គណបក្សនយោបាយចំនួន៦បន្តជំទាស់នឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដោយទាមទារឲ្យរក្សាទុកនីតិវិធីនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ឲ្យដូចការអនុវត្តក្នុងអាណត្តិទី៤ដើម្បីធានាបានអព្យាក្រឹតភាព តម្លាភាពនិងសុក្រឹតភាពលើដំណើរការនិងលទ្ធផលនៃការបោះឆ្នោត។ ប៉ុន្តែការទាមទារនេះគ.ជ.ប.បានច្រានចោលសំណើរនោះសាជាថ្មីនិងអះអាងថានឹងបន្តអនុវត្តតាមការអនុម័តរបស់ស្ថាប័នមួយនេះ។
ការកែប្រែនីតីវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះធ្វើឲ្យគណបក្សមួយចំនួនមានក្តីមន្ទិលនិងក្តីកង្វល់កាន់តែខ្លាំងចំពោះដំណើរការរៀបចំការបោះឆ្នោតជាពិសេសលទ្ធផលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ។ពួកគេថែមទាំងអស់ជំនឿលើស្ថាប័នគ.ជ.ប. និងយល់ថាការរៀបចំការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះនឹងមិនមានតម្លាភាពសុក្រឹតភាពនិងអព្យាក្រឹតភាពសម្រាប់គណបក្សនយោបាយដែលបានចូលរួមនិងម្ចាស់ឆ្នោតឡើយ។នេះបើតាមតាមញត្តិរបស់គណបក្សនយោបាយចុះថ្ងៃទី២៧ខែមករាឆ្នាំ២០២២។
គណបក្សនយោបាយបានទាមទារឲ្យស្ថាប័នគ.ជ.ប.រក្សាទុកទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២)ឲ្យនៅដដែលដោយរក្សាខ្ទង់ព័ត៌មានអំពីចំនួនសន្លឹកឆ្នោតដែលបានទទួលសន្លឹកឆ្នោតដែលមិនបានប្រើសន្លឹកឆ្នោតខូចជាដើម។
ពួកគេទាមទារឲ្យប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបន្តចែកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២)ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅតាមការិយាល័យបោះឆ្នោតដូចការបោះឆ្នោតអាណត្តិមុនដើម្បីធានាភាពជឿជាក់លើដំណើរថាការបោះឆ្នោតឆ្នាំ២០២២ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌និងអាចឲ្យគណបក្សដែលចូលរួមប្រកួតអាចទុកចិត្តបាននិងបញ្ចៀសជម្លោះនយោបាយពេលបោះឆ្នោតចប់។
គណបក្សទាំងនោះរួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សកម្ពុជានិយមគណបក្សកែទម្រង់កម្ពុជាគណបក្សកម្លាំងប្រជាធិបតេយ្យគណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន។
ញត្តិរួមគ្នានោះបញ្ជាក់បន្ថែមថាគណបក្សទាំងអស់មិនអាចទទួលយកបានទេចំពោះការបំភ្លឺនិងការបកស្រាយរបស់ស្ថាប័នគ.ជ.ប.អំពីការកែប្រែនីតិវីធីបោះឆ្នោតថ្មីដែលគ.ជ.ប.បានសំអាងថាមន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស១២ម៉ោងហួសកម្លាំងអាចមានការថ្លោះធ្លោយនិងកំហុសពេលចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ។ ប៉ុន្តែការសំអាងរបស់គ.ជ.ប.នេះត្រូវបានគណបក្សទាំង៦ថាមិនសមហេតុផលនិងមិនអាចទទួលយកបាននោះទេ ។គណបក្សទាំងនោះលើកឡើងថាបញ្ហានេះគ្រាន់តែតម្រូវឱ្យគ.ជ.ប.ពង្រឹងនិងបង្កើនសមត្ថភាពរបស់មន្ត្រីខ្លួនតែប៉ុណ្ណោះ។
លោកយី សីហាមន្ត្រីទទួលកិច្ចការបោះឆ្នោតនិងជាស្ថាបនិកម្នាក់នៃគណបក្សកម្ពុជានិយមថ្លែងថាការកែប្រែនីតិវិធីនេះជា«ក្តីកង្វល់ដ៏ធំ»មិនមែនត្រឹមតែគណបក្សនយោបាយតែប៉ុណ្ណោះទេសូម្បីប្រជាពលរដ្ឋនិងអង្គការតាមដានការបោះឆ្នោតក៏បានលើកឡើងថានេះជាបញ្ហានិងក្តីកង្វល់ផងដែរ។
លោកបន្ថែមថាលោកមិនទាន់អាចទទួលយកហេតុផលរបស់គ.ជ.ប.ទេ ហើយថាស្ថាប័នមួយនេះត្រូវតែបណ្តុះបណ្តាលមន្ត្រីបោះឆ្នោតតាមការិយាល័យឲ្យយកចិត្តទុកដាក់និងមានការទទួលខុសត្រូវ ដោយលោកលើកឡើងថាការងារនេះគឺមិនពិបាកទេប្រសិនបើគ.ជ.ប.មានឆន្ទៈពិតប្រាកដ។
លោកបញ្ជាក់ថា៖« ក្នុងការបណ្តុះបណ្តាលឲ្យមន្ត្រីតាមការិយាល័យនីមួយៗបង្កើនការយកចិត្តទុកដាក់និងបង្កើនការទទួលខុសត្រូវបងគិតថា វាមិនមែនជារឿងលំបាករបស់គ.ជ.ប.ទេ។ អាហ្នឹងទីមួយ។ ហើយទីពីរ យើងចង់ឲ្យគ.ជ.ប.គិតពីការអនុវត្តនូវដំណើរការក្នុងការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតមកធ្វើការដែរ។មុននឹងជ្រើសរើសយើងត្រូវសួរនាំឲ្យច្បាស់លាស់ថាតើអ្នកឯងអាចធ្វើបានឬអត់ការងារហ្នឹង ទំហំប៉ុននែក តួនាទីវាអញ្ជេក។ យើងត្រូវសួរនាំឲ្យច្បាស់មុនយើងសម្រេចចិត្តជ្រើសរើសមន្ត្រីមកធ្វើការងារនៅតាមការិយាល័យបោះឆ្នោតនីមួយៗហ្នឹង»។
លោកបន្ថែមថា៖«ការលើកឡើងការច្រានចោលម្តងជាពីរដងនិងបីដងហ្នឹង វាឆ្លុះបញ្ចាំងអំពីការមិនទទួលខុសត្រូវរបស់គ.ជ.ប.ក្នុងនាមជាស្ថាប័នរៀបចំការបោះឆ្នោតដែលឯករាជ្យ។ហើយដូចអត់មានចេតនាធ្វើយ៉ាងណាឲ្យការបោះឆ្នោតហ្នឹងវាមានលក្ខណៈល្អប្រសើរត្រឹមត្រូវតម្លាភាពនិងទទួលយកបានគ្រប់ភាគី»។
បើតាមលោកយី សីហាគណបក្សនយោបាយក៏បានជួបជាមួយមន្រ្តីទូតមួយចំនួនដូចជាសហភាពអឺរ៉ុប អាល្លឺម៉ង់ ស៊ុយអែតហើយនឹងបារាំងដោយបានពិភាក្សាលើបញ្ហានេះ។
ចំណែកលោកឡឹក សុធារអ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រសាសន៍ថាគ.ជ.ប.មិនគួរកែប្រែនីតិវីធីដែលធ្វើឲ្យបាត់បង់ទំនុកចិត្តពីភាគីគណបក្សដែលចូលរួមការបោះឆ្នោតឡើយ។
លោកថ្លែងថា៖«ហើយបើថាបញ្ហាធ្វើការលើស១២ម៉ោងបណ្តាលឲ្យមន្ត្រីរបស់ខ្លួនមានបញ្ហា អ៊ីចឹងគ.ជ.ប.ជ្រើសរើសមន្ត្រីឬជំនួយការមួយទៀតទៅឲ្យចម្លងឬក៏គ.ជ.ប.អនុញ្ញាតឲ្យគណបក្សនយោបាយជាអ្នកសរសេរចម្លងដោយខ្លួនឯងហើយគ.ជ.ប.ជាអ្នកត្រួតពិនិត្យទៅ!អ៊ីចឹងហេតុផលទាំងអស់នេះនិយាយជារួមវាគ្រាន់ជាលេសដែលមិនសមហេតុផលតែប៉ុណ្ណោះ»។
លោកអះអាងថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានក្តីបារម្ភថានឹងអាចមានការលួចបន្លំសន្លឹកឆ្នោតឬលទ្ធផលបោះឆ្នោត។
លោកបន្ថែមថា៖«បោះឆ្នោតហើយសន្លឹកឆ្នោតរាប់ហើយ ហើយយើងអត់ដឹងថារាប់បានប៉ុន្មាន។ហើយរង់ចាំថាទៅយកនៅឃុំហើយនៅក្នុងចន្លោះពេលហ្នឹងតើមានអ្វីកើតឡើង? ប្រសិនបើមានស្ថាប័នណាដែលមានអំណាចដែលមានឥទ្ធិពលហើយចង់កែប្រែលទ្ធផលនោះ តើយើងគួរដោះស្រាយយ៉ាងម៉េច?អ៊ីចឹងពួកយើងបារម្ភ។ ពួកយើងបាត់បង់ទំនុកចិត្តហើយពួកយើងបារម្ភលើលទ្ធផល[បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២]មែនទែន»។
លោកបន្តថា៖«សួរថាគ.ជ.ប.ជាអ្នកណា? ហើយគ.ជ.ប. រៀបចំការបោះឆ្នោតសម្រាប់អ្នកណា?សម្រាប់គណបក្សនយោបាយឬសម្រាប់ខ្លួនឯង?បើសម្រាប់គណបក្សនយោបាយ អ៊ីចឹងគ.ជ.ប.ត្រូវតែទទួលយកនូវអនុសាសន៍ក៏ដូចជាមតិរបស់គណបក្សនយោបាយពីព្រោះថាគណបក្សនយោបាយជាអ្នកចូលរួមប្រកួតមិនមែនគ.ជ.ប.ជាអ្នកចូលរួមប្រកួតទេ។ ហើយបើគ.ជ.ប.ធ្វើនីតិវិធីដើម្បីខ្លួនឯង អ៊ីចឹងធ្វើចុះហើយចូលរួមប្រកួតខ្លួនឯងចុះ»។
អ្នកនាំពាក្យស្ថាប័នរៀបចំការបោះឆ្នោតលោកហង្ស ពុទ្ធាប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាគ.ជ.ប.នឹងអនុវត្តកិច្ចការរបស់ខ្លួនដូចក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២២។ លោកបន្តថាការសម្រេចរបស់គ.ជ.ប.ទទួលបានមតិជំទាស់ពីគណបក្សនយោបាយមួយចំនួនតូចតែប៉ុណ្ណោះហើយគណបក្សភាគច្រើនមិនបានផ្តល់យោបល់ឡើយ។
លោកថ្លែងថា៖«គ.ជ.ប.អនុវត្តនូវកិច្ចការរបស់ខ្លួនដោយផ្នែកទៅលើបទបញ្ជានិងនីតិវិធីដែលបានអនុម័តហើយ។ហើយការអនុម័តនេះមានការចូលរួមមិនមែនគណបក្សតែចំនួន៦ទេគឺច្រើនហើយនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។
ដោយឡែកទាក់ទងការស្នើឲ្យបន្ថែមមន្ត្រីបោះឆ្នោតតាមការិយាល័យ លោកហង្ស ពុទ្ធាឆ្លើយតបថាបញ្ហានេះពាក់ព័ន្ធការប្រើប្រាស់ថវិកាជាតិ។
គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ថ្មីរបស់គ.ជ.ប.សម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២មានការកែប្រែនីតិវិធីមួយចំនួនដូចជាការលែងផ្តល់ជូនលទ្ធផលឆ្នោតដល់ភ្នាក់ងារគណបក្សនយោបាយដែលបានចូលរួមតាមការិយាល័យដោយតម្រូវឲ្យថតរូបលទ្ធផលនៃការរាប់សន្លឹកឆ្នោតដែលបិទមុខការិយាល័យឬទៅយកនៅគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតជំនួសវិញ៕