ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន​ថា​លិខិត​ក្រសួង​មហាផ្ទៃ​នឹង​មិន​បង្អាក់​ការ​ចូលរួម​របស់​បក្ស​ក្នុង​ការ​បោះឆ្នោត ​


លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)
លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

គណបក្ស​ភ្លើងទៀន​ និង​ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​ដោះស្រាយ​ពី​ការ​តែងតាំង​អនុប្រធាន​គណបក្ស​ជំទាស់​មួយ​នេះ​ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​នេះ​កាន់​តែ​ខិត​ជិត​មក​ដល់។

កាល​ពី​ថ្ងៃ​ពុធ​ ទី​២៥​ ខែ​ឧសភា​ម្សិល​មិញ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ បាន​ផ្តល់​សេចក្តី​ពន្យល់​មួយ​ទៅកាន់​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ ទាវ វណ្ណុល ថា​ការ​សម្រច​តែងតាំង​ លោក​ សុន​ ឆ័យ​ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហា​ផ្ទៃ ​និង​លិខិត​របស់ក្រសួង​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០២២​ព្រម​ទាំង​បញ្ញត្តិ​មាត្រា​ ២៦​ថ្មី នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក ​សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បញ្ហា​ដែល​បាន​កើត​ឡើង​ថ្មីៗ​នេះ​ ពាក់ព័ន្ធ​នឹង​តួនាទី​លោក​ក្នុង​សមាសភាព​ដឹកនាំ​បក្ស​គឺជា​កំហុស​ផ្នែក​រដ្ឋបាល​របស់​គណបក្ស​ភ្លើងទៀន ​ដែល​លោកចាត់​ទុក​ថា​ មិន​មែន​ជាបញ្ហា​ធំ​ដុំ​នោះ​ទេ។

លោក សុន ឆ័យ​ ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ​បញ្ហា​ទាំង​នេះ​ក៏​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ក្នុង​ការ​ចូល​រួម​ធ្វើ​សកម្មភាព​របស់​លោក​ និង​គណបក្ស​ភ្លើងទៀន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ដែរ។

លោក​ថ្លែងថា៖ «ពាក់ព័ន្ធ​នឹង​ការងារ​រដ្ឋបាល​របស់​គណបក្ស​យើង​មិន​ទាន់​បាន​ផ្ញើ​ប្រវត្តិ​រូប​ខ្ញុំ​ទៅ​ក្រសួង​ហើយ​នឹង​មិន​ទាន់​បាន​ផ្ញើ​បញ្ជី​សមាជិក​គណៈកម្មាធិការនាយក​ដែល​បាន​តែង​តាំង ​តាំង​ពី​ជាង​១​ខែ​មក​ហើយ​ ដូច្នេះ​យើង​នឹង​រៀប​ចំ​ចាត់​ចែង​បញ្ចូន​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​នេះ ​យើង​ទោះ​បី​ជា​ មិន​ទាន់​បំពេញ​ឯក​សារ​អី​តាម​រដ្ឋ​បាល​ តែ​ខ្ញុំ​មាន​សិទ្ធ​១០០%​ក្នុង​ការងារ​រហូត​ទៅ​ដល់​ចប់​យុទ្ធនាការ​នេះ»។

លោក សុន​ ឆ័យ​ គឺ​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ក្នុង​តំណែង​ជា​អនុ​ប្រធាន​ គណបក្ស​ភ្លើងទៀន​ទើប​តែ​ទទួល​បាន​ការ​តែង​តាំង​នៅ​ក្នុង​គណបក្ស​រយៈ​ពេល​ប្រមាណ​ជា​២​ខែ​កន្លង​មក​ នេះ​ លោក​សុន​ ឆ័យ​ កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មានប្រជាប្រិយភាព​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​គណបក្ស​ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ការ​ចេញ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ​ខៀវ សុភ័គ ​បាន​ឱ្យដឹង​ថា​ការ​តែង​តាំង​តំណែង​អនុ​ប្រធាន​បក្ស​របស់​លោក ​សុន ​ឆ័យ ​មាន​បញ្ហា​ខុស​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ជា​ច្រើន​ចំណុច។ ​លោកបាន​បន្ថែមថា ​ក្រសួង​ចង់​ឱ្យ​គណបក្ស​នយោបាយ​គោរព​ទៅ​តាម​ច្បាប់​ដែល​សាមី​គណបក្ស​បាន​ចែង ​មិន​មែន​ជា​ការ​ដាក់​សម្ពាធអ្វី​នោះ​ទេ។

លោក​មានប្រសាសន៍ថា៖​ «មិន​មែន​ជា​ការ​គាបសង្កត់​ឬ​ជា​ការ​សម្លុតគំរាមគំហែង​ទេ​ អា​នេះ​គ្រាន់​តែ​ចង់​ណែ​នាំ​ឱ្យ​គាត់​ដឹង​ពី​ច្បាប់​ទម្លាប់​ប៉ុណ្ណឹង​ទេ។ ​ខ្ញុំ​ឱ្យ​ដឹង​ហើយ​តើ ​គណបក្ស​នយោបាយ​ភ្លើងទៀន​ខ្លួន​ឯង​ដឹង​តើ​សរសេរ​ច្បាប់​ខ្លួន​ឯង​តើ ​ធ្វើ​ខុស​មាត្រា​ប៉ុន្មាន​ក្រសួង​មាន​ដាក់​ហើយ​ មើល​ខ្លួន​ឯង​ទៅ ​មិន​មែនខុស​រឿង​ប្រវត្តិរូប​ឯ​ណា​ ខុស​លក្ខខណ្ឌទាំង​ស្រុង​ មាត្រា​ប៉ុន្មានៗ​មើល​ឱ្យ​ច្បាស់​លាស់​ទៅ​មើល​បន្ទាប់​ពី​ធ្វើ​មក​ខុស​ពី​ច្បាប់​គណបក្ស​នយោបាយ​ទៀត​ អាហ្នឹង​បើ​សិន​ជា​ប្តឹង​តុលា​ការ​អាច​មាន​ទោស»។

ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ​មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល លោក​ កន សាវាង្ស​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ថា ​យោង​តាម​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​នោះ ​គឺ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ​ហើយ​សំខាន់​គឺ​ភាគី​ខាង​គណបក្ស ​និង​ក្រសួង​មហា​ផ្ទៃ​ជជែក​គ្នា​ដោះស្រាយ​ជា​ការ​ប្រសើរ​បំផុត។

លោក​បញ្ជាក់​ថា៖ «វា​ជា​ការងារ​សម្ងាត់​រវាង​ក្រសួង​មហា​ផ្ទៃ​និង​គណបក្ស​ភ្លើងទៀន​ដែល​បាន​ដាក់​ហ្នឹង។ អាស្រ័យ​ទៅ​លើ​អ្នក​ទាំង​ពីរ​នេះ​ទេ​អះ​អាង​បែប​ម៉េច​ខ្ញុំ​មិន​មាន​ជា​យោបល់​ទេ​ ប៉ុន្តែ​គំនិត​ខ្ញុំ​មើល​ឃើញ​អ្វី​ក្នុង​លិខិត​នេះ​ការ​សន្និដ្ឋាន​ការ​គិត​របស់​ខ្ញុំ​គឺ​វា​មិន​ទាន់​ដល់​ថ្នាក់​ប៉ះ​ពាល់​អ្វី​ដែល​ធំ​ដុំ​ទេ ​ពី​ព្រោះ​នៅ​ក្នុង​ដំណាក់​កាល​នេះ ​គឺ​គេ​អាច​ធ្វើ​ការ​កែ​តម្រូវ​អ្វី​ផ្សេងៗ​ពី​ព្រោះ​គណបក្ស​នេះ​បាន​ចុះ​ឈ្មោះ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​រួម​ទាំង​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តាម​រយៈ​ការ​ដាក់​បេក្ខជន​តាម​ឃុំ​សង្កាត់​បាត់​ទៅ​ហើយ»។

ស្រប​ពេល​មាន​លិខិត​ខាងលើ​ពី​ក្រសួង​មហា​ផ្ទៃ​ គណបក្ស​ភ្លើងទៀន ដែល​ទើប​នឹង​បាន​ដំណើរការ​ជាថ្មី​ អស់​រយៈ​ពេល​ជិត​៥ខែ​មក​នេះ ​បាន​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ ជាមួយ​នឹង​មន្រ្តី​និង​អាជ្ញាធរ​មូលដ្ឋាន​ ច្រើន​ជាង​គណបក្ស​ផ្សេងៗ​ដទៃ​ទៀត​ដែល​បាន​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ៕

XS
SM
MD
LG