អ្នកជំនាញឯករាជ្យម្នាក់របស់អង្គការសហប្រជាជាតិដែលធ្វើការលើរឿងរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងបានរងការចោទសួរយ៉ាងច្រើនកាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅនេះ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការប្រព្រឹត្តមិនមានតម្លាភាពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងទៅលើជនដែលរត់គេចខ្លួនពីកូរ៉េខាងជើង។
លោក Tomás Ojea Quintana មេធាវីការពារសិទ្ធិមនុស្សជនជាតិអាហ្សង់ទីនដែលត្រូវបានតែងតាំងកាលពីឆ្នាំ ២០១៦ ឲ្យធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង បានធ្វើសន្និសីទសារព័ត៌មានមួយក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅនេះ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង លោកបានជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាច្រើនរូប អង្គការផ្តល់ជំនួយ និងអ្នករត់គេចខ្លួនពីកូរ៉េខាងជើង។
អ្នកស្វែងរកសិទ្ធិជ្រកកោន
នៅក្នុងការថ្លែងរបស់លោកក្នុងសន្និសីទសារព័ត៌មាននោះ លោកបានលើកឡើងពីករណីស្ត្រីកូរ៉េខាងជើងបម្រើការតាមភោជនីយដ្ឋានចំនួន ១២ នាក់ ដែលបានរត់គេចខ្លួនពីប្រទេសចិនដើម្បីស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៦ ដែលករណីនេះគឺបានកើតឡើងភ្លាមៗក្រោយពីអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ពាក់ព័ន្ធទៅនឹងការសាកល្បងនុយក្លេអ៊ែរកាលពីដើមឆ្នាំ ២០១៦ របស់រដ្ឋាភិបាលនេះ។
ប្រទេសកូរ៉េខាងជើងបានទាមទារឲ្យមានការបញ្ជូនក្រុមអ្នករត់គេចទាំងនេះត្រឡប់ទៅវិញ ដោយបានចោទប្រកាន់ថា អ្នកទាំងនេះត្រូវបានភ្នាក់ងារកូរ៉េខាងត្បូងចាប់ពង្រត់ទៅ។
លោក Quintanaបាននិយាយថា លោកចង់ជួបជាមួយនឹងស្ត្រីទាំងនោះដើម្បីធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យថា ពួកគេទៅប្រទេសកូរ៉េខាងត្បូងដោយខ្លួនឯង ប៉ុន្តែលោកមិនអាចធ្វើដូច្នេះនោះទេ។
នៅពេលដែលសួរថា តើរដ្ឋាភិបាលកូរ៉េខាងត្បូងបានរារាំងលោកមិនឲ្យជួបជាមួយស្ត្រីទាំងនោះឬក៏យ៉ាងណានោះ លោកបានឆ្លើយតបយ៉ាងប្រយ័ត្នប្រយែងថា៖ «ខ្ញុំអាចនិយាយបានថា រដ្ឋាភិបាលកូរ៉េខាងត្បូងមិនរារាំងខ្ញុំក្នុងការសម្ភាសពួកគេនោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា មានការកម្រិតមួយចំនួនទាក់ទិននឹងការរៀបចំឲ្យមានការជួបជាមួយនឹងស្ត្រីទាំងនោះ»។
ប្រទេសកូរ៉េខាងត្បូងជារឿយៗនឹងមិនបញ្ចេញព័ត៌មានណាមួយពាក់ព័ន្ធនឹងអ្នករត់គេចខ្លួនទាំងនេះនោះទេ ដោយបានអះអាងថា ខ្លួនធ្វើយ៉ាងនេះគឺដើម្បីការពារក្រុមគ្រួសាររបស់អ្នកទាំងនេះពីការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលកូរ៉េខាងជើង ដោយសារក្រុមគ្រួសាររបស់ពួកគេកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងនៅឡើយ។
របាយការណ៍ឆ្នាំ ២០១៤ ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង របស់គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង បានកត់ត្រាអំពីករណីបញ្ជូនក្រុមគ្រួសាររបស់អ្នករត់គេចពីប្រទេសកូរ៉េខាងជើង ដែលក្នុងនោះមានទាំងកុមារផងដែរ ទៅកាន់ជំរំគុក ដែលនេះជាផ្នែកមួយនៃការដាក់ទោសទណ្ឌរួមសម្រាប់បទល្មើសដែលត្រូវបានចោទថាប្រឆាំងនឹងរដ្ឋ។
អង្គការសិទ្ធិមនុស្សនានាបាននិយាយថា អ្នកជាប់ឃុំទាំងនោះ ប្រឈមនឹងស្ថានភាពអាក្រក់នានា ការសម្លាប់ ការចាប់រំលោភ ការវាយដំ និងការធ្វើទារុណកម្មដែលធ្វើឡើងដោយឆ្មាំសន្តិសុខ និងការបង្ខំឲ្យធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់ហើយពេលខ្លះក្នុងស្ថានភាពដែលអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។
អ្នករត់គេចពីកូរ៉េខាងជើងដែលអស់សង្ឃឹម
នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិនោះផងដែរ អ្នកស្រី Kim Ryon-hui ដែលជាអ្នករត់គេចពីកូរ៉េខាងជើងម្នាក់ បាននិយាយថា អ្នកស្រីត្រូវបានគេរារាំងមិនឲ្យត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ ផ្ទុយពីឆន្ទៈរបស់អ្នកស្រី។ អ្នកស្រីក៏បានសួរលោក Quintana ផងដែរអំពីការវាយតម្លៃរបស់លោកទៅលើការរំលោភសិទ្ធិមនុស្សបែបនេះដែលធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។
លោក Quintana បានឆ្លើយតបដោយបញ្ជាក់ឡើងវិញអំពីអាណត្តិរបស់លោកក្នុងការវាយតម្លៃអំពីបញ្ហារំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង មិនមែនការរំលោភបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តឡើងដោយកូរ៉េខាងត្បូងនោះទេ។
លោក Quintana ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានតួនាទីដែលអាចឆ្លើយតបទៅនឹងសំណួររបស់អ្នកស្រីបានទេ»។
ដំណើររឿងរបស់អ្នកស្រី Kim Ryon-hui មានភាពស្រពិចស្រពិល។ អ្នកស្រីបាននិយាយថា អ្នកស្រីបានទៅប្រទេសកូរ៉េខាងត្បូងកាលពី ៧ ឆ្នាំមុន ដើម្បីព្យាបាលជំងឺ ប៉ុន្តែមេខ្យល់ម្នាក់ដែលអ្នកស្រីបានប្រគល់ប្រាក់ទៅឲ្យដើម្បីឲ្យជួយអ្នកស្រីបានរត់គេចខ្លួននោះ បានបោកប្រាស់អ្នកស្រី ដោយធ្វើឲ្យអ្នកស្រីគិតថា អ្នកស្រីអាចត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញពេលណាក៏បាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានរារាំងអ្នកស្រីមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងវិញដើម្បីបានជួបជុំជាមួយនឹងក្រុមគ្រួសាររបស់អ្នកស្រី ដោយបានលើកឡើងពីច្បាប់សន្តិសុខជាតិដែលហាមមិនឲ្យធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង។ អ្នករត់គេចខ្លួនផ្សេងទៀតដែលចង់ត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ ក៏ប្រឈមនឹងការត្រួតពិនិត្យតឹងតែងផងដែរ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបារម្ភថា ពួកគេអាចជាប់ពាក់ព័ន្ធនឹងការស៊ើបការណ៍សម្ងាត់សម្រាប់ប្រទេសកូរ៉េខាងជើង។
អ្នកស្រី Kim Ryon-huiនិយាយថា អ្នកស្រីបានព្យាយាមធ្វើពុតថាខ្លួនជាគិញសម្ងាត់របស់កូរ៉េខាងជើងដើម្បីឲ្យគេដេញអ្នកស្រីចេញពីប្រទេសកូរ៉េខាងត្បូងនេះ។ អ្នកស្រីត្រូវបានគេចាប់ខ្លួន ប៉ុន្តែអ្នកស្រីបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានទម្លាក់ចោលនូវការចោទប្រកាន់អ្នកស្រីថាជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បរទេស។
អ្នកស្រីនិយាយថា៖ «សាលក្រមតុលាការបានសេរសេរថា មនុស្សម្នាក់នេះមកប្រទេសកូរ៉េខាងត្បូងដោយអចេតនា ប៉ុន្តែមិនអាចបញ្ជូនត្រឡប់ទៅវិញបានទេដោយសារតែគ្មានមូលហេតុអ្វីដែលត្រូវបញ្ជូនអ្នកនេះត្រឡប់ទៅវិញ។ ច្បាប់បានទទួលស្គាល់ថា ខ្ញុំបានមកដល់ប្រទេសកូរ៉េខាងត្បូងនេះដោយមិនមែនកើតឡើងពីឆន្ទៈរបស់ខ្ញុំនោះទេ»។
ជនជាតិកូរ៉េខាងជើងរាប់ពាន់នាក់បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយនាពេលបច្ចុប្បន្ននេះ មានអតីតជនជាតិកូរ៉េខាងជើងជាង ៣ សែន ៨ រយនាក់ កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ចាប់តាំងពីឆ្នាំ ២០១២ មក មានករណីអ្នករត់គេចខ្លួនពីកូរ៉េខាងជើងចំនួន ២៥ នាក់ ដែលត្រូវបានគេបញ្ជាក់ថា បានត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ។ ក្នុងចំណោមនោះ មាន ៥ នាក់បានប្តូរចិត្តរបស់ខ្លួននាពេលបន្ទាប់មក ហើយបានរត់ចូលទៅកូរ៉េខាងត្បូងម្ដងទៀត។ នេះបើតាមការបញ្ជាក់របស់ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីររបស់រដ្ឋាភិបាលក្រុងសេអ៊ូល។
កាលពីខែកក្កដាកន្លងទៅនេះ ករណីអ្នករត់គេចខ្លួនឈ្មោះ Lim Ji-hyun ដែលបានក្លាយជាអ្នកមានភាពល្បីល្បាញលើកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូង ហើយក្រោយមកបានត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញនោះ បានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថាតើនាងត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើង ឬក៏យ៉ាងណានោះ។
នៅពេលបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មាននានាបានប្រមូលផ្ដុំគ្នាជុំវិញអ្នករត់គេចខ្លួនកូរ៉េខាងជើងរូបនោះ ដើម្បីស្ដាប់ការរិះគន់របស់នាងលើរដ្ឋាភិបាលកូរ៉េខាងត្បូង ជាជាងផ្ដោតលើរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីការរំលោភបំពានសិទ្ធិមនុស្សដោយកូរ៉េខាងជើង៕
ប្រែសម្រួលដោយ នៀម ឆេង