បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden និងបេក្ខជនអនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris នឹងត្រូវធ្វើតេស្តជាប្រចាំ ដើម្បីស្វែងរកជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ជំនួយការម្នាក់កាលពីថ្ងៃចន្ទ ខណៈដែលក្រុមយុទ្ធនាការរកសំឡេងឆ្នោតរបស់ពួកគេ កំពុងត្រៀមចំពោះលទ្ធភាពនៃការជួបដោយផ្ទាល់ជាមួយអ្នកគាំទ្រ មុនថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក នៅដើមខែវិច្ឆិកាខាងមុខនេះ។
ជំនួយការនៃក្រុមយុទ្ធនាការរកសំឡេងឆ្នោតម្នាក់របស់លោក Biden បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេ នឹងជូនដំណឹងដល់សាធារណជន ប្រសិនបើលោក Biden អាយុ៧៧ឆ្នាំ ឬ លោកស្រី Harris អាយុ ៥៥ឆ្នាំ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩នោះ។
ផ្ទុយពីលោក Joe Biden លោកប្រធានាធិបតី Donald Trump ដែលមានអាយុ៧៤ឆ្នាំ និងជាគូប្រជែងរបស់លោក Biden បានមើលស្រាលចំពោះវីរុសកូរ៉ូណាក្នុងដំណាក់កាលដំបូងៗនៃការរាតត្បាតនៃជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ដោយម្តងនោះលោកបាននិយាយថា ការតម្រូវឲ្យពាក់ម៉ាស់ជាការប្រុងប្រយ័ត្នខ្លាចប៉ះពាល់អ្នកដទៃពេក ហើយលោកតែងស្ទាក់ស្ទើរក្នុងការពាក់ម៉ាស់ការពារខ្លួនលោក។
ប៉ុន្តែ លោក Trump បានផ្លាស់ប្តូរឥរិយាបទនៅពេលលោកចាប់ផ្តើមពាក់ម៉ាស់ជាសាធារណៈកាលពីខែកក្កដា និងលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិកាំងពាក់ម៉ាស់ដែរខណៈករណីឆ្លងបន្តកើនឡើង៕