ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​និង​អ្នក​តាមដាន​មួយ​ចំនួន​បារម្ភ​ពី​ការ​ថយ​ចុះ​សារព័ត៌មាន​ឯករាជ្យ​និង​គុណភាព​ព័ត៌មាន


អ្នកស្រី ស្រី ពិជ អង្គុយលក់ការសែតក្នុងរាជធានីភ្នំពេញនាថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
អ្នកស្រី ស្រី ពិជ អង្គុយលក់ការសែតក្នុងរាជធានីភ្នំពេញនាថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

សារព័ត៌មាន​ឯករាជ្យ​កាន់​តែ​តិច និង​គុណភាព​ព័ត៌មាន​ដែល​មាន​តម្លៃ​សម្រាប់​សាធារណ​ជន​កាន់​តែ​មាន​កម្រិត នៅ​តែ​ជា​ក្តី​កង្វល់​សម្រាប់​ប្រជាពលរដ្ឋ​និង​អ្នក​តាម​ដាន​មួយ​ចំនួន។ ក្តី​បារម្ភ​របស់​ពលរដ្ឋ​កាន់​តែ​កើន​ឡើង ក្រោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ប្រកាស​បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​របស់​ខ្លួន ទាំង​ភាសាខ្មែរ និង​អង់គ្លេស។ ក្តី​បារម្ភ​នេះ​បន្ថែម​ពី​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ដូច​ជា​កាសែត ​The Cambodia Daily និង​សារព័ត៌មាន​វីអូឌី​ជា​ដើម។

លោក យ៉ាង មឿន អាយុ​៥៦​ឆ្នាំ ជា​អ្នក​រត់​រម៉ក​កង់​បី​នៅ​រាជធានី​ភ្នំពេញ។ ជា​រៀងរាល់​ថ្ងៃ​លោក​តែងតែ​តាម​ដាន​ព័ត៌មាន​តាម​រយៈ​ការ​អាន​កាសែត​ផង​និង​តាម​ទូរស័ព្ទ​ផង។ ព័ត៌មាន​ដែល​លោក​ចូល​ចិត្ត គឺ​ទាក់ទង​នឹង​សង្គម បរិសា្ថន និង​សេដ្ឋកិច្ច។ លោក​បន្ត​ថា​ការ​តាមដាន​ព័ត៌មាន​គឺជា​រឿង​ចាំបាច់​មួយ​ដែល​ពលរដ្ឋ​ត្រូវ​តែ​ដឹង។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា ​វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​យើង ត្រូវ​តែ​ដឹង​ព័ត៌មាន​ ត្រូវ​តែ​យល់​ច្បាស់​ពី​ព័ត៌មាន ព្រោះ​ការ​រស់​នៅ​របស់​យើង​ក្នុង​សង្គម​សព្វ​ថ្ងៃ​ហ្នឹង​ម៉េច​យ៉ាង​ណា អី​នោះ​យើង​ត្រូវ​តែ​ដឹង​...វា​ល្អ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​យើង​ដឹង​ទាំង​អស់​ កុំ​ឱ្យ​ដឹង​តែ​ម្ខាងៗ។ កន្លែង​ណា​ចង្អៀត​ខាង​ព័ត៌មាន​ចូល​ទៅ​យក​ដល់​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​ដឹង ដើម្បី​ស្រួល​គាត់​តាមដាន»។

ខណៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ជា​កាសែត​វ័យ​ចំណាស់​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​របស់​ខ្លួន​ចាប់​ពី​ចុង​ខែ​មីនា​នេះ ក្រោម​ហេតុ​ផល​បញ្ហា​ហិរញ្ញវត្ថុ និង​ការ វិវត្ត​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា អ្នក​រត់​កង់​បី​រូប​នេះ​យល់​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ពលរដ្ឋ​ក៏​កាន់​តែ​តិច​ទៅៗ។

លោក​បញ្ជាក់​ថា៖ «វា​អត់​ទូលំទូលាយ​ វា​បាន​តែ​នៅ​ក្នុង​ទីក្រុង​ទីប្រជុំ​ជន​អ៊ីចឹង ឬ​មួយ​ក៏​ក្មេងៗ​យុវវ័យ​ ដល់​តែ​ចាស់ៗ គាត់​អត់​បាន​ដឹង​ព័ត៌មាន​ហ្នឹង។ ខ្ញុំ​គិត​ថា ​បើ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ដំណើរការ​ វា​អាច​ផ្សព្វផ្សាយ​ដល់​ចាស់ៗ​នៅ​តាម​ជនបទ​គាត់​អត់​មាន​ទូរសព្ទ​ឬ​មួយ​ក៏​គាត់​អត់​ចេះ​ប្រើ​ គាត់​អាច​អាន​តាម​កាសែត​បាន។ ប៉ុន្តែ​បើ​មាន​ទាំង​ហ្វេសប៊ុក​ផង មាន​ទាំង​កាសែត​ផង​វា​ល្អ​វិញ»។

លោក យ៉ាង មឿន អាយុ៥៦ឆ្នាំ អ្នករត់រម៉កកង់បីផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានវីអូអេនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
លោក យ៉ាង មឿន អាយុ៥៦ឆ្នាំ អ្នករត់រម៉កកង់បីផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានវីអូអេនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

ពលរដ្ឋ​ម្នាក់​ទៀត លោក ឃុន សាមឿន​ អាយុ​៥០​ឆ្នាំ ជា​អ្នក​ប៉ះ​កង់​ហើយ​ក៏​ជា​អ្នក​អាន​កាសែត​ជាង​១០​ឆ្នាំ​មក​ហើយ ប្រាប់​វីអូអេ​ ថា​ កាល​ពី​មុន លោក​ជា​អ្នក​តាមដាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ខេមបូឌាដេលី​ម្នាក់​ដែរ។ ប៉ុន្តែ​លោក​ថា​ ក្រោយ​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ផ្លាស់​ប្តូរ​អ្នក​គ្រប់គ្រង​មក ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ លោក​ក៏​ប្តូរ​មក​អាន​កាសែត​អង្គរធំ​ជំនួស​វិញ។

លោក​ថ្លែង​ថា៖ «កាល​មុន​អាន ប៉ុន្តែ​ដល់​ដូរ​ចាងហ្វាង​ទៅ វា​សរសេរ​ដូច​លម្អៀង​ទៅ ខ្ញុំ​ឈប់​អាន»។

លោក​យល់​ឃើញ​ថា ​ស្ថានភាពសារព័ត៌មាន​ឯករាជ្យ​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ត​រង​ការ​រឹតត្បិត។

លោក​បញ្ជាក់​ថា៖ «មាន​រឹតត្បិត ព្រោះ​អី​យើង​មើល​ខ្លះ​វា​មាន​អ៊ីចឹង។ កាសែត​វា​អត់​ហ៊ាន​ចុះ​ទេ​ ដូច​រឿង​ដី​ធ្លី​អ៊ីចឹង កាសែត​វា​អត់​សូវ​ចុះ​ទេ»។

លោក​បន្ត​ថា ​ក្នុង​នាម​លោក​ជា​អ្នក​តាមដាន​ព័ត៌មាន​ម្នាក់ លោក​មិន​ចង់​ឱ្យ​មាន​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឡើយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ឧបមា​ថា ​មាន​ការ​រឹត​ត្បិត​ ខ្ញុំ​អត់​ចង់​ឱ្យ​មាន​ការ​រឹត​ត្បិត​ទេ ខ្ញុំ​ចង់​ឱ្យ​បើក​ចំហ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ទាំង​អស់​គ្នា»។

ទោះ​ជា​យ៉ាង​ណា ចាងហ្វាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក លី តាយសេង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ្នក​សារព័ត៌មាន​របស់​ភ្នំពេញ​ប៉ុស្តិ៍​«បាន​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ ស្រប​តាម​ច្បាប់ ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន និង​គោរព​គោល​ការណ៍​ឯករាជ្យ និង​វិជ្ជាជីវៈ»។

លោក​បញ្ជាក់​ថា៖ «ពួក​យើង​មិន​មាន​និន្នាការ​លម្អៀង​ទៅ​ខាង​ណាមួយ​នោះ​ទេ»។

អ្នកស្រី អុំ ភាព អាយុ​៥៧​ឆ្នាំ អ្នក​លក់​កាសែត​ម្នាក់​នៅ​ភ្នំពេញ ប្រាប់​វីអូអេ​ថា ​អ្នកស្រី​លក់​កាសែត​ជាង​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ ការ​លក់​កាសែត​មិន​សូវ​ដាច់ ដូច​កាល​ពី​មុន​ឡើយ។ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បន្ត​លក់​សម្រាប់​ជា​តម្រូវ​ការ​របស់​អ្នក​ចូល​ចិត្ត​អាន​ព័ត៌មាន​តាម​កាសែត។

អ្នក​ស្រី​ថ្លែង​ថា៖ «យើង​យក​តម្រូវ​អ្នក​ដែល​គេ​ទិញ​រាល់​ថ្ងៃ អ្នក​ណា​ដែល​គេ​ទិញ​រាល់​ថ្ងៃ​ យើង​យក​ពី​ក្រុមហ៊ុន​មក​តម្រូវ​អ៊ីចឹង​ទៅ...គេ​អត់​មក​ទិញ​ទេ។ ភាគ​ច្រើន​ខ្ញុំ​យក ទៅ​ឱ្យគេ​ហ្នឹង យក​លាយ​ខ្មែរ លាយ​អង់គ្លេស មួយ​កន្លែង​មាន​ចិន មាន​កាសែត​កោះ[សន្តិភាព] មាន ​Khmer Times មួយ​កន្លែង​ខ្លះ​មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ មាន​កាសែត​អង្គរធំ​អ៊ីចឹង​ទៅ»។

អ្នក​លក់​កាសែត​រូប​នេះ​ថា​ អ្នកស្រី​មិន​ចង់​ឱ្យ​មាន​ការ​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​ទេ។

អ្នក​ស្រី​ថ្លែង​ថា៖ «យើង​ចង់​ឱ្យ​វា​មាន​ត​រហូត​អ៊ីចឹង​ទៅណា ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ម្ចាស់​គេ អត់​មាន​ទុន​តទៅ​មុខ​ទៀត​អ៊ីចឹង។ យើង​អ្នក​[លក់]​ចង់​ឱ្យ​មាន​ទៅ​គ្រាន់​បាន​កម្រៃ»។

ចំណែក​ឯ​អ្នក​លក់​កាសែត​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ អ្នក​ស្រី សោម រដ្ឋា អាយុ​៤៣​ឆ្នាំ ប្រាប់​វីអូអេ​ថា ​អ្នក​ដែល​តែងតែ​មក​ទិញ​កាសែត​របស់​អ្នកស្រី ភាគ​ច្រើន​ជា​មនុស្ស​ចាស់។ អ្នកស្រី​ថា ​ការ​បិទ​ការ​បោះពុម្ព​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​តែងតែ​ចូល​ចិត្ត​អាន​ព័ត៌មាន​តាម​កាសែត​នឹង​ពិបាក​ទទួល​បាន​ព័ត៌មាន​ដូច​មុន ព្រោះ​តែ​ពួក​គាត់​មិន​សូវ​ចេះ​ប្រើប្រាស់​ទូរស័ព្ទ។

អ្នកស្រី​ថ្លែង​ថា៖ «មាន​តែ​ចាស់ៗ​ទេ ដែល​គាត់​ទិញ​អាន ដោយ​សារគាត់​ពេល​ខ្លះ​គាត់​អត់​សូវ​ចេះ​ប្រើ​អា​ទំនើប​ហ្នឹង​ទេ ហើយ​ភ្នែក​គាត់​មើល​មិន​ឃើញ»។

​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​មាន​ភាព​លំបាក និង​ប្រឈម​បញ្ហា​ច្រើន​នៅ​ក្នុង​ការងារ​របស់​ពួកគេ ខណៈ​សារព័ត៌មាន​ឯករាជ្យ​កាន់​តែ​តិច​ទៅៗ។ នេះ​បើ​តាម​លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​មាន​តិច​តួច​ណាស់​សារព័ត៌មាន​ឯករាជ្យ ហើយ​បើ​សិន​យើង​និយាយ​ស្ថាប័ន​ឯករាជ្យ​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ផលិត​ព័ត៌មាន គឺ​កាន់​តែ​មាន​តិច​ទៅ​ទៀត។ ដូចជា​កន្លង​មក​ក្រុម​គាត់[សារព័ត៌មាន​ឯករាជ្យ] គឺ​មាន​ការ​បិទ​ដូចជា​កាសែត​ដឹខេមបូឌាដេលី យើង​ចាត់​ទុក​គាត់​ថា ​ជា​កាសែត​ឯករាជ្យ កាល​គាត់​នៅ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​យើង។ អ៊ីចឹង​ការ​បិទ​ហ្នឹង គឺ​ធ្វើ​ឱ្យ​យើង​ឃើញ​ថា ​បាត់​សារព័ត៌មាន​ឯករាជ្យ​សារព័ត៌មាន​ដែល​មិន​ស្ថិត​ក្រោម​អំណាច និង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ដែល​គាត់​អាច​នឹង​សរសេរ​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​បាន​ច្រើន»។

ដុំកាសែតដែលដាក់លក់នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
ដុំកាសែតដែលដាក់លក់នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

នាយក​ប្រតិបត្តិ​នៃ​សមាគម​សារព័ត៌មាន​រូប​នោះ​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​របស់​ភ្នំពេញប៉ុស្តិ៍ ដោយ​ចាត់​ទុក​ថា ​ជា​ការបាត់​បង់​នូវ​ធនធាន​ព័ត៌មាន​មួយ​បន្ថែម​ទៀត​ក្នុង​ចំណោម​ការ​បាត់បង់​កន្លង​ទៅ។ លោក​បញ្ជាក់​ថា​ ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «សារព័ត៌មាន​ឯករាជ្យ​នេះ​គឺ​មាន​ភាព​ចាំ​បាច់ មាន​សារសំខាន់​នៅ​ក្នុង​ការធានា​ជំរុញ​ឱ្យ​មាន​គណនេយ្យភាព​សង្គម​ ធានា​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ប្រជាពលរដ្ឋ ការ​លុប​បំបាត់​អំពើ​ពុករលួយ​ឬ​ក៏​ការ​ចូល​រួម​នៅ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ឆ្លុះ​បញ្ចាំង​អំពី​ការ​អនុវត្ត​អំណាច​រវាង​អំណាច​រដ្ឋាភិបាល អំណាច​សភា អំណាច​តុលាការ​ជា​ដើម»។

ចំណែក​ព្រះតេជគុណ ពក ពន្លឺ ព្រះជន្ម​២៨​វស្សា ជា​អ្នកសារព័ត៌មាន​ឯករាជ្យ​ម្នាក់ មាន​សង្ឃដីកា​ថា​បច្ចុប្បន្ន​នេះ សារព័ត៌មាន​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ប៉ុន្តែ​គុណភាព​សមត្ថភាព​ឯករាជ្យ​ភាព​ឬ​អ្នក​សារព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​មាន​កម្រិត​នៅ​ឡើយ។

ព្រះតេជគុណ​ប្រាប់​វីអូអេ​ថា៖ «កាល​ណា​ដែល​ស្ថាប័ន​ឯករាជ្យ ឬ​ក៏​អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​តិច​ទៅៗ ក៏​វា​ផលិត​នូវ​ព័ត៌មាន​ឯករាជ្យ​ហ្នឹង​ក៏​តិច​ដែរ ហើយ​ក៏​វា​ឱ្យ​ប្រជាពលរដ្ឋ​តិច​ទៅៗ​យល់​ដឹង​ពី​ហេតុការណ៍​ពិត​ប្រាកដ ឬ​ក៏​សាច់​រឿង​ពិត​ប្រាកដ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម»។

ព្រះតេជគុណ​បន្ថែម​ទៀត​ថា​ ការ​បិទ​ការ​បោះ​ពុម្ព​ជា​កាសែត​របស់​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ ខណៈ​ការ​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ជា​កាសែត​នៅ​កម្ពុជា​មាន​ចំនួន​តិច​តួច។

ចំណែក​កញ្ញា ហ៊ន ថូវ៉ាន អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​រូប​ទៀត​ចង់​ឃើញ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​សម្រាប់​សារ​ព័ត៌មាន​ឯករាជ្យ។

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «ខាង​ក្រសួង​ព័ត៌មាន​ក៏​ដូច​ជា​រដ្ឋាភិបាល​គួរតែ​បើក​លម្ហ​សេរីភាព​ឱ្យ​អ្នក​សារព័ត៌មាន​អាច​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​ ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​ការ​ដាក់​សម្ពាធ​ណា​មួយ​ពី​ខាង​អាជ្ញាធរ​ឬ​ក៏​ខាង​អ្នក​មាន​អំណាច។ ហើយ​ព្រម​ទាំង​មាន​ការ​ការពារ​ពួកគាត់​នៅ​ពេល​ដែល​មាន​ការ​បំពាន​ណា​មួយ​ទៅ​លើ​ពួកគាត់​ ដោយ​យើង​យោង​តាម​ច្បាប់​ទៅ​លើ​របប​ស្តី​ពី​អ្នក សារព័ត៌មាន»។

កាល​ពី​កន្លង​ទៅ ក្រសួង​ព័ត៌មាន​ធ្លាប់​លើក​ឡើង​ថា​ សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​តែង​តែ​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រដ្ឋាភិបាល​គ្រប់​អាណតិ្ត។

គួរ​បញ្ជាក់​ថា ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border)​ បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧ក្នុង​ចំណោម១៨០​ប្រទេស ​នៅ​ក្នុង​ឆ្នាំ២០២៣ ដែល​មាន​ន័យ​ថា​សេរីភាព​សារព័ត៌មាន​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG