សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៅថ្ងៃចន្ទនេះ ដើម្បីតាមដានគ្រាប់មីស៊ីលពីកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
សមយុទ្ធត្រីភាគីនេះបានធ្វើឡើងក្នុងរយៈពេលតិចជាងពីរសប្ដាហ៍ក្រោយមក បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបថ្មីមួយ និងបានប្រកាសថា ខ្លួនសម្រេចបាននូវភាពជារដ្ឋនុយក្លេអ៊ែរឯករាជ្យពេញលេញមួយហើយ ដែលករណីនេះបានបណ្ដាលឲ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោកទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ។
សមយុទ្ធរយៈពេលពីរថ្ងៃ ដែលជាសមយុទ្ធលើកទី ៦ ចាប់តាំងពីខែមិថុនាឆ្នាំមុនមក បានចាប់ផ្ដើមធ្វើនៅក្នុងដែនទឹកជិតឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់យោធាការពារជាតិកូរ៉េខាងត្បូង។
ទាំងប្រទេសកូរ៉េខាងត្បូង និងទាំងប្រទេសជប៉ុន សុទ្ធតែមានសម្ព័ន្ធភាពសន្តិសុខជាមួយនឹងសហរដ្ឋអាមេរិក ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរនេះត្រូវបានរាំងស្ទះដោយសារជម្លោះពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ និងដែនដីក៏ដោយ។
មន្ត្រីយោធាកំពូលរបស់រុស្ស៊ីលោក Valery Gerasimov បានជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Itsunori Onodera នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន និងបានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលក្រុងមូស្គូចង់ដោះស្រាយវិបត្តិកូរ៉េខាងជើងនេះតាមរយៈវិធីសាស្ត្រការទូត។
មន្ត្រីក្រសួងការពារជាតិជប៉ុនមួយរូបបាននិយាយថា លោក Valery Gerasimov បានបញ្ជាក់ថា ការធ្វើសមយុទ្ធនៅក្បែរប្រទេសកូរ៉េខាងជើង គឺជាការបង្កឲ្យមានអស្ថិរភាព៕