mark Esper បាន​ថ្លែង​ជា​សាធារណៈ​ដោយ​សង្ឃឹម​ថា កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​កិច្ច​ព្រម​ព្រៀង​សាជា​ថ្មី​ ហើយ​ប្រទេស​ជប៉ុន​ក៏​គាំទ្រ​ការ​បន្ត​កិច្ច​ព្រម​ព្រៀង​សាជា​ថ្មី​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​ លោក​រដ្ឋមន្រ្តី​ Pompeo ​បាន​និយាយ​ថា ​លោក​មាន​ការ​ខក​ចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​កូរ៉េ​ខាង​ត្បូង។ ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​បន្ថែម​ទៀត​ថា​ ខ្លួន​ក៏​មាន​ការ​ព្រួយ​បារម្ភ​ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​កូរ៉េ​ខាង​ត្បូង​បដិសេធ​បន្ត​កិច្ច​ព្រមព្រៀង​នេះ​សា​ជា​ថ្មី។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក ​វរសេនីយ៍ទោ​ Dave Eastburn ​បាន​និយាយ​ថា៖ «យើង​នឹង​បន្ត​កិច្ច​សហការ​សន្តិសុខ​និង​ការពារប្រទេស​លក្ខណៈ​ទ្វេភាគី​និង​ត្រីភាគី​ជាមួយ​ជប៉ុននិង​កូរ៉េខាងត្បូង តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​កូរ៉េខាង​ត្បូង​ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូលបន្ត​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​ ខណៈ​ពេល​ដែល​ខ្លួន​ពិចារណា​លើ​កិច្ច​ព្រម​ព្រៀង​នេះ។

លោក​ Kim Hyun-chong​ បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នឹង​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា​ ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នឹង​មិនធ្វើ​ឲ្យ​សម្ព័ន្ធភាព​សាធារណរដ្ឋ​កូរ៉េ​និង​សហរដ្ឋ​អាមេរិក​ចុះ​ខ្សោយ​ទេ​ ប៉ុន្តែ​នឹង​លើក​កម្ពស់​សម្ព័ន្ធភាព​នេះ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​វា​កាន់​តែ​រឹងមាំ​ជាង​មុន»។

ផ្ទុយ​ទៅ​វិញ លោក​បាន​និយាយ​ថា ​កូរ៉េ​ខាង​ត្បូង​នឹង​ប្រើ​ប្រាស់​បណ្តាញ​ចែក​រំលែក​ព័ត៌មាន​លក្ខណៈ​ត្រីភាគី​ឱ្យ​សកម្ម​ដដែល​ ដោយ​មានសហរដ្ឋអាមេរិក​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល។

តើ​អ្វី​ជា​ GSOMIA?

កិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​ទ្វេ​ភាគី​ ដែល​មាន​ឈ្មោះ​ពេញ​ថា​ សន្តិសុខ​ទូទៅ​នៃ​កិច្ច​ព្រមព្រៀង​ព័ត៌មាន​យោធា (the General Security of Military Information Agreement) ឬ​ហៅ​កាត់​ថា​ GSOMIA ​ធាតុ​ពិត​មិន​តម្រូវ​ឱ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ឡើយ។

ផ្ទុយ​ទៅ​វិញ​ ឯកសារ​កិច្ច​ព្រមព្រៀង​ជា​ភាសា​អង់គ្លេសដែល​មាន​ប្រាំ​ទំព័រ​នេះ​ គ្រាន់​តែ​ជា​ក្របខណ្ឌ​សម្រាប់​ប្រើ​ពេលដែល​ភាគី​ទាំង​ពីរ​សម្រេច​ចែក​រំលែក​ព័ត៌មាន​រសើបតែ​ប៉ុណ្ណោះ ជាពិសេស​អំពី​នីតិវិធី​នានា ​ដូចជា​ថា​តើ​នរណា​អាច​ចូល​យក​ទិន្នន័យ​និង​ត្រូវ​កម្ទេច​ទិន្នន័យ​នោះ​ដោយ​វិធី​ណា។

មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ថា​តើកូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​ចែក​រំលែក​ព័ត៌មាន​ជាមួយ​គ្នា​ញឹក​ញាប់​ប៉ុណ្ណា​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង GSOMIA​ នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កិច្ច​ព្រមព្រៀង​នេះ​បាន​ជួយ​បំពេញ​បន្ថែម​ចន្លោះ​ប្រហោង​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​មាន​បញ្ហា​ប្រឈម​រួម​គ្នា​ តួ​យ៉ាង​ដូចជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើងជាដើម នេះ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ៕

ប្រែសម្រួល​ដោយ​ កោះ​ សុគន្ធី​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG