នៅសល់តែប្រមាណជាមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ តុលាការមជ្ឈត្តកម្ម ឬ ហៅម្យ៉ាងទៀតថា តុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលមានទីតាំងនៅក្នុងទីក្រុងឡាអេ (Hague) ប្រទេស ហូឡង់នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួនចំពោះបណ្តឹងរបស់ប្រទេសហ្វីលីពីន ដែលបានប្តឹងប្រឆាំងប្រទេសចិនកាលពីឆ្នាំ២០១៣ ទាមទារការគ្រប់គ្រងទឹកដីក្នុងសមុទ្រចិនខាងត្បូង។
សេចក្តីសម្រេចរបស់តុលាការអន្តរជាតិមួយនេះត្រូវគេរំពឹងថា អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នាក្នុងកម្រិតស្រួចស្រាវមួយនៃការអនុវត្តនយោបាយភូមិសាស្ត្រនៅក្នុងទ្វីបអាស៊ី។ ប្រទេសហ្វីលីពីនត្រូវគេដឹងថា ជាប្រទេសសម្ត័ន្ធមិត្តយូរឆ្នាំរបស់សហរដ្ឋអាមេរិក ហើយប្រទេសចិនគឺជាប្រទេសមហាអំណាចមួយដែលបានខិតខំបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដោយស្ងៀមស្ងាត់ និងបានផ្តោតលើការការពារទឹកដីរបស់ខ្លួនដែលធ្លាប់បែកខ្ញែកកាលពីអតីតកាល។
ក្នុងការប្រុងប្រយ័ត្នខ្លាចបាត់បង់ទឹកដីរបស់ខ្លួន ចិនត្រូវគេដឹងផងដែរថា កំពុងប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួន ដោយការច្បាមយកស្ទើរតែ៩០ភាគរយនៃដែកទឹកនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសបីផ្សេងទៀតកំពុងអាះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើដែនទឹកក្នុងសមុទ្រនេះផងដែរ។
ប្រទេសទាំងនោះ រួមមានប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ។ កោះតៃវ៉ាន់ ដែលចិនបានចាត់ទុកថា ជាដែនដីរបស់ខ្លួនក៏កំពុងមានជម្លោះក្នុងសមុទ្រនេះដែរ។
អ្នកប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រ ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា មានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាម ដោយការធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ បង្កឡើងដោយមនោគមន៍វិជ្ជាសេរី និងកុម្មុយនីស្តក្នុងទសវត្សរ៍១៩៧០នោះ នឹងមិនជួបជោគវាសនាដូចដែលកម្ពុជាបានប្រឈមកាលពីអតីតកាលនោះទេ។
ប៉ុន្តែពួកគេនិយាយបន្ថែមថា កម្ពុជាត្រូវឈរលើគោលការណ៍សន្តិភាពនិយម និងត្រូវសិក្សាអំពីជម្លោះនោះឲ្យបានល្អិតល្អន់ មុននឹងធ្វើប្រតិកម្មទៅនឹងហេតុការណ៍ដែលអាចកើតមាន នៅក្នុងជម្លោះ ដែលកើតចេញពីការដណ្តើមការពារផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនរវាងប្រទេសស្ថិតក្នុងជម្លោះនេះ ជាជាងការពង្រីកមនោគមន៍វិជ្ជានយោបាយដ៏គ្រោះថ្នាក់នោះ។
លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ VOA ថា ស្ថានភាពជម្លោះក្នុងសមុទ្រចិនខាងត្បូងមានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលប្រទេសកម្ពុជាជាសមាជិក។
ហេតុដូច្នេះ កម្ពុជាត្រូវធ្វើការសម្រេចរបស់ខ្លួនដោយឈរលើគោលការណ៍សន្តិភាពនិយម និងត្រូវច្រានចោលរាល់ការសម្រេចដោយអំណាចតុលាការណាមួយដែលមិនបម្រើដល់តម្លៃសន្តិភាព។
«អញ្ចឹង បើការសម្រេចរបស់តុលាការណា ដែលទាក់ទងជាមួយនឹង [ការ] មិនបម្រើដល់សន្តិភាព និងអភិវឌ្ឍន៍នោះទេ ខ្ញុំគិតថា កម្ពុជាគួរតែធ្វើការពិចារណាឲ្យបានដិតដល់មុននឹងការសម្រេចអ្វីមួយនោះបាទ»។
លោកគង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានប្រាប់ VOA ថា ជម្លោះក្នុងសមុទ្រចិនខាងត្បូងនឹងមិនអាចឈានដល់ការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហានោះទេ។ លោកយល់ថា ការចរចាវាងហ្វីលីពីននិងចិនអាចនឹងកើតមាន បន្ទាប់ពីការចេញសេចក្តីសម្រេចនោះ ដោយហេតុថា ទាំងសហរដ្ឋអាមេរិក និងចិនមិនចង់ខាតបង់ផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចរៀងៗខ្លួនទេ។
លោកបន្តថា កម្ពុជាក៏មិនអាចចូលរួមក្នុងប្រតិបតិ្តការយោធា ដើម្បីជួយប្រទេសណាមួយដែលជាប់ក្នុងជម្លោះនោះដែរ។
«ប្រទេសគ្រប់តែគ្នាទាំងអស់នៅក្នុងតំបន់ដឹងមុនហើយថា វាមិនអាចនាំទៅដល់ការប៉ះទង្គិចធ្ងន់ធ្ងរផ្នែកយោធាអីទេ ពីព្រោះវាអត់មានផ្តល់ផលប្រយោជន៍ទៅដល់ភាគីណា សូម្បីតែមហាអំណាចធំៗ ដូចជាចិន និងអាមេរិកជាដើម»។
លោកបញ្ជាក់បន្តថា ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត មិនអាចចេញសេចក្តីថ្លែងការណ៍ណាមួយបញ្ជាក់ពីជំហររបស់ខ្លួន ក្រោយការប្រកាសសាលដីការបស់តុលាការផងដែរ។ លោកបាននិយាយយ៉ាងដូច្នេះដោយយោងទៅលើកាឈ្នះក្តីរបស់កម្ពុជា ទាក់ទងនឹងអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារ។
«យើងត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ ក្នុងប្រវត្តិសាស្ត្ររបស់តំបន់ ក្នុងការដោះស្រាយវិវាទទឹកដី រវាងប្រទេសនិងប្រទេស។ អញ្ចឹងហើយ អាហ្នឹងជាទូទៅដែលខ្ញុំទទួលបានសំណួរថា តើ ហេតុអីបានជាយើងមិនព្រមចូលរួមចេញសេចក្តីថ្លែងការណ៍រួមគាំទ្រតុលាការ? កាលពីយើងឈ្នះនោះ! ក៏គ្មានអ្នកណាគេចេញសេចក្តីថ្លែងការណ៍រួមគាំទ្រការសម្រេចចិត្តរបស់តុលាការដែរ។ អាហ្នឹងដែលយើងត្រូវតែមានយុត្តិធម៌សម្រាប់សមាជិកអាស៊ានទាំងអស់»។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីខែមេសាកន្លងទៅ លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានការពារសកម្មភាពរបស់ចិនក្នុងការកសាងកោះក្នុងសមុទ្រចិនខាងត្បូង និងបានចោទប្រទេសហ្វីលីពីនថា មិនមានឆន្ទៈដោះស្រាយជម្លោះ ដោយឈរលើគោលការណ៍ទ្វេភាគី ព្រោះប្រទេសហ្វីលីពីនបានប្តឹងជាឯកតោភាគីទៅកាន់តុលាការមជ្ឈត្តកម្ម។
លោកវ៉ាង យីបន្តថា ប្រទេសចិនប្រកាន់យកគោលជំហរដោះស្រាយជម្លោះដោយការចរចា និងសន្តិវិធី ហើយថា ប្រទេសចិនមិនបារម្ភពីបណ្តឹងរបស់ហ្វីលីពីននោះទេ។ នាគ្រានោះ ភាគីកម្ពុជាមិនបានប្រតិកម្មអ្វីទៅលើការលើកឡើងនេះទេ ហើយបានប្រកាសជំហររបស់ខ្លួនសារជាថ្មីថា កម្ពុជាកាន់លើគោលការណ៍អព្យាក្រិត្យ និងមិនលូកដៃចូលក្នុងទំនាស់នេះទេ។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ បានប្រាប់ VOA ថា សាលដីការបស់តុលាការមជ្ឈត្តកម្មនឹងអាចដាក់សម្ពាធទៅលើរដ្ឋាភិបាលចិន ចំពោះការគូសខ្សែផែនទីដែលមានគំនូសត្រេចំនួន៩កំណត់ព្រំដែនដោយឯកឯង ដោយក្តោបកា្តប់យកតំបន់មានជម្លោះស្ទើរតែទាំងអស់។
លោកឲ្យដឹងបន្តថា ភាពតានតឹងអាចនឹងមានផងដែរ ក្រោយការចេញសាលដីការបស់តុលាការ ហើយជម្លោះរវាងចិន និងហ្វីលីពីនអាចនឹងឈានដល់ការផ្ទុះអាវុធក្នុងករណីដែល ប្រទេសចិនបន្តជំរុញបន្ថែមទៀតក្នុងការសាងសង់កោះសិប្បនិម្មិតរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះ ហើយពង្រឹងតួនាទីផ្នែកយោធាការពារបូរណភាពដែនដី ជាពិសេសនៅក្នុងតំបន់ជម្លោះ Scarborough Shoal។
«ប្រសិនបើចិនពង្រីកនូវការសាងសង់ ហៅថា កោះសិប្បនិម្មិតនៅក្នុងតំបន់ Scarborough Shoal នោះ វាអាចឈានទៅរកចំណុចក្រហមហើយ បានន័យថា អាចនឹងមានជម្លោះប្រដាប់អាវុធណាមួយជាយថាហេតុរវាងប្រទេសចិន និងហ្វីលីពីននៅក្នុងតំបន់ដែលមានជម្លោះ Scarborough Shoal ហ្នឹង»។
លោកបន្ថែមថា ចិននឹងមិនអាចមើលស្រាលសាលដីកាតុលាការអន្តរជាតិមួយនេះបានទេ ប្រសិនបើចិនចង់រក្សាឥទ្ធិពល និងមុខមាត់របស់ខ្លួន ដែលកាន់យកជំហរអភិវឌ្ឍន៍ប្រកបដោយសន្តិភាពក្នុងពិភពលោកនោះ។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសជប៉ុននិងប្រទេសមួយទៀតក្នុងសមាគមអាស៊ាន ក្នុងតំបន់អាស៊ី បានប្រកាសថា ពួកគេនឹងគាំទ្រសាលដីកាដែលនឹងត្រូវប្រកាសនៅថ្ងៃទី១២ ខែកក្កដាខាងមុខនេះ។
ប្រទេសកម្ពុជា ដែលមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ ជារឿយៗ ត្រូវគេរាយការណ៍ឲ្យដឹងថា បានរងការរិះគន់ថា មានជំហរងាកទៅរកចិន ដែលជាអ្នកផ្គត់ផ្គង់ហិរញ្ញប្បទាន និងដាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសដ៏ក្រីក្រនេះ។
ជាក់ស្តែង នៅក្នុងជំនួបប្រជុំរបស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានជាមួយរដ្ឋមន្ត្រីការបរទេសចិន ដែលរៀបចំឡើងកាលពីខែមិថុនានៅ Kunming ប្រទេសចិននោះបណ្តាញព័ត៌មានបរទេសនានាបានរាយការណ៍ថា សមាគមអាស៊ានបានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួមគ្នាទាក់ទងជម្លោះសមុទ្រចិនខាងត្បូងនេះ ក្រោយពីកិច្ចប្រជុំ។
តែនៅនាទីចុងក្រោយ បើតាមបណ្តាញព័ត៌មានបរទេសបានឲ្យដឹងថា អាស៊ានបានផ្លាស់ប្តូរជំហររបស់ខ្លួនវិញ ដោយសារប្រទេសចិនបានដាក់សម្ពាធឲ្យឡាវ ដែលជាប្រធានអាស៊ាន ហើយនឹងកម្ពុជាគាំទ្រជំហរខ្លួន។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលសេចក្តីរាយការណ៍នោះ ដោយបានអះអាងថា កម្ពុជាមិនមែនជាផ្នែកមួយនៃការបំផ្លាញអាស៊ានទេ។ លោកបានបញ្ជាក់ពីជំហរ កម្ពុជាថា ជម្លោះសមុទ្រចិនខាងត្បូងជាជម្លោះទេ្វភាគី មិនមែនជាបញ្ហាអាស៊ាននោះឡើយ ហើយលោកបានសង្កត់ធ្ងន់ថា ប្រទេសចិន និងអាស៊ានមិនមែនមានបញ្ហាសមុទ្រចិនខាងត្បូងតែមួយទេ គឺមានបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មដែលផ្តល់ប្រយោជន៍ច្រើនចំពោះអាស៊ាន។
នៅក្នុងថ្ងៃប្រារព្ធខួប៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជារបស់លោកដែលរៀបចំឡើងកាលពីថ្ងៃទី២៨ខែមិថុនា លោកហ៊ុន សែនបានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មិនត្រឹមតែមិនគាំទ្រទេ គឺថែមទាំងប្រឆាំងនឹងការចេញសេចក្តីថ្លែងការណ៍ណាមួយរបស់អាស៊ាន ដែលគាំទ្រដល់សាលដីកាតុលាការមជ្ឈត្តកម្មពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលប្រទេសនៅក្រៅតំបន់ខ្លះបានធ្វើសកម្មភាពអូសទាញ និងគាបសង្កត់ឲ្យប្រទេសសមាជិកអាស៊ានគាំទ្រមុនពេលដឹងថា តុលាការចេញសាលដីកាបែបណានោះផង។
បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល វេទិកាសង្គមស៊ីវិល ដែលមានអង្គការ សមាគម និងសហជីពចំនួន១៤៧ កាលពីថ្ងៃទី៤ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍គាំទ្រជំហររបស់គណបក្សកាន់អំណាចនេះ។ ពួកគេបានទទូចឲ្យភាគីពាក់ព័ន្ធ រក្សាភាពអត់ធ្មត់ជាអតិបរមា និងដោះស្រាយដោយសន្តិវិធី ដោយមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំងទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។
ពួកគេស្នើឲ្យភាគីពាក់ព័ន្ធប្រើប្រាស់យន្តការសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងខិតខំធ្វើការរួមគ្នារវាងអាស៊ាន និងចិនដើម្បីធ្វើឲ្យសម្រេចបានក្រមប្រតិបត្តិ (COC)។
យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអន្តរជាតិនានានិយាយថា សាលដីកាដែលនឹងចេញដោយតុលាការមជ្ឈត្តកម្ម នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ត្រូវគេរំពឹងថា នឹងសម្រេចគាំទ្រដល់ភាគីហ្វីលីពីន ហើយអាចនឹងដកហូតនូវភាពស្របច្បាប់របស់ចិនចំពោះការទាមទារយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលតាមខ្សែផែនទីដែលមានគំនូសត្រេ៩ ដែលគេហៅថា Nine Dash Line។
នៅគ្រាដែលសាលដីកានេះមិនទាន់ចេញផងនោះ ប្រទេសចិនបានផ្តើមធ្វើសមយុទ្ធយោធាដែលមានរយៈពេលមួយសប្តាហ៍ពេញនៅជុំវិញប្រជុំកោះ Paracel។
ចំណាត់ការកងទ័ពមួយនេះគឺជាអ្វីដែលក្រុមអ្នកវិភាគយល់ថា មានគោលបំណងដើម្បីធ្វើឲ្យសេចក្តីសម្រេចលក្ខណៈប្រវត្តិសាស្រ្តរបស់តុលាការមជ្ឈត្តកម្មក្នុងពេលឆាប់ៗនេះក្លាយជាមោឃៈ៕