បុគ្គលិករដ្ឋាភិបាលអាមេរិកបានប្រឈមនឹងភាពមិនប្រាកដប្រជានៅថ្ងៃចន្ទ ពេលពួកគេជាច្រើននាក់ត្រូវបានតម្រូវឲ្យបង្ហាញសមិទ្ធផលការងាររបស់ខ្លួនដល់លោកមហាសេដ្ឋី Elon Musk ដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានប្រគល់ភារកិច្ចឲ្យកាត់ចំណាយរដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការទាមទាររបស់លោក Musk ឲ្យបុគ្គលិកផ្នែកស៊ីវិលរបស់រដ្ឋាភិបាលផ្ញើសមិទ្ធផលការងាររបស់ពួកគេកាលពីសប្ដាហ៍មុនដល់លោកត្រឹមម៉ោង ១១ និង ៥៩ នាទីយប់ម៉ោងនៅប៉ែកខាងកើតសហរដ្ឋអាមេរិកនៅថ្ងៃចន្ទបានធ្វើឲ្យបុគ្គលិកបម្រើការក្រោមរដ្ឋបាលលោក Trump វិលវល់។
ទីភ្នាក់ងារមួយចំនួនរួមទាំងទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់គ្រឿងញៀននិងទីភ្នាក់ងារគ្រប់គ្រងសារគមនាគមន៍សហព័ន្ធជាដើមបានប្រាប់បុគ្គលិកឲ្យធ្វើតាមការទាមទារនោះ។ តែស្ថាប័នជាច្រើនទៀតដូចជាក្រសួងការពារជាតិ ក្រសួងសន្តិសុខមាតុភូមិ ក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម និងក្រសួងថាមពលជាដើម បានបញ្ជាឲ្យបុគ្គលិកកុំឆ្លើយតបតាមការទាមទារនោះ។
លោក Musk បានព្រមានបុគ្គលិកសហព័ន្ធឲ្យធ្វើតាមការទាមទារនោះ ដោយបានសរសេរសារតាមបណ្តាញសង្គមអនឡាញ X របស់លោកនៅព្រឹកថ្ងៃចន្ទថា៖ «អ្នកណាដែលធ្វើព្រងើយកន្តើយនឹងអ៊ីមែលនេះនឹងត្រូវស្វែងរកការងារនៅកន្លែងផ្សេងឆាប់ៗនេះ»។
ក្នុងសារដាច់ដោយឡែកមួយទៀត លោក Muskក៏បាននិយាយផងដែរថាបុគ្គលិករដ្ឋាភិបាលសហព័ន្ធណាដែលមិនត្រឡប់ទៅធ្វើការនៅកន្លែងធ្វើការដោយផ្ទាល់តាមបទបញ្ជារបស់លោក Trump កាលពីខែមុននឹងត្រូវដាក់ឲ្យឈប់សម្រាកចាប់ពីសប្តាហ៍នេះតទៅ។
លោក Musk បានដឹកនាំកិច្ចប្រឹងប្រែងកាត់បន្ថយចំនួនបុគ្គលិករដ្ឋាភិបាលដោយបានបញ្ឈប់ការងារបុគ្គលិកជាង ២០.០០០ នាក់និងអនុញ្ញាតឲ្យបុគ្គលិក ៧៥.០០០ នាក់ទៀតឈប់ធ្វើការដោយទទួលបានប្រាក់បំណាច់មុខងារក្នុងចំណោមបុគ្គលិករដ្ឋាភិបាលសហព័ន្ធផ្នែកស៊ីវិលសរុបចំនួន ២ លាន ៣ សែននាក់៕
វេទិកាបញ្ចេញមតិ