សកម្មជនគណបក្សប្រឆាំងមួយចំនួនដែលធ្លាប់ជាប់ពន្ធនាគារបានចាប់ផ្តើមបន្តសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀនបើទោះជាពួកគេអះអាងពីការបន្តប្រឈមការធ្វើទុក្ខបុកម្នេញនៅពេលខាងមុខ។
លោក អ៊ុំ យ៉េត អាយុ៦៨ឆ្នាំជាអតីតប្រធានប្រតិបត្តិក្រុងសួងខេត្តត្បូងឃ្មុំរបស់អតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧។ លោកថ្លែងថាលោកបានចូលជាមួយគណបក្សភ្លើងទៀនភ្លាមៗក្រោយលោកត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ក្រោយពីលោកបានជាប់រយៈពេលមួយឆ្នាំពីបទញុះញង់ដែលលោកថា«អយុត្តិធម៌»សម្រាប់រូបលោក។
លោកយ៉េតដែលចូលធ្វើនយោបាយតាំងពីឆ្នាំ១៩៩៥ជាមួយគណបក្សជាតិខ្មែរ យល់ថានឹងមានបញ្ហាប្រឈមជាច្រើនសម្រាប់សកម្មជនថ្នាក់ក្រោមដូចរូបលោក ប៉ុន្តែលោកថាលោកនៅតែចង់ធ្វើនយោបាយបើទោះប្រឈមបញ្ហាយ៉ាងណាក៏ដោយ។
លោកថ្លែងថា៖«ខ្ញុំគិតថារឿងនយោបាយគេមិនគិតថាយើងធ្លាប់ជាប់ពន្ធនាគារ យើងទៅរាងចាលជាមួយពន្ធនាគារទេដោយសារយើងគិតថាប្រទេសជាតិយើងមានពហុបក្ស អ៊ីចឹងបក្សដែលយើងស្រឡាញ់យើងចូលទៅគណបក្សណាក៏បាន... បម្រើឲ្យគណបក្សណាក៏បាន។អ៊ីចឹងខ្ញុំក៏សម្រេចចិត្តចូលគណបក្សភ្លើងទៀនតែម្តង»។
លោកអ៊ុំ យ៉េតបញ្ជាក់ថាលោកមិនរង់ចាំការវិលត្រឡប់របស់គណបក្សសង្រ្គោះជាតិឡើយដោយសារគណបក្សមួយនេះត្រូវបានរំលាយរួចទៅហើយ។
សកម្មជនម្នាក់ទៀតលោកម៉ក់ សំអានអាយុ៤៣ឆ្នាំជាអតីតសមាជិកក្រុមប្រឹក្សាឃុំក្រវៀនស្រុកមេមត់ខេត្តត្បូងឃ្មុំថ្លែងថាលោកបានចូលគណបក្សភ្លើងទៀនភ្លាមៗក្រោយលោកត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២២។ លោកជាប់ពន្ធនាគារចំនួន១ឆ្នាំដោយរងការការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
លោកសំអានដែលពីដើមឡើយជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចនិងក្រោយមកបានចូលជាមួយគណបក្សសម រង្ស៊ីកាលពីឆ្នាំ២០០៤ថ្លែងថាលោកនៅតែបន្តតស៊ូសកម្មភាពនយោបាយដោយសារលោកចង់ឃើញការអភិវឌ្ឍពិតប្រាកដក្នុងប្រទេសមិនចង់ឃើញបញ្ហាអំពើពុករលួយការរំលោភសិទ្ធិមនុស្សបញ្ហាបូរណភាពទឹកដីនិងភាពអយុត្តិធម៌ក្នុងសង្គមជាដើម។
លោកប្រាប់វីអូអេថា៖«សម្រាប់បញ្ហាប្រឈមនេះ សម្រាប់ខ្ញុំ ខ្ញុំគិតថាទោះបីជាមាន ទោះបីមិនមាន ជាការមួយមិនព្រួយបារម្ភទេសម្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់ប្រឈមនឹងបញ្ហាជាប់ពន្ធនាគារហ្នឹងហើយ ដោយសារធ្វើទុក្ខបុកម្នេញក្នុងនាមយើងជាគណបក្សប្រឆាំងជាអ្នកដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យ ។ប៉ុន្តែបើសិនជានៅតែមានបញ្ហាប្រឈមអាហ្នឹងជារឿងមួយផ្សេងទៀត។ ចាំដល់ដំណាក់កាលហ្នឹង ចាំគិតទៀត»។
ចំណែកលោកស៊ូ យាន អាយុ៤៦ឆ្នាំជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំអះអាងថាលោកបានជាប់ពន្ធនាគារពីរដងរួចមកហើយ ហើយចុងក្រោយនេះលោកជាប់១ឆ្នាំពីបទញុះញង់ និងត្រូវបានដោះលែងកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២១។ លោកបន្តថាគណបក្សភ្លើងទៀនត្រូវបានចុះបញ្ជីស្របច្បាប់ស្រាប់ ដូច្នេះលោកសម្រេចចិត្តចូលរួមដោយសារលោកនៅតែចង់បន្តធ្វើនយោបាយ។
លោកប្រាប់វីអូអេថា៖«និយាយទៅសង្គមជាតិមួយ បើសិនជាប្រជាពលរដ្ឋយើងមិនអើពើពីនយោបាយ វាប្រៀបបានដូចជាសត្វ។ យើងអត់បានគិតអ្វីដែលជាផលប្រយោជន៍របស់មហាជនរបស់ប្រជាពលរដ្ឋ ។អ៊ីចឹងយើងត្រូវតែចូលរួមធ្វើឲ្យសង្គមយើងមានភាពល្អប្រសើរ។ ទោះបីបច្ចុប្បន្ននេះអ្នកកាន់អំណាចមានភាពរឹតត្បិតយើងយ៉ាងណាយើងត្រូវតែរកយុទ្ធសាស្រ្ត យុទ្ធវិធីដើម្បីយើងអាចធ្វើដំណើរទៅមុខបាន»។
ប្រធានស្តីទីគណបក្សភ្លើងទៀនលោកថាច់ សេដ្ឋាដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនិងជាអតីតសមាជិកព្រឹទ្ធសភាមួយរូបប្រាប់វីអូអេថាគណបក្សនឹងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្តនៅចុងខែនេះដោយលោកនឹងធ្វើដំណើរទៅខេត្តមណ្ឌលគិរីនិងរតនគិរី។ លោកបន្តថាសម្រាប់រចនាសម្ព័ន្ធថ្នាក់ស្រុកក្រុងឃុំសង្កាត់ គណបក្សកំពុងសម្រុករៀបចំ។ ទោះជាយ៉ាងណា លោកថាគណបក្សមិនទាន់សម្រេចចិត្តថាតើនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ឬយ៉ាងណា។
បើតាមលោកថាច់ សេដ្ឋាមានបញ្ហាប្រឈមមួយចំនួនដូចជាការដកស្លាកគណបក្សក្នុងខេត្តប៉ៃលិននិងការព្យាយាមប្រាប់ឲ្យសកម្មជនបក្សប្រឆាំងទាំងនោះចុះចូលជាដើម។
លោកសុខ ឥសានអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាធ្លាប់បានប្រាប់វីអូអេថាសកម្មជននយោបាយមានសិទ្ធិចូលរួមជាមួយគណបក្សណាដែលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថាគណបក្សកាន់អំណាចមិនបាន«សម្លុតគំរាមកំហែង»ឲ្យចូលរួមនយោបាយជាមួយខ្លួនឡើយ៕