កាសែតភ្នំពេញប៉ុស្តិ៍ដែលជាកាសែតវ័យចំណាស់មួយក្នុងប្រទេសកម្ពុជាបានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយជាកាសែតរបស់ខ្លួនទាំងភាសាខ្មែរ និងអង់គ្លេស ចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ តទៅ ក្រោមហេតុផលបញ្ហាហរិញ្ញវត្ថុ និងការវិវត្តឆាប់រហ័សនៃបច្ចេកវិទ្យា។ នេះបើតាមសេចក្តីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤។
កាសែតភ្នំពេញប៉ុស្តិ៍ដែលបានប្រតិបត្តិការអស់រយៈពេល ៣០ ឆ្នាំ បញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា៖ «តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ»។
សេចក្តីជូនដំណឹងដដែលបន្តថា ម្ចាស់ភាគហ៊ុនរបស់កាសែតភ្នំពេញប៉ុស្តិ៍បានព្យាយាមបណ្តាក់ទុនបន្ថែម ដើម្បីស្តារស្ថានភាព និងបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះកាសែតភ្នំពេញប៉ុស្តិ៍ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន។
កាសែតភ្នំពេញប៉ុស្តិ៍សម្រេចបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីជូនដំណឹង។
ចាងហ្វាងកាសែតភ្នំពេញប៉ុស្តិ៍ លោក លី តាយសេង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាទោះបីជាកាសែតភ្នំពេញប៉ុស្តិ៍នឹងបញ្ឈប់ការបោះពុម្ពផ្សាយជាកាសែតរបស់ខ្លួនក៏ដោយ ក៏សារព័ត៌មាននៅតែបន្តដំណើរការលើប្រព័ន្ធអនឡាញជាធម្មតា។ លោកបន្តថា កាសែតភ្នំពេញប៉ុស្តិ៍នឹងបញ្ឈប់បុគ្គលិកផ្នែកបោះពុម្ពកាសែតតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ចំពោះបុគ្គលិកគឺយើងនឹងបញ្ឈប់បុគ្គលិកដែលធ្វើការពាក់ព័ន្ធនឹងការបោះពុម្ព ប៉ុន្តែអ្នកដែលត្រូវធ្វើការទាក់ទងរឿងអនឡាញ អ្នកយកព័ត៌មាន សរសេរព័ត៌មានហ្នឹងគឺនៅរក្សាធម្មតាដដែល»។
កាសែតភ្នំពេញប៉ុស្តិ៍បានផ្លាស់ប្តូរម្ចាស់ភាគហ៊ុនជាបន្តបន្ទាប់។ កាសែតមួយនេះរងការរិះគន់ចាប់តាំងពីឆ្នាំ ២០១៨ ថាបានផ្លាស់ប្តូរការយកព័ត៌មានរបស់ខ្លួន មិនដូចកាសែតភ្នំពេញប៉ុស្តិ៍កាលពីមុន ដែលធ្វើសេចក្តីរាយការណ៍ព័ត៌មានមិនស្ថិតក្រោមឥទ្ធិពលរបស់អ្នកណា។
កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ដោយលោក Michael Hayes ជាជនជាតិអាមេរិក ក្នុងគោលបំណងផ្តល់ព័ត៌មានឯករាជ្យ និងមិនលម្អៀង។ បន្ទាប់មកក្នុងឆ្នាំ ២០០៨ កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានទិញដោយជនជាតិអូស្ត្រាលីលោក Ross Dunkley និងបានផ្សាយចេញជាភាសាខ្មែរនៅក្នុងឆ្នាំ ២០០៩។
ក្នុងឆ្នាំ ២០១៨ កាសែតមួយនេះត្រូវបានរាយការណ៍ថាទិញដោយពាណិជ្ជករម៉ាឡេស៊ីម្នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា។ ចាប់តាំងពីពេលនោះមក គេមិនដឹងច្បាស់ឡើយថាតើកាសែតភ្នំពេញប៉ុស្តិ៍មានម្ចាស់ភាគហ៊ុនជាអ្នកណា។
នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចា លោក ណុប វី បង្ហាញពីការសោកស្តាយចំពោះការបញ្ឈប់ការបោះពុម្ពផ្សាយកាសែតរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍។ លោកបន្ថែមថា មួយរយៈក្រោយនេះមានកាសែតល្បីឈ្មោះមួយចំនួនបានសម្រេចចិត្តបញ្ចប់ និងផ្អាកការផ្សាយរបស់ខ្លួន ដែលអាចជះផលប៉ះពាល់មួយចំនួនដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ជាការពិតហើយការបិទ ការបញ្ចប់ការផ្សព្វផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ហ្នឹង ជារួមវាប្រាកដជាមានផលប៉ះពាល់ហើយដល់ទីមួយគឺការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ទី ២ ដល់អ្នកសារព័ត៌មានដែលបំពេញការងារនៅទីកន្លែងនោះ។ អ៊ីចឹងពួកគាត់ប្រឈមមុខជាមួយនឹងការបាត់បង់ការងារ ហើយបើនិយាយអំពីរឿងការផ្តល់ព័ត៌មានទោះនោះកម្រិតណាក៏ដោយគឺប្រជាពលរដ្ឋគាត់ត្រូវបាត់បង់ជម្រើសនៅក្នុងការទទួលបានព័ត៌មានមួយបន្ថែមទៀត»។
កាលពីចុងឆ្នាំ ២០២៣ កាសែតរស្មីកម្ពុជាដែលមានអាយុកាលជាង ៣០ ឆ្នាំមកហើយ ក៏បានបិទដំណើរការទាំងស្រុង ក្រោមហេតុផលថាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រកាសថាមិនមានចំណូលគ្រប់គ្រាន់សម្រាប់បុគ្គលិក។ ការបញ្ចប់វត្តមានកាសែតរស្មីកម្ពុជា ក្រោយកាសែតមួយនេះបានសម្រេចចិត្តបិទការបោះពុម្ពផ្សាយរបស់ខ្លួន កាលពីខែតុលាឆ្នាំ ២០២០ ដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុ៕
វេទិកាបញ្ចេញមតិ