រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទំនងជាផ្ដល់នូវក្ដីសង្ឃឹមថ្មីឡើងវិញសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហាជាប់គាំងជាមួយនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលរបស់ប្រទេសនេះ នៅក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថានៅឯវេទិកាស្ដីពីបញ្ហាកូរ៉េ ដែលធ្វើឡើងនៅអង្គការ Atlantic Council ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារកន្លងទៅនេះ។
លោក Tillerson បាននិយាយថា៖ «សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់សម្រាប់ការពិភាក្សានៅពេលណាដែលកូរ៉េខាងជើងចង់ពិភាក្សា។ ហើយសហរដ្ឋអាមេរិកក៏ត្រៀមខ្លួនរួចជាស្រេចផងដែរក្នុងការមានជំនួបជាលើកដំបូងជាមួយកូរ៉េខាងជើងដោយមិនមានការដាក់លក្ខខណ្ឌជាមុន។ យើងអាចជួបពិភាក្សាគ្នាបាន ដោយយើងអាចនិយាយអំពីធាតុអាកាសក៏បានប្រសិនបើអ្នកចង់។ យើងក៏អាចពិភាក្សាគ្នាអំពី ថាតើយើងគួរផ្ដោតការពិភាក្សាបែបតុមូល ឬក៏តុជ្រុងក៏បាន ប្រសិនបើនេះជាអ្វីដែលអ្នកចង់បាន»។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់ផ្លោងមីស៊ីលជាច្រើនលើកច្រើនសារនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនៅក្នុងការសាកល្បងមួយកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានអះអាងថា គ្រាប់មីស៊ីលរបស់ខ្លួនមានសមត្ថភាពអាចហោះដល់ដែនដីទាំងមូលរបស់សហរដ្ឋអាមេរិកបាន។ ចំណុចនេះបានបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមនុយក្លេអ៊ែរដ៏ប្រល័យអាចនឹងកើតឡើងនៅឧបទ្វីបកូរ៉េ។ លោក Tillerson បានបញ្ជាក់យ៉ាងច្បាស់ថា ការពិភាក្សាអាចចាប់ផ្ដើមបាននៅពេលណាដែលកូរ៉េខាងជើងឈប់សាកល្បងគ្រាប់មីស៊ីលតែប៉ុណ្ណោះ។
លោក Tillerson បាននិយាយថា៖ «វានឹងពិបាកក្នុងការពិភាក្សា ប្រសិនបើអ្នកសម្រេចចិត្តបាញ់សាកល្បងគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែរ ពេលដែលការពិភាក្សាកំពុងតែដំណើរការនោះ។ ដូច្នេះ ខ្ញុំគិតថា កូរ៉េខាងជើងយល់យ៉ាងច្បាស់ថា ស្ថានការណ៍ត្រូវតែស្ងប់ស្ងាត់ជាមុនសិន មុននឹងយើងអាចចាប់ផ្ដើមការពិភាក្សាបាន»។
ទោះបីជាលោក Tillerson ចង់បានអ្វីដែលលោកហៅថាជា «វិធានការដោយសន្តិវិធី» នោះក៏ដោយ ក៏លោកបាននិយាយថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងវិធានការផ្សេងៗទៀត អាចទទួលជោគជ័យបាន គឺដោយសារតែយោធាសហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់តែប៉ុណ្ណោះ នៅក្នុងការធ្វើសកម្មភាពណាមួយក្នុងស្ថានការណ៍ដែលវិធីសាស្ត្រការទូតទទួលបរាជ័យ។
លោក Tillerson ក៏បានទទួលស្គាល់ផងដែរថា ប្រទេសចិនបានចាត់វិធានការនានារួចមកហើយដើម្បីត្រៀមខ្លួនសម្រាប់លំហូរដ៏ច្រើននៃជនភៀសខ្លួនកូរ៉េខាងជើងដែលអាចកើតមាន នៅក្នុងករណីដែលមាន «អស្ថិរភាព» កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួលដោយ ភី សុភាដា