ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ត្បូង​បិទ​សាលា​​ស្ទើរ​​ទាំង​អស់​ក្នុង​​តំបន់​សេអ៊ូល​ ដើម្បី​ទប់ទល់​ការ​ផ្ទុះ​ឆ្លង​​ឡើង​វិញ​នៃ​កូវីដ១៩


សិស្សពាក់ម៉ាស់ ខណៈ​មានការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងសេអ៊ូល​ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
សិស្សពាក់ម៉ាស់ ខណៈ​មានការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងសេអ៊ូល​ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា អាជ្ញាធរ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃអង្គារ​ បាន​បញ្ជា​ឲ្យបិទ​សាលារៀន​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ទីក្រុង​សេអ៊ូលនិង​តំបន់​ជុំវិញ​ទី​ក្រុងនេះ​ ​ហើយ​ត្រូវ​បើក​ការ​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អនឡាញ​វិញ។ នេះ​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការកើនឡើង​វិញ​នៃ​ករណី​ឆ្លង​រាតត្បាតកូវីដ១៩។ ​

មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ជំងឹឆ្លង​របស់​កូរ៉េ​ខាង​ត្បូង​ បាន​រក​ឃើញ​ការ​ឆ្លង​កូវីដ១៩​ចំនួន​២៨០​ករណីថ្មី​ ​ត្រឹម​យប់​ថ្ងៃចន្ទ​ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លងទាំង​អស់​នៅកូរ៉េ​ខាង​ត្បូង​មាន​ចំនួនសរុប​ជិត​១៨.០០០​ករណី​ និងមាន​អ្នក​ស្លាប់​សរុប​៣១០នាក់​រហូត​មក​ដល់​ពេល​នេះ។ នេះ​ជា​ចំនួន​ប្រចាំ​ថ្ងៃថយ​ចុះ​ពី​ថ្ងៃ​សៅរ៍ ​ដែល​មាន​ប្រមាណ​៣៩៧នាក់​ ដែល​ជាចំនួន​ខ្ពស់ជាង​គេគិត​ចាប់ពី​ដើម​ខែ​មីនា​មក។

ដោយករណី​ឆ្លង​ថ្មីៗ​ភាគ​ច្រើនកើត​មាន​នៅ​តាម​តំបន់​រដ្ឋធានី​សេអ៊ូលដែល​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​កកកុញនោះ​ អាជ្ញាធរ​សុខាភិបាលកូរ៉េ​ខាង​ត្បូង​ថា​ ប្រទេស​មួយ​នេះ កំពុង​ឈាន​ជិត​ការផ្ទុះ​ឡើង​វិញ​ទូទាំង​ប្រទេសនូវ​ជំងឺ​កូវីដ​១៩​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ផ្ទះ​និង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើររបស់ខ្លួន។ ​

ក្រសួង​អប់រំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​លើក​ឡើង​នៅ​ថ្ងៃ​អង្គារ​ថា​ សិស្សានុសិស្ស​ទាំង​អស់ លើក​លែង​សិស្ស​ថ្នាក់​ទី​១២ ​ដែល​ក្នុង​ទី​ក្រុង​សេអ៊ូល​ ​ទី​ក្រុង Incheon​ និង​ខេត្ត​ Geonggi ត្រូវ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​តទៅ៕​

XS
SM
MD
LG