សហរដ្ឋអាមេរិក និងប្រទេសកាណាដា នឹងរួមគ្នារៀបចំកិច្ចប្រជុំមួយដែលមានប្រទេសចំនួន ១៦ ចូលរួម នៅខែក្រោយក្នុងប្រទេសកាណាដា ដើម្បីបង្ហាញអំពីសាមគ្គីភាពប្រឆាំងនឹងការកើនឡើងនូវការគំរាមកំហែងដែលបណ្ដាលមកពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨ ខាងមុខ នៅក្នុងទីក្រុង Vancouver។ លោក Tillerson និងលោកស្រី Freeland បានប្រកាសដូចនេះ ក្រោយពីលោកទាំងពីរបានពិភាក្សាគ្នានៅក្នុងទីក្រុង Ottawa ដែលជារដ្ឋធានីរបស់ប្រទេសកាណាដា។
លោក Tillerson បាននិយាយថា កិច្ចប្រជុំនេះមានគោលបំណងបង្កើន «យុទ្ធនាការដាក់សម្ពាធជាសាកល» លើរដ្ឋាភិបាលកូរ៉េខាងជើង ដែលបានបង្កើនការសាកល្បងសមត្ថភាពនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់ខ្លួន។ កាលពីចុងខែមុន កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបថ្មីមួយ ដែលអាចមានសមត្ថភាពហោះដល់ដែនដីភាគខាងកើតរបស់សហរដ្ឋអាមេរិកបាន។
ប្រទេសទាំង ១៦ ដែលនឹងចូលរួមនៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Vancouver នាខែក្រោយនេះ គឺជាបណ្ដាប្រទេសដំបូងបង្អស់ដែលបានដាក់ពង្រាយទាហានរបស់ខ្លួននៅឧបទ្វីបកូរ៉េ ដើម្បីជួយប្រទេសកូរ៉េខាងត្បូងនៅក្នុងសង្គ្រាមកូរ៉េចាប់ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។ ប្រទេសទាំងនោះមានដូចជា ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា តួកគី ណូវែលហ្សេឡង់ ហ្វីលីពីន ថៃ បារាំង អេត្យូពី ក្រិក កូឡុំប៊ី បែលហ្ស៊ិក អាហ្វ្រិកខាងត្បូង ហូឡង់ លុចហ្សំបួរ និងសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះក៏នឹងមានការចូលរួមផងដែរពីប្រទេសមួយចំនួនទៀតដូចជាជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម៕