ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​អាច​បង្កើន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


ពលរដ្ឋ​ហ្វីលីពីន​សប្បាយ​ចិត្ត​បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡា​អេ ដែល​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​ហ្វីលីពីន​ ក្នុង​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ២០១៦។
ពលរដ្ឋ​ហ្វីលីពីន​សប្បាយ​ចិត្ត​បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡា​អេ ដែល​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​ហ្វីលីពីន​ ក្នុង​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ២០១៦។

ពួក​អ្នកជំនាញការនិយាយ​ថា​ ទាំង​ប្រទេស​ចិន​ ទាំង​ស.រ.អា.​ទំនង​ជា​នឹង​បង្កើន​វិធានការ​ខាង​ការ​ទូត​និង​ខាង​យោធាដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ដល់​គោល​ជំហរ​របស់ពួក​គេ​រៀងៗ​ខ្លួន បន្ទាប់​ពី​ការ​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​តុលាការ​អន្តរជាតិ​អំពី​សមុទ្រ​ចិន​ខាងត្បូង​ ដែល​គេ​យល់​ឃើញ​ភាគ​ច្រើន​ថា​ ការ​សម្រេច​នោះ​មានការ​អនុគ្រោះ​ដល់​ប្រទេស​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ស.រ.អា.។​

ស.រ.អា.​បាន​និយាយ​ថា​ សេចក្តី​សម្រេច​ដោយ​តុលាការ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ក្នុងក្រុងឡាអេ ប្រទេស​ហូឡង់​ អំពី​បណ្តឹងរបស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ស្តីពី​ការ​អះអាង​ទាមទារ​ហួស​ហេតុ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ ជាសេចក្តី​សម្រេច​ចុង​ក្រោយ​បង្អស់​ និង​ត្រូវ​ធ្វើតាមផ្លូវ​ច្បាប់​ ហើយ​បាន​សុំដល់​ប្រទេស​ទាំង​អស់​ដែល​មាន​ជម្លោះ​នៅ​ក្នុង​តំបន់​នោះ​ចៀស​វៀង​កុំ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​បង្កហេតុ​ឬ​ធ្វើ​សកម្ម​ភាព​បង្កើត​រឿងហេតុ។

លោក ​Daniel Kritenbrink ​នាយក​ជាន់​ខ្ពស់​សម្រាប់​កិច្ចការ​អាស៊ី​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ស.រ.អា.​«មិន​ត្រូវ​ការ​ឬ​គ្មាន​ផលប្រយោជន៍​អ្វី​ក្នុង»​ការ​កកូរ​កកាយ​ឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។ ​ក៏​ប៉ុន្តែ​លោកក៏​បាន​ថ្លែង​ដែរ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ នឹង​មិន​«បិទ​ភ្នែកទេ»​ចំពោះ​បញ្ហា​ក្នុង​ផ្លូវ​សមុទ្រ​នេះជា​ថ្នូរ​នឹង​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ចិន​អំពី​បញ្ហា​ឯទៀតៗ។

ថ្លែង​នៅ​ក្នុងវេទិកា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ពង្រឹងការ​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាម​រយៈវិធានការ​កសាង​ការ​ទុក​ចិត្ត​គ្នា​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការ​គិត​ខុស​និង​គ្រោះ​ថ្នាក់​នៅ​ពេល​យាមល្បាត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​ថា​ ការ​សម្រេច​របស់​តុលាការ​នេះ​អាច​ផ្តល់​មូលដ្ឋាន​សម្រាប់​ការ​ពិភាក្សា​គ្នា​ថែម​ទៀត​ដែល​មាន​គោល​ដៅ​បង្រួម​ឱ្យ​តូច​នូវ​ទំហំ​ភូមិសាស្ត្រ​នៃ​ជម្លោះ​សមុទ្រ​និង​ដោះស្រាយ​ជម្លោះ​ជា​មូលដ្ឋាន​ដោយ​គ្មាន​ការបង្ខិត​បង្ខំ​ឬ​ការ​គំរាមកំហែង​ប្រើ​កម្លាំង។

លោក ​John Kirby​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​សុំ​ដល់​ពួក​ប្រទេស​ដែល​ឈ្លោះ​គ្នា​ដណ្តើម​ទឹក​ដី​នេះ​ចៀស​វៀង​កុំចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​បង្កហេតុ​ឬ​ធ្វើសកម្ម​ភាព​បង្កើត​រឿងហេតុ។ សេចក្តី​សម្រេច​នេះ​អាច​និង​គួរ​ត្រូវ​បម្រើការ​ជា​ឱកាស​ថ្មី​មួយ​ដើម្បី​ធ្វើ​ការ​ខិត​ខំប្រឹងប្រែង​ជា​ថ្មី​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​នេះ​ដោយ​សន្តិវិធី»៕

XS
SM
MD
LG