នៅពេលតុលាការធម្មនុញ្ញរបស់ប្រទេសអាហ្វ្រិកខាងត្បូងបញ្ចប់ការកាត់សេចក្តីរបស់ខ្លួនកាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Jacob Zuma មានរយៈពេល៤៥ថ្ងៃទៀតដើម្បីបង់ប្រាក់ប្រហែលកន្លះលានដុល្លារទៅក្នុងថវិកាជាតិរបស់ប្រទេសនេះ។
រតនាគាររបស់អាហ្វ្រិកខាងត្បូងបានរកឃើញថា នោះគឺជាទឹកប្រាក់ដែលលោក Jacob Zuma ជំពាក់យកទៅកែច្នៃផ្ទះរបស់គាត់នៅជនបទជាលក្ខណៈគ្រួសារដែលហៅថា Nkandla។
នៅឆ្នាំ២០១៤ អង្គភាពប្រឆាំងអំពើពុករលួយជាន់ខ្ពស់បំផុតរបស់ប្រទេសនេះបានកំណត់ថាលោក Zuma បាន «ទទួលប្រយោជន៍ហួសហេតុ» ដោយការប្រើប្រាស់ទឹកប្រាក់របស់រដ្ឋាភិបាលប្រមាណ២៣លានដុល្លារដើម្បីកែច្នៃផ្ទះរបស់លោក។
អ្នកគាំទ្ររបស់លោក Zuma បានឱ្យដឹងថាការកែលម្អនេះជាវិធានការសន្តិសុខចាំបាច់សម្រាប់ប្រមុខរដ្ឋ។ មន្រ្តីការពារប្រយោជន៍សាធារណៈអ្នកស្រី Thuli Madonsela មិនយល់ស្របនឹងគំនិតនោះដោយនិយាយថាលោកប្រធានាធិបតីមិនគួរប្រើប្រាស់មូលនិធិសាធារណៈសម្រាប់អាងហែលទឹក កន្លែងចិញ្ចឹមសត្វ កន្លែងចិញ្ចឹមមាន់ ឆាកសម្តែង និង មជ្ឈមណ្ឌលអ្នកទស្សនានោះទេ។
របាយការណ៍របស់អ្នកស្រីបានបង្ហាញថា លោកប្រហែលត្រូវបង់ប្រាក់ត្រឡប់មកវិញចំនួន៦៥០.០០០ដុល្លារ។
ប្រធានអង្គការឃ្លាំមើលអំពើពុករលួយដែលមានមូលដ្ឋាននៅទីក្រុង Johannesburg លោក David Lewis បាននិយាយថាអាហ្វ្រិកខាងត្បូងចង់បានច្រើនទៀតពីប្រធានាធិបតីរបស់ពួកគេ។
«ខ្ញុំមិនភ្ញាក់ផ្អើលចំពោះតួលេខនេះទេ។ ខ្ញុំគិតថាសាធារណជននឹងមិនពេញចិត្តនឹងតួលេខនោះទេ ហើយពួកគេមិនពេញចិត្តច្បាស់ណាស់។ ប៉ុន្តែខ្ញុំគិតថាប្រសិនបើគាត់ត្រូវបានតុលាការបង្គាប់ឲ្យបង់ត្រឡប់ទៅវិញនូវទឹកប្រាក់ចំនួន៥.២៥លានដុល្លារ សាធារណៈជននឹងនៅតែមិនជឿ ដោយសារគេមានជំនឿថា ប្រធានាធិបតីបានផលប្រយោជន៍ហួសហេតុពេកពីធនធានសាធារណៈពីទាហានជួរមុខ ហើយវាគឺជាការយល់ឃើញដ៏ត្រឹមត្រូវមួយ បើនិយាយដោយស្មោះត្រង់»។
នេះមិនមែនជាការចោទប្រកាន់លើបញ្ហាអំពើពុករលួយតែមួយទៅលើលោកប្រធានាធិបតីនោះទេ។ នៅឆ្នាំ ២០០៧ គាត់បានប្រឈមនឹងករណីតុលាការមួយលើការចោទប្រកាន់ការលួចបន្លំលុយ និងអំពើពុករលួយចំនួន៧៨៣ករណីលើកិច្ចព្រមព្រៀងទិញដូរអាវុធ។ តុលាការនេះបានទម្លាក់ចោលការចោទប្រកាន់នៅឆ្នាំ២០០៩ដែលជាការឈូសឆាយផ្លូវសម្រាប់ការបោះឆ្នោតរបស់លោក។ ករណីនេះត្រូវបានលើកឡើងវិញនៅឆ្នាំនេះហើយនៅទីបំផុត លោក Zuma នឹងត្រូវទៅបង្ហាញខ្លួននៅតុលាការដោយសារការចោទប្រកាន់ទាំងនោះ។
គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (Democratic Alliance) ដែលជាគណបក្សប្រឆាំង បានទទូចថា លំនាំចោទប្រកាន់អំពើពុករលួយទៅលើលោក Zuma គឺជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរគាត់ចេញ។
កាលពីខែមេសា គណបក្សប្រឆាំងបានប្រមូលផ្តុំបញ្ហាប្រឈមដែលបរាជ័យក្នុងការចោទប្រកាន់លើការកែច្នៃផ្ទះរបស់លោក។ វិធានការនេះបានទទួលបរាជ័យ ដោយសារតែគណបក្សរបស់លោក Zuma គឺគណបក្សសមាជជាតិអាហ្វ្រិក មានសំឡេងច្រើនលើសលប់។
លោក Mabine Seabe អ្នកនាំពាក្យម្នាក់របស់គណបក្សប្រឆាំង បាននិយាយថាគណបក្សលោកនឹងបន្តចោទប្រកាន់អំពីអំពើពុករលួយផ្សេងទៀតប្រឆាំងនឹងលោក Zuma។ លោកបានឱ្យដឹងថាគណបក្សនេះមិនគិតថាប្រាក់ដែលបង់ត្រឡប់ទៅឲ្យរតនាគារគ្រប់គ្រាន់នោះទេ។
«បាទ ក្នុងនាមជាគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (Democratic Alliance) យើងបានសន្មតថាលោកប្រធានាធិបតីជំពាក់ប្រាក់យ៉ាងហោចណាស់៣.៥លានដុល្លារ សម្រាប់ការកែច្នៃលើប្រព័ន្ធសុវត្ថិភាព។ យើងចង់ឲ្យប្រធានាធិបតីបង់ត្រឡប់មកវិញ នូវទឹកប្រាក់ Nkandla ទាំងអស់នេះ ប៉ុន្តែរតនាគារបានធ្វើការសម្រេចចិត្តរួចទៅហើយ»។
ប៉ុន្តែ៥០០.០០០ដុល្លារអាចទិញបានអ្វីយ៉ាងច្រើននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលជាប្រទេសមួយក្នុងចំណោមប្រទេសមិនស្មើភាពគ្នាបំផុតជាច្រើននៅក្នុងពិភពលោក។
វាគ្រាន់តែតិចជាងបីដងនៃប្រាក់ប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Zuma ប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាមទីភ្នាក់ងារស្ថិតិរបស់ប្រទេសនេះ វាត្រូវការពេលជាង៣៧០ឆ្នាំសម្រាប់ប្រជាជនមធ្យមក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីរកប្រាក់ចំណូលបាន៥០០.០០០ដុល្លារ។
ការិយាល័យរបស់លោក Zuma មិនបានទទួលទូរស័ព្ទដែលទាមទារចង់បានការអត្ថាធិប្បាយនោះទេ ប៉ុន្តែការិយាល័យរបស់លោកបានចេញសេចក្តីប្រកាសជូនដំណឹងដល់ប្រជាជនអាហ្វ្រិកខាងត្បូងអំពីគម្រោងការក្បត់បែបប្រលោមលោកថ្មីមួយ ដែលជាគណនីក្លែងក្លាយមួយត្រូវបានបង្កើតឡើងដើម្បីជួយប្រមូលប្រាក់សម្រាប់លោក Zuma បង់វិក័យបត្រ។
ការិយាល័យរបស់លោកដាស់តឿនប្រជាជន អាហ្វ្រិកខាងត្បូងមិនឱ្យធ្លាក់ចូលទៅក្នុងអំពើឧក្រិដ្ឋបែបនេះ។
ប្រែសម្រួលដោយ ផន បុប្ផា