ប្រទេសនូវែលសេឡង់តម្រូវឱ្យពលរដ្ឋគ្រប់រូបដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងការធ្វើដំណើរតាមយន្តហោះ ពាក់ម៉ាសដោយចាប់ផ្តើមពីថ្ងៃចន្ទនេះទៅ ខណៈការដាក់កំហិតតឹងរ៉ឹងដែលមានគោលបំណងបញ្ឈប់ការរាលដាលនៃវីរុសកូរ៉ូណានៅក្នុងទីក្រុង Auckland ត្រូវបានពន្យារបន្តរហូតដល់ថ្ងៃអាទិត្យខាងមុខ។
ទីក្រុង Auckland ដែលជាទីក្រុងធំជាងគេបង្អស់នៅក្នុងប្រទេសនូវែលសេឡង់ កំពុងដោះស្រាយបញ្ហាឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីប្រទេសនេះមិនមានករណីឆ្លងវីរុសនេះជាង ១ រយថ្ងៃមកហើយចាប់តាំងពីបានប្រកាសថាមិនមានការឆ្លងក្នុងសហគមន៍មក។ នៅថ្ងៃចន្ទនេះ មន្រ្តីសុខាភិបាលបានរាយការណ៍ថា មានការឆ្លងថ្មីចំនួន ៨ ករណី ដែលជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនៃវីរុសនេះនៅក្នុងទីក្រុង Auckland។
លោកស្រី Jacinda Arden នាយករដ្ឋមន្រ្តីនៃប្រទេសនូវែលសេឡង់ បាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះថា៖ «យើងដឹងថា ម៉ាសអាចការពារអ្នក និងមនុស្ស នៅជុំវិញអ្នកបាន»។
លោកស្រីបានមានប្រសាសន៍ទៀតថា លោកស្រីយល់អំពីការរកាំចិត្តរបស់ប្រជាពល រដ្ឋនៅតំបន់ផ្សេងទៀតនៅក្នុងប្រទេសដែលមិនមានករណីឆ្លងថ្មីត្រូវបានរាយការណ៍ ប៉ុន្តែការរឹតត្បិតខ្លះនៅមានជាធរមាននៅឡើយ។
លោកស្រីបានបន្ថែមទៀតថា ដោយមនុស្សត្រូវបានអនុញ្ញាតិឱ្យធ្វើដំណើរពីតំបន់មួយទៅតំបន់មួយបាន ពួកគេតម្រូវឱ្យអនុវត្តការរក្សាគម្លាត និងកម្រិតការជួបជុំគ្នាទ្រង់ ទ្រាយធំ។
នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលដែលព្យាយាមគ្រប់គ្រងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងតំបន់រដ្ឋធានីសេអ៊ូល បានចេញបទបញ្ជានៅថ្ងៃច័ន្ទនេះតម្រូវឱ្យពលរដ្ឋពាក់ម៉ាសទាំងនៅខាងក្នុងនិងខាងក្រៅអាគារ។
ការរឹតត្បិតថ្មីដែលហាមឃាត់មនុស្សចូលរួមពិធីដោយផ្ទាល់ក្នុងវិហារគ្រិស្តសាសនា និងការបិទក្លឹបរាត្រី និងហាងកាហ្វេ បានចូលជាធរមាននៅទូទាំងប្រទេសកូរ៉េខាងត្បូង។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានការឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន ២៦៦ ករណីនៅថ្ងៃចន្ទនេះ ដោយក្នុងនោះ ២០២ ករណីគឺនៅក្នុងទីក្រុងសេអ៊ូល។ គេក៏ឃើញមានករណីឆ្លងវីរុសនេះនៅក្នុងទីក្រុងសំខាន់នានាផងដែរ ដូចជាទីក្រុង Busan ទីក្រុង Daejeon និងទីក្រុង Sejong ជាដើម៕