ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​អាស៊ាន​ចាប់ផ្ដើម​សមយុទ្ធ​ដែន​សមុទ្រ​រួម​គ្នា​ជា​លើក​ដំបូង


រូបភាព​ឯកសារ៖ ទាហាន​កូរ៉េ​ខាង​ត្បូង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ នៅ​លើ​ឆ្នេរ Hat Yao ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។
រូបភាព​ឯកសារ៖ ទាហាន​កូរ៉េ​ខាង​ត្បូង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ នៅ​លើ​ឆ្នេរ Hat Yao ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ទាំង ១០ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​ដែន​សមុទ្រ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា ដែល​ពង្រីក​ចូល​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ក្ដៅ​គគុក។ សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​ពី​នាវា​ចម្បាំង​ចំនួន ៨ គ្រឿង យន្តហោះ​ចម្បាំង ៤ គ្រឿង និង​ទាហាន​ជាង ១ ពាន់​នាក់។

សមយុទ្ធ​ដែន​សមុទ្រ​អាស៊ាន​សហរដ្ឋ​អាមេរិក​លើក​ដំបូង​នេះ​មាន​រយៈពេល ៥ ថ្ងៃ ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​មូលដ្ឋាន​ទាហាន​ជើង​ទឹក Sattahip ប្រទេស​ថៃ និង​បញ្ចប់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

សមយុទ្ធ​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បង្កើន​ការ​ប្រឡូក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ផ្នែក​មួយ​ចំនួន​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន។

សមយុទ្ធ​នេះ​ដឹកនាំ​ដោយ​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​ទាហាន​ជើង​ទឹក​ថៃ។ សមយុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​ចូល​ក្នុង «ដែន​ទឹក​អន្តរជាតិ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ​មាន​ទាំង​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ‍» មុន​ពេល​បញ្ចប់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

លោ​នាយក​ឧត្ដមនាវីឯក Joey Tynch ដែល​ដឹកនាំ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​និយាយ​ថា៖ «សមយុទ្ធ​ដែន​សមុទ្រ​អាស៊ាន​សហរដ្ឋ​អាមេរិក​នេះ​កសាង​សន្តិសុខ​ដែន​សមុទ្រ​ប្រសើរ​ជាង​មុន​លើ​កម្លាំង​របស់​អាស៊ាន កម្លាំង​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ទាហាន​ជើង​ទឹក និង​ទាហាន​ជើង​ទឹក និង​កម្លាំង​នៃ​ការ​ជឿជាក់​រួម​គ្នា​របស់​យើង​ថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​តំបន់​សេរី និង​បើក​ចំហ»៕

XS
SM
MD
LG