ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ុន្មាន​ម៉ោង​ទៀត លោក Donald J. Trump នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៧


លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ថ្លែង​នៅ​ឯ​ការប្រមូល​ផ្តុំ​ដើម្បី​អបអរ​ជ័យជម្នះ​របស់​លោក​នៅ​កីឡដ្ឋាន Capital One Arena ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មួយ​ថ្ងៃ​មុន​ពិធី​ស្បថចូល​កាន់តំណែង​របស់​លោក។
លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ថ្លែង​នៅ​ឯ​ការប្រមូល​ផ្តុំ​ដើម្បី​អបអរ​ជ័យជម្នះ​របស់​លោក​នៅ​កីឡដ្ឋាន Capital One Arena ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មួយ​ថ្ងៃ​មុន​ពិធី​ស្បថចូល​កាន់តំណែង​របស់​លោក។

នៅ​ថ្ងៃ​ទី ​២០​ ខែ​មករា ​ឆ្នាំ ​២០២៥​ លោក​ Donald J. Trump ​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៧​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​ជាអាណត្តិ​ទី២​របស់​លោក​ និង​ជា​ការកាន់​តំណែង​មិន​ជាប់​គ្នា​ក្នុង​នាម​ជាប្រធានាធិបតី​ បើ​ធៀប​នឹង​ប្រធានាធិបតី​ខ្លះ​ទៀត​ដែល​កាន់​តំណែង​២​អាណត្តិ​ជាប់ៗ​គ្នា។​

លោក ​Trump ​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​អ្នកស្រី​អនុ​ប្រធានាធិបតី ​Kamala Harris​ មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ ​គណបក្ស​របស់​លោក​ត្រាំ​ក៏​នឹង​គ្រប់​គ្រង​សភា​ទាំងពីរ​របស់​អាមេរិក​ផង​ដែរ។​

ពិធី​ឡើង​កាន់​តំណែង​របស់​លោក​ Trump គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១២​ថ្ងៃត្រង់​នៅ​ខាង​ក្នុង​វិមាន​ សភា​ Capitol Hill ​ដែល​មាន​ដំបូល​មូល មិន​ធ្វើ​នៅ​ខាង​ក្រៅ​ដូច​រាល់ដង ​ដោយសារ​អាកាសធាតុ​ត្រជាក់​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ជាមុន។​

នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី១៩ ​ខែ​មករា ​ឆ្នាំ​២០២៥​ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump បាន​ប្រារព្ធ​ពិធី​ជ័យជម្នះមួយ គឺ​ Make America Great Again Victory Rally​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

នៅក្នុង​កម្មវិធី​នោះ​ លោក ​Trump ​បាន​រំឭក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ចំពោះ​គោល​នយោបាយ​អន្តោ​ប្រវេសន៍​ដ៏តឹង​រ៉ឹង​ដោយ​បាន​និយាយ​ថា៖ «យើង​នឹង​ស្តារ​ព្រំដែន​របស់​យើង​ឡើង​វិញ ​ហើយ​ធានា​ថា​ គ្មាន​នរណា​ម្នាក់​ចូល​ប្រទេស​របស់​យើង​ដោយ​ខុស​ច្បាប់»។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ផង​ដែរថា​ សហ​រដ្ឋ​អាមេរិក​នឹង​មិន​អត់ឱន​ចំពោះ​ក្រុម​ជន​អន្ធពាល​នោះ​ទេ​ ហើយ​អាមេរិក​នឹង​ខ្លាំង ​ហើយ​រឹងមាំ​ជាង​មុន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​លើក​នេះ។ ​លោក​បន្ថែម​ថា​ ការកែ​ប្រែ​បទ​បញ្ជា​ប្រធានាធិបតី ​និង​បទ​ប្បញ្ញតិ្ត​ជា​ច្រើន​នឹង​ធ្វើ​ឡើង​ ហើយ​លោក​ក៏​ធ្វើ​គ្រប់​យ៉ាង​មិន​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី៣។ ​

ព្រឹត្តិ​ការណ៍​ដែល​ប្រារព្ធ​ឡើង​នៅ​មុន​ថ្ងៃ​ចូល​កាន់​តំណែង​របស់​លោក​ត្រូវ​បាន​ចូលរួម​ដោយ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​ធ្វើ​ជាសាក្សី​ចំពោះ​ការ​វិល​ត្រឡប់​របស់​ប្រធានាធិប​តីជាប់​ឆ្នោត​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន។​

ដំណាល​គ្នា​នោះ​ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ​អនុ​ប្រធានាធិបតី​របស់​ខ្លួន​លោក​ Han Zheng ​នឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump ​នៅ​ថ្ងៃ​ចន្ទ​ ទី ​២០ ​ខែ​មករា​នេះ។​

រដ្ឋាភិបាល​ចិន​ថា​ ការ​ចូលរួម​នេះ​ធ្វើតាម ​«គោល​ការណ៍​គោរព​គ្នា​ទៅវិញ​ទៅ​មក ​សន្តិ​សហ​វិជ្ជមាន​ និង​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ ​ក្នុង​ការ​ពិនិត្យ​ និង​បង្កើន​ទំនាក់​ទំនង​របស់​ចិន​ជាមួយ​សហ​រដ្ឋ​អាមេរិក»។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា៖​ «យើង​ត្រៀម​រួច​ហើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​លើក​កម្ពស់​ការ​សន្ទនា​ និង​សារ​គមនាគមន៍ ​ចាត់ចែង​ភាព​ខុសគ្នា​របស់​យើង​ដោយ​ត្រឹមត្រូវ ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅមក ​បន្ត​ទំនាក់​ទំនង​រួមគ្នា​ដែល​មាន​ស្ថិរភាព​ដ៏​រលូន​ និង​ប្រកប​ដោយ​និរន្តរភាព​រវាង​ចិន​ និង​អាមេរិក ​និង​រក​វិធី​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ទាំងពីរ​ឲ្យ​ត្រូវ​រ៉ូវ​គ្នា»។​

លោក​ Wang Wenbin ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​១៧ ​ខែ​មករា​ ឆ្នាំ​ ២០២៥​ ដោយ​ស្រង់​សម្តី​នៃ​ជំនួប​របស់​លោក​ប្រធានាធិបតី​ចិន​ លោក ​ស៊ីជិន ពីង​ និង​លោក​ ដូណាល់ ត្រាំ ​ថា៖«​ប្រជាជាតិ​ដ៏​អស្ចារ្យ​ទាំង​ពីរ​នៃ​ប្រទេស​ចិន​ និង​សហ​រដ្ឋ​អាមេរិក​កំពុង​បន្ត​ក្តី​សុបិន​រៀងៗ​ខ្លួន ​ហើយ​ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ដល់​ប្រជាជន​របស់​ពួកគេ។ ​ដោយ​មើល​ឃើញ​ពី​ផល​ប្រយោជន៍​រួម​ដ៏​ទូលំ​ទូលាយ​ ហើយកិច្ច​សហ​ប្រតិបត្តិ​ការ​ទូលំ​ទូលាយ​រវាង​ប្រទេស​ទាំង​ពីរ​ ចិន ​និង​សហ​រដ្ឋ​អាមេរិក​អាច​ក្លាយ​ជា​ដៃ​គូ ​និង​មិត្ត ​រួម​ចំណែក​ដល់​ជោគ​ជ័យ​របស់គ្នា​ទៅ​វិញ​ទៅ​មក ​និង​ជំរុញ​វិបុល​ភាព​រួមគ្នា​សម្រាប់​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ ​និង​ពិភព​លោក​ទាំង​មូល»។​

ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក​តាមដាន​នយោបាយ​អន្តរជាតិ​ ទំនាក់​ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​សូវ​ល្អ​នោះ​ទេ​ ដោយសារ​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស​ និង​លម្ហ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ជាពិសេស​ការ​កើន​ឡើង​ឥទ្ធិពល​មហា​យក្ស​ចិន​នៅ​កម្ពុជា​ស្ទើរ​តែ​គ្រប់​វិស័យ។ ​ការណ៍​នេះ​នាំឲ្យ​មាន​ការ​វាយ​តម្លៃ​ថា ​ក្រោម​រដ្ឋបាល​ដឹក​នាំ​របស់​លោក ​ដូណាល់ ត្រាំ​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ក៏​នឹង​មិន​មាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន​ដែរ។​

អ្នក​តាមដាន​ខ្លះ​បាន​លើក​ឡើង​ថា ​ដោយសារ​វិធីសាស្រ្ត​ជា​គូ​បដិបក្ខ​របស់​លោក ​Trump​ ចំពោះ​ប្រទេស​ចិន​ ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​របស់​កម្ពុជា​លើ​ការ​វិនិយោគ​របស់​ចិន ​និង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​អាច​ធ្វើឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក។ ​សហ​រដ្ឋ​អាមេរិក​អាច​នឹង​បង្កើន​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ទីក្រុង​ប៉េកាំង ​ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការទូត​កាន់តែ​ស្មុគ​ស្មាញ។​

កាល​ពី​ឆ្នាំ​ ២០១៩ ​លោក ​ដូណាល់ ត្រាំ ​ដែល​កាល​នោះ​ជា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក ​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​កំពុង​មាន​ភាព​រកាំ​រកូស​ជា​ច្រើន​ឆ្នាំ។ ​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា​ សហ​រដ្ឋ​អាមេរិក​គោរព​អធិប​តេយ្យភាព​របស់​កម្ពុជា ​និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ​ប៉ុន្តែ​លោក ​ត្រាំ​ បាន​ប្រាប់​ឲ្យ​លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​កាល​នោះ​ ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាល​កិច្ច​ប្រជា​ធិបតេយ្យ​វិញ។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន​ ប្រាប់​វីអូអេ ​ថា ​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ​ដូណាល់ ​ត្រាំ​ ជា​រឿង​ប្រពៃណី​ មិន​មាន​អ្វី​ចម្លែក​ឡើយ​ និង​ថា ​បើ​ទោះ​អាមេរិក​ និង​ចិន​ មាន​ភាព​តានតឹង​ជាមួយ​គ្នា​ប៉ុណ្ណា​ក៏​ដោយ​ ក៏​កម្ពុជា​នឹង​នៅបន្ត​ជា​មិត្ត​របស់​មហា​អំណាច​ទាំង​ពីរ។​

លោក​បញ្ជាក់​ថា៖​ «យើង​ជា​ប្រទេស​តូច។​ ដូច្នេះ​ចង់​មិន​ចង់ ​យើង​ត្រូវ​រណប​ទៅ​តាម​ប្រទេស​ធំ​ សម្រាប់​យើង​សម្រួល​ទៅ​តាម​នយោបាយ​របស់​ប្រទេស​ធំ។​ យើង​មិន​អាច​យក​ឈ្នះ​គាត់​បាន​ទេ​ ប៉ុន្តែ​សុំ​គាត់​រស់ ​ហើយ​សុំ​ធ្វើ​យ៉ាង​ម៉េច​ សុំ​គាត់​ឲ្យ​យើង​តូចៗ​ហ្នឹង​រស់​ផង»។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ កម្ពុជា​មិន​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​មហា​អំណាច​ទាំង​នោះ​ឡើយ។ លោក​ថា​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ជា​រឿង​ទ្វេភាគី ​មិន​ពាក់ព័ន្ធ​កម្ពុជា​នោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG