ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Freedom House៖ កម្ពុជា​បន្ត​ស្ថិត​ក្រោមការ​ដឹកនាំ​ដោយ​ប្រព័ន្ធ​ឯកបក្ស ខណៈ​មាន​ការ​គាប​សង្កត់​លើ​ក្រុម​ជំទាស់


រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

អង្គការ ​Freedom House ដែល​ជា​ស្ថាប័ន​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស និងដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅទូទាំង​សកលលោក​ បាន​វាយតម្លៃ​ថា ប្រទេស​កម្ពុជា​មិន​សេរី​ (Not Free) ដំណាល​ពេល​មាន​ការ​គាបសង្កត់​លើ​ក្រុម​អ្នក​នយោបាយ​ជំទាស់​ និង​មានការ​បិទ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើតាម​របាយការណ៍​ថ្មីមួយ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​ ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ។

គិត​ចាប់តាំង​ពី​ការបោះឆ្នោត​ឃុំសង្កាត់​ចុងក្រោយ​កាល​ពី​ឆ្នាំ ​២០១៧​ ជា​ពេល​ដែល​សំឡេង​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​កើនឡើង​ខ្លាំង​នៅ​រដ្ឋបាល​ឃុំសង្កាត់​ ប្រទេស​កម្ពុជាត្រូវ​អ្នក​សង្កេត​ការណ៍​សិទ្ធិមនុស្ស​មើល​ឃើញ​ថា​បាន​ធ្លាក់​ទៅក្នុង​ការ​គ្រប់​គ្រង​ដែលសំឡេង​របស់​អ្នក​នយោ​បាយ​ជំទាស់ ឬ​អ្នក​រិះ​គន់​រដ្ឋាភិបាល​ត្រូវ​បាន​រឹតត្បិត។

របាយការណ៍​សេរីភាព​សកល​របស់​អង្គ​ការ​ Freedom​ House សម្រាប់​ឆ្នាំ​ ២០២៤ នេះ​ បាន​បង្ហាញ​ថា ​ប្រទេសកម្ពុជាគឺពិត​ជា​រដ្ឋដែល​ស្ថិតក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​តែមួយ ដោយ​រដ្ឋា​ភិបាល​បាន​រារាំង​ក្រុម​អ្នកជំទាស់​សំខាន់​ៗ​ និង​បើក​ផ្លូវ​ឱ្យមាន​ការ​បិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សល់​តិចតួច​។​

របាយ​ការណ៍​កត់​ចំណាំ​ទៀត​ថា មេដឹកនាំ​នយោបាយ​ជំទាស់​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ និង​ការ​ផ្តន្ទាទោស។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រារាំង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ខណៈ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​រារាំង​មិន​ឱ្យចូលរួម​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០២៣។

ដោយផ្អែកលើ​ស្ថានភាពរឹតបន្តឹងលើ​ក្រុមនយោបាយ​ជំទាស់ និងសេរីភាព​សារព័ត៌មាន​ ប្រទេស​កម្ពុជា​ទទួល​បាន​តែ​ ៤ ​ពិន្ទុ​នៃ​ពិន្ទុ​ខ្ពស់​បំផុត​ ៤០​ សម្រាប់ការ​ចាត់ថ្នាក់​លើកម្រិតសិទ្ធិនយោបាយ ហើយ​ទទួល​បាន​តែ​ ១៩ ​ពិន្ទុ​នៃ​ពិន្ទុ​ខ្ពស់​បំផុត​ ៦០ ​សម្រាប់​ការ​ចាត់​ថ្នាក់​លើ​សេរីភាព​សិទ្ធិស៊ីវិល។ ជារួម​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​សរុប​ ២៣ ​នៃ​ពិន្ទុ​ខ្ពស់​បំផុត​ ១០០​ ដែល​បញ្ជាក់​ថា​ប្រទេ​សនេះ​ មិន​សេរី។

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ហៅកាត់​ថា ខេមបូចា​ លោក​ ណុប​ វី ប្រាប់​វីអូអេ​ថា​ ការ​ដាក់​ប្រទេសកម្ពុជា​ថាជា​ប្រទេស​មិន​សេរី មិន​មែន​ជា​រឿង​ថ្មីទេ ព្រោះ​ការ​វាយ​តម្លៃ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ​។ លោក​បន្ថែមថា ​ការ​បន្ត​ទទួល​ចំណាត់​ថ្នាក់​មិន​ល្អ​បែប​នេះ​ពី​អង្គការអន្តរជាតិ​ធំៗ មិន​មែន​ជារឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «វា​មាន​ឥទ្ធិពល វាមាន​ផល​ប៉ះពាល់ មុខ​ដល់​មុខ​មាត់​ មក​ដល់​រូបភាព​នៃ​ប្រទេស​របស់​យើង​នៅ​លើ​ឆាក​អន្តរជាតិ​។ ហើយ​ជា​រួមយើង​ដឹង​ហើយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ យើង​អត់​អាច​ធ្វើកិច្ចការ​ងារ​តែ​ឯង​បាន​ទេ​។ យើង​អត់​អាច​ដំណើរ​ការ​តែ​ឯងបាន​ទេ។ អីចឹង​ហើយ​វា​ចាំបាច់​ត្រូវ​ការ​កសាង​នូវ​រូប​ភាព​មួយ​សំខាន់ ហើយ​និងមុខ​មាត់​របស់​យើង​នៅក្នុង​សហគមន៍​អន្តរជាតិ​ផង​ដែរ។ អ៊ីចឹង​ ខ្ញុំគិត​ថា​ យើង​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ ធ្វើ​ឱ្យ​មាន​ការ​ប្រសើរ​ឡើង​ ចំពោះ​ស្ថានភាព​ សេរីភាព​សារព័ត៌មាន​ ក៏ដូច​ជា​សេរីភាព​បញ្ចេញមតិ​ នៅ​ក្នុង​ប្រទេស​យើង»។

អង្គការ​ Freedom​ House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ការ​វិវឌ្ឍសំខាន់​ៗ​កាល​ពីឆ្នាំ​ ២០២៣ ដែល​មាន​ដូច​ជា​ការ​បញ្ចប់​អាជ្ញាបណ្ណ​របស់​សារព័ត៌មាន​សំឡេង​ប្រជាធិប​តេយ្យ​ (VOD) ការ​បោះ​ឆ្នោត​ដែល​គ្មាន​កា​រប្រកួត​ប្រជែង​កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២៣ ដែល​នាំ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ស្ទើរ​តែ​ទាំង​អស់​នៅសភា​ជាតិ នៅ​ពេល​គណបក្ស​ជំទាស់​ភ្លើង​ទៀន​ត្រូវ​បាន​រារាំង​មិនឱ្យចូលរួម​ឈរឈ្មោះបោះឆ្នោត​។

បន្ថែម​លើ​នោះ​ លោក​ ហ៊ុន ម៉ាណែត​ បាន​ស្នង​តំណែង​ពី​ឪពុក​របស់​គាត់​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពីខែ​សីហា ឆ្នាំ​មុន។ គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​បាន​បង្កើត​ឡើង​ គឺ​ជា​កូន​ចៅ​របស់​រដ្ឋមន្ត្រីដែល​ចាក​ចេញ​ពី​តំណែង​ និង​ធ្លាប់​ស្ថិត​ក្នុង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​ Freedom House។

របាយការណ៍​របស់​អង្គការ​នេះ​បាន​សរសេរ​ថា​៖ «រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បានរក្សា​ការ​គាប​សង្កត់​លើ​អ្នក​ជំទាស់​ អង្គភាព​សារព័ត៌មាន​ឯករាជ្យ​ ​និងអ្នកចេញ​តវ៉ា​ជាមួយ​នឹងការ​គំរាមកំហែង​ ឬការ​ចោទប្រកាន់​ដែល​ជាប់​ហេតុផល​នយោបាយ​ ឬ​ជាមួយ​នឹងអំពើហិង្សា »។

របាយ​ការណ៍​បន្ថែម​ថា៖ «លោកហ៊ុន ម៉ាណែត​បាន​ស្នង​តំណែង​ពីឪពុក​ គឺលោក ហ៊ុន សែន​ជា​នាយករដ្ឋ​មន្ត្រី​នៅ​ឆ្នាំ​ ២០២៣​ បើទោះបី​អតីត​នាយករដ្ឋ​មន្ត្រី​នៅ​បន្ត​មានឥទ្ធិពល​ដ៏គួរ​ឱ្យ​កត់​សម្គាល់​»។

យ៉ាង​ណាមិញ អ្នកនាំពាក្យរដ្ឋាភិបាល​លោក ​ប៉ែន បូណា​ យល់​ថា ​ការចាត់​ចំណាត់​ថ្នាក់​របស់​អង្គការ​ Freedom House ជា​ការ​វាយ​តម្លៃ​ដែល​យក​ជាការ​មិន​បាន​ ព្រោះ​កម្ពុជា​ជាប្រទេស​ដែល​បើក​ទូលាយ​ឱ្យ​មានគណបក្ស​ចម្រុះ និងអាច​ចូលរួម​ឈរ បោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «ទី ១ ​អ្នកសរសេរ​របាយការណ៍​ហ្នឹង​ គាត់​អត់​ចេះរាប់​លេខ​។ នៅ ត្រង់​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាលពីខែ​កក្កដា​ ឆ្នាំ​ ២០២៣​ មាន​គណបក្ស​នយោបាយ ​១៨​ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​នោះ​ មាន​គណបក្ស​នយោ បាយ​២​បាន​ជាប់​ឆ្នោត​ នៅក្នុង​រដ្ឋសភា។ ចំណែក​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាកាល​ពីថ្ងៃ​ ២៥ កុម្ភៈ​កន្លង​ទៅ​ មាន​គណបក្ស​នយោបាយ ​៤​ បាន​ចូលរួម​ប្រកួត​ប្រជែង​ និង​មាន​គណបក្ស​ ២​ បាន​ជាប់​ឆ្នោត​។ តើអង្គការ​នេះ​ ចេះ​រាប់​លេខ​ទេ បាន​ជា​ហៅ​ប្រទេស​កម្ពុជា​ថាជាប្រទេស​ដែល​ដឹកនាំ​ដោយឯកបក្ស​ ដោយ​សារ​តែ​គាត់​រាប់​លេខ​ខុស​ហ្នឹង​ហើយ​ ដែល​ធ្វើ​ឱ្យ​របាយការណ៍​របស់​គាត់​អស់​តម្លៃ»។ ​

លោកបន្ថែម​ថា​ នៅ​លើ​លោក​នេះ​ គ្មាន​ប្រទេស​ណាមួយ​ដែល​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​អ្នកបើក​គណបក្ស​នយោបាយ​ ឬអង្គភាព​ព័ត៌មាន​ឱ្យ​រួច​ខ្លួន​ពីការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ទេ​ និង​ថា​ ប្រទេស​កម្ពុជា​ជាប្រទេស​ដែល​ដើរ​តាម​គោល​ការណ៍ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​គោល​ការណ៍នេះ​កំពុង​តែចាក់​ឫស​ជ្រៅ​ទៅ​ៗ​នៅ​ក្នុង​សង្គម​កម្ពុជា និង​បាន​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​។

ក៏ប៉ុន្តែ​នាយកទូ​ទៅ​អង្គការ​ការ​ពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា​របាយការណ៍​របស់​អង្គការ​ Freedom House លើកនេះ​ មិន​ខុស​គ្នា​ខ្លាំង​ពី​របាយ ការណ៍​មុនៗ​ ហើយ​ក៏​ស្រដៀង​គ្នា​នឹងរបាយ​ការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេង​ទៀត ដែល​បាន​បន្ត​លើក​ឡើ​ង​ម្តង​ហើយ​ម្តង​ទៀត​ថា​លម្ហប្រជាធិបតេយ្យ​ ស្ថានភាព​នៃ​គោរព​សិទ្ធិមនុស្ស​នៅកម្ពុជា​នៅមាន​កម្រិត​ ដែលតម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវខិត​ខំ​ថែមទៀត​ ក្នុង​ការ​សា្តឱ្យ​មាន​វឌ្ឍនភាព​នៃប្រជាធិបតេយ្យ​ និង​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស ដើម្បី​ជំរុញ​ការ​អភិវឌ្ឍប្រទេស​។

កាលពី​ឆ្នាំ​ ២០២៣ អង្គការ​ Freedom House ក៏បាន​វាយតម្លៃ​ដែរ​ថា​កម្ពុជា​ជា ប្រទេស​មិន​សេរី​ ដោយទទួលបាន​ ២៤ ពិន្ទុលើ ​១០០ ពិន្ទុ​ ដោយសារ​តែ​ដំណើរការ​មិន​ទៅ​មុខនៃ​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរី​នៅ​ក្នុង​ប្រទេស​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG