ភ្នំពេញ — ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អំពើពុករលួយនៅកម្ពុជានៅតែចាក់ឫសក្នុងសង្គមជាតិនិងនយោបាយកម្ពុជាជាបន្តបន្ទាប់ ទោះបីជាមានកិច្ចខំប្រឹងប្រែងជាច្រើនដើម្បីលុបបំបាត់បញ្ហាមួយនេះក្តី។ ក្នុងចំណោមប្រទេសចំនួន ១៨០ លើពិភពលោក កម្ពុជាទទួលបានចំណាត់ថ្នាក់ពីចន្លោះ ១៥០ ដល់ ១៦២ ដែលជាប្រទេសមានអំពើពុករលួយខ្ពស់បំផុតមួយ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២១ ដែលទើបចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះថយជាងឆ្នាំមុនបន្តិច ដែលមានចំណាត់ថ្នាក់ ១៦០។ យ៉ាងណាក្តី ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។
បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសន្ទស្សន៍ឈានមុខ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលវាយតម្លៃចំណាត់ថ្នាក់ដល់ប្រទេស និងដែនដីនានានៅលើសកលលោក ដោយផ្អែកលើការយល់ឃើញអំពីទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈរបស់ប្រទេសទាំងនោះ ជាមួយការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ ពិន្ទុ (ស្អាតស្អំខ្លាំង)។ ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានពិន្ទុ ២៣។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិដដែលនោះ ឲ្យដឹងថា ប្រទេសដែលទទួលបានសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយល្អបំផុតគឺប្រទេសដាណឺម៉ាក ប្រទេសហ្វាំងឡង់ និងប្រទេសនូវែលសេឡង់ ដែលប្រទេសទាំងបីនេះជាប់ចំណាត់ថ្នាក់លេខ ១។ ចំណែកប្រទេសដែលមានសន្ទស្សន៍អាក្រក់បំផុត គឺប្រទេសស៊ូដង់ខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ ១៨០។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លើកឡើងថា នៅកម្ពុជា ការប្រព្រឹត្តអំពើពុករលួយខ្នាតតូច ទាក់ទងនឹងការផ្តល់សេវាសាធារណៈតាមមូលដ្ឋាន មានតិចជាងមុន ប៉ុន្តែសម្រាប់អំពើពុករលួយធំៗ ដែលពាក់ព័ន្ធនឹងបក្ខពួក សែស្រឡាយ ការឃុបឃិតគ្នារវាងអ្នកមានអំណាច អ្នកមានលុយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
លោកថ្លែងថា៖ «ការប្រព្រឹត្តអំពើពុករលួយខ្ញុំឃើញថានៅមានសភាពធ្ងន់ធ្ងរនៅឡើយ ហើយជាពិសេសការផ្តល់សេវាសាធារណៈនៅខ្សោយ ហើយនៅជោគជាំទៅដោយភាពមិនប្រក្រតី អំពើពុករលួយ ខ្សែ បក្ខពួកនិយមនៅតែមាននៅឡើយ។ អ៊ីចឹងប្រទេសកម្ពុជា និយាយរួមនៅតែជាដែនដីមួយដែលនៅមានអំពើពុករលួយច្រើន ហើយនៅគ្រប់វិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅឡើយ»។
លោក ប៉ិច ពិសី បន្ថែមថា មូលហេតុដែលធ្វើឲ្យអំពើពុករលួយនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គឺដោយសារកម្ពុជាសម្បូរសែស្រលាយបក្ខពួកនិយមច្រើន ដែលលោកថា ចាំបាច់ត្រូវមានការដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធជាមុន។
«នេះជាបញ្ហាមួយធំដែលអាចជះឥទ្ធិពលដល់វិស័យផ្សេងៗទៀត ទាំងនយោបាយ និងសេដ្ឋកិច្ចហ្នឹង។ អ៊ីចឹងបើសិនជាកម្ពុជាចង់ដោះបញ្ហាហ្នឹង ទាល់តែថ្នាក់ដឹកនាំ ហើយនិងដៃគូពាក់ព័ន្ធដោះស្រាយបញ្ហាចម្បងហ្នឹង។បើយើងដោះតែរឿងស៊ីសំណូកសូកប៉ាន់តិចតួច លក្ខណៈតូចៗនៅតាមមូលដ្ឋានអី យើងមិនអាចដោះបញ្ហាធំទេ។អ៊ីចឹងយើងត្រូវដោះអំពើពុករលួយខ្នាតធំជាប្រព័ន្ធហឹ្នងដែលអាចជាឧបសគ្គចម្បងនៃយុទ្ធនាការក្នុងការកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាហ្នឹង»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនមន្រ្តីមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ តួយ៉ាងដូចជា លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពីបទពុករលួយ កាលពីខែធ្នូ ឆ្នាំ ២០១៩។
កាលពីខែមីនា ឆ្នាំ ២០២០ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោក ដែង សុវណ្ណាវុធ អនុ ប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកខ្វក់។
កាលពីខែមីនា ឆ្នាំ ២០២០ លោក នួន ប៉ុក អតីតប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនដោយសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយ នៅអំឡុងពេលកំពុងកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តព្រះសីហនុចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។
នៅខែមិថុនា ឆ្នាំ ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនឧកញ៉ា សង ថន ដែលកាន់កាប់ដីប្រមាណ ៥ ពាន់ហិកតា ឬស្មើ ១ ភាគ ៤ នៃផ្ទៃដីក្នុងស្រុកគាស់ក្រឡទាំងមូល ទៅសាកសួរពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី។
លោក ឱក សេរី សោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ច លើកឡើងថា អំពើពុករលួយនៅតែចាក់ឫសក្នុងសង្គមកម្ពុជា គឺដោយសារប្រព័ន្ធត្រួតពិនិត្យអំណាចទាំងបីដែលមានអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការមិនមានការបែងចែកច្បាស់លាស់ និងមិនមានភាពឯករាជ្យ។ លោកថា ចំណែកប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពដែលមានទម្លាប់សូកប៉ាន់ និងនៅតែខ្លាចអ្នកមានអំណាចដោយមិនទាន់យល់ថាពលរដ្ឋខ្លួនឯងគឺជាម្ចាស់អំណាច។
«ដូចជាអំណាចតុលាការដែលទំនាក់ទំនងជាមួយនឹងអំណាចនីតិប្រតិបត្តិអីជាដើម តុលាការហ្នឹងអត់មានឯករាជ្យ អត់មានអីទេ។ គឺឋិតនៅក្រោមឥទ្ធិពលរបស់អ្នកមានអំណាច អ្នកមានលុយ ឬមួយរបស់អ្នកដែលមានតួនាទីធំក្នុងនីតិប្រតិបត្តិ អ៊ីចឹងហើយបានជាកំណែទម្រង់តុលាការហ្នឹងវាពិបាកនឹងធ្វើ»។
បើតាមលោក ឱក សេរី សោភក្តិ៍ ការទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយបាន លុះត្រាតែប្រជាពលរដ្ឋសកម្មក្នុងការចូលរួមអនុវត្តការប្រឆាំងនឹងអំពើពុករលួយនិងផ្សព្វផ្សាយពីភាពមិនប្រក្រតីផ្សេងៗឲ្យបានញឹកញាប់។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនឆ្លើយតបនឹងសំណួររបស់ VOA ដោយគ្រាន់តែប្រាប់ថា លោកមានធុរៈផ្ទាល់ខ្លួន។
យ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកការលើកឡើងដែលថា អំពើពុករលួយនៅកម្ពុជានៅតែមានស្ថានភាពធ្ងន់ធ្ងរ គឺជាវោហាសាសន៍បែបនយោបាយ។ លោកថា រដ្ឋាភិបាលបាននិងកំពុងអនុវត្តសកម្មភាពជាច្រើនក្នុងការទប់ស្កាត់អំពើពុករលួយ តាមរយៈការបង្កើតច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ការធ្វើកំណែទម្រង់ការងារជាច្រើន ព្រមទាំងការផ្តល់អំណាចដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីអនុវត្តការបង្រ្កាបអំពើពុករលួយផ្សេងៗ។
«ប្រព័ន្ធរដ្ឋនីមួយៗហ្នឹងគឺរៀបចំមិនឲ្យមានការប្រើប្រាស់លុយពីដៃមួយទៅដៃមួយទេ គឺប្រើប្រាស់តាមប្រព័ន្ធធនាគារ អាហ្នឹងយើងបានធ្វើកំណែទម្រង់ហ្នឹងហើយថែមទៀត។ រីឯការប្រឡងប្រជែង យើងក៏ទទួលបាននូវការអង្កេតមើល ការទទួលពិនិត្យមើលពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងបានត្រៀមលក្ខណៈចុះទៅតាមតំបន់ ដែលមានការិយាល័យនៅតាមតំបន់ផ្ទាល់ មិនអង្គុយរងចាំគេប្តឹងនោះទេ»។
សម្រាប់លោក ប៉ិច ពិសី យុទ្ធសាស្រ្តប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល មានចំណុចមួយចំនួនដំណើរការទៅដោយមានភាពប្រសើរ ប៉ុន្តែលោកថា សម្រាប់ការអនុវត្តច្បាប់នៅខ្សោយ និងមិនមានតម្លាភាព ចំណែកការបង្កើតច្បាប់សំខាន់ៗមួយចំនួនដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅមានភាពយឺតយ៉ាវនៅឡើយ។
ជារឿយៗ អំពើពុករលួយនៅតែជាបញ្ហាដែលប្រជាពលរដ្ឋក៏ដូចជាសង្គមទូទៅ មានការព្រួយបារម្ភជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមិនមានជីវភាពធូធារ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនដែល VOA បានព្យាយាមសាកសួរបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយអះអាងថា ពួកគេបារម្ភអំពីបញ្ហាសុវត្ថិភាព និងខ្លាចថាការបញ្ចេញមតិរបស់ពួកគេធ្វើឲ្យប៉ះពាល់ដល់មុខរបរនិងការងារ នៅពេលពួកគេផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានពីអំពើពុករលួយ។
យ៉ាងណាក្តី លោក ហ៊ន ភារៈ ពលរដ្ឋម្នាក់ដែលកំពុងដើរកំសាន្តនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ប្រាប់ VOA ថា នៅកម្ពុជា អំពើពុករលួយមានស្ទើរគ្រប់ទីកន្លែង ទាំងកន្លែងរកស៊ី និងកន្លែងធ្វើការ។ លោកថា អំពើពុករលួយធ្វើឲ្យការប្រកបការងារគ្រប់បែបយ៉ាងមិនមានភាពប្រសើរ និងប៉ះពាល់ដល់អ្នករកស៊ី និងអ្នកធ្វើការគ្រប់គ្នា។
លោកបញ្ជាក់ថា៖ «យើងដឹងស្រាប់ហើយរាល់ថ្ងៃ ការងារអីក៏ដោយតែងមានអំពើពុករលួយហ្នឹងហើយ។ ហើយមានអំពើពុករលួយហ្នឹងហើយ គឺវាមិនស្រួលនឹងការងារហ្នឹងទេ។មិនអ៊ីចឹង? សូម្បីអ្នករកស៊ីក៏ដោយ អ្នកធ្វើការក៏ដោយ វាប៉ះពាល់ទាំងអស់។ បើសិនជាអាអំពើពុករលួយហ្នឹងវាកាត់បន្ថយ អាហ្នឹងវាល្អហើយ។សម្រាប់ទាំងអស់គ្នា បើនិយាយទៅ»។
ចំណែកកញ្ញា យីង ស្រីពៅ យុវជនម្នាក់រស់នៅរាជធានីភ្នំពេញ និយាយថាអំពើពុករលួយដែលកញ្ញាតែងសង្កេតឃើញដោយផ្ទាល់ក្នុងវិស័យអប់រំមានភាពប្រសើរឡើងជាងមុន ប៉ុន្តែកញ្ញាថា សម្រាប់អំពើពុករលួយក្នុងវិស័យសេវាសាធារណៈ ដូចជាក្នុងមន្ទីរពេទ្យ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែកើតមានជាហូរហែ។
កញ្ញាបន្ថែមថា អំពើពុករលួយគ្រប់រូបភាពធ្វើឲ្យប៉ះពាល់ដល់ធនធានមនុស្ស និងការអភិវឌ្ឍសង្គម ដែលគួរតែត្រូវបានទប់ស្កាត់ និងលុបបំបាត់។
«ការបំបាត់អំពើពុករលួយហ្នឹងខ្ញុំយល់ឃើញថាវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលគាត់អាចនឹងបន្តវេនបន្ត។ អ៊ីចឹងឧទាហរណ៍ដូចជាយុវជននៅពេលដែលគាត់បានទទួលនូវអ្វីដែលគាត់ទទួល ដូចជាការអប់រំមួយដែលមិនមានការកេងប្រវ័ញ្ចលើគាត់ ឬមួយក៏ទាមទារនូវផលប្រយោជន៍ពីពួកគាត់ដែលខុសពីច្បាប់ចែង ឬមួយក៏ខុសប្រក្រតីណាមួយខ្ញុំមើលឃើញថាគាត់នឹងមានការលូតលាស់ល្អ ហើយគាត់គឺជាសសរទ្រូងមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កត់សម្គាល់ថា ការវិភាគលើលទ្ធផលនៃសន្ទស្សន៍ក៏បង្ហាញដែរថា ប្រទេសដែលទទួលបានពិន្ទុខ្ពស់ក្នុងសន្ទស្សន៍នេះ ក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើសន្ទស្សន៍ប្រជាធិបតេយ្យ ជាពិសេសទៅលើសិទ្ធិសេរីភាពពលរដ្ឋ ខណៈប្រទេសដែលជាប់ចំណាត់ថ្នាក់ទាបក្នុងសន្ទស្សន៍នេះក៏ជាប់ចំណាត់ថ្នាក់ទាបក្នុងសន្ទស្សន៍ប្រជាធិបតេយ្យ ទាក់ទងនឹងសិទ្ធិសេរីភាពពលរដ្ឋផងដែរ។
ភាពអសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ធ្វើឱ្យមានបញ្ហារំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែចុះខ្សោយ ហើយការរឹតត្បិតកាន់តែខ្លាំងឡើង។ នៅពេលដែលសិទ្ធិ និងសេរីភាពទាំងនេះអន់ថយបន្តិចម្ដងៗ ហើយលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ នោះរបបគ្រប់គ្រងបែបរឹតត្បិតនឹងកើតឡើង ដែលរួមចំណែកដល់ការកើនឡើងនៃកម្រិតអំពើពុករលួយកាន់តែខ្ពស់។
អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលមានទីតាំងនៅចក្រភពអង់គ្លេស ចាត់ថ្នាក់កម្ពុជាជាប់លេខ ១៣០ ក្នុងចំណោម ១៦៧ ប្រទេស នៅលើពិភពលោក សម្រាប់សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ ២០២០ ដោយមានឈ្មោះជាប្រទេស «ផ្ដាច់ការ»។
កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងសន្ទស្សន៍ពុករលួយខ្លាំងតាំងពីឆ្នាំ ២០១២ មក។ នៅឆ្នាំ ២០១៦ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៨០។ នៅឆ្នាំ ២០១៧ ជាប់ចំណាត់ថ្នាក់លេខ១៦១ ឆ្នាំ ២០១៨ លេខ ១៦១ ឆ្នាំ ២០១៩ លេខ១៦២ ឆ្នាំ២០២០ លេខ ១៦០ និងឆ្នាំ២០២២ នេះ ជាប់ចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅទូទាំងពិភពលោក៕