ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងខេត្តបាត់ដំបងបានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៥រយៈពេលខ្លី ក្នុងគោលបំណងស្នើសុំឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម ធានាដំឡើងថ្លៃស្រូវដែលពួកគេថាមានតម្លៃទាបខ្លាំងនាពេលនេះ។
ការបិទផ្លូវនេះធ្វើឡើងនៅក្នុងនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភេទស្រូវដែលពលរដ្ឋកំពុងត្អូញត្អែរនោះ ជាប្រភេទស្រូវអូអឹម (OM) ដែលភាគច្រើននាំចេញទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសវៀតណាម ហើយវាមានតម្លៃចន្លោះពី៧០០ ទៅ៨០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។
ប្រជាកសិករដែលតវ៉ាបានលើកឡើងថាតម្លៃនេះទាប ដែលមិនអាចទូទាត់ថ្លៃចំណាយបានឡើយ។
ក្នុងការបិទផ្លូវនោះ ពលរដ្ឋខ្លះដឹកស្រូវដាក់លើគោយន្តចតលើផ្លូវ និងខ្លះលើកបដារដោយមានសរសេរសំណូមពរឱ្យក្រសួងកសិកម្មដំឡើងតម្លៃស្រូវ។ នេះបើតាមឃ្លីបវីដេអូដែលបង្ហោះផ្សព្វផ្សាយជាសាធារណៈលើបណ្តាញសង្គម កាលពីថ្ងៃចន្ទ។
ក្នុងឃ្លីបវីដេអូនោះ ប្រជាពលរដ្ឋដែលបិទផ្លូវលើកឡើងថា៖ «សូមឱ្យស្រូវឡើងថ្លៃ បើសិនជាស្រូវថោកខ្ញុំជាកសិករមិនអាចដោះស្រាយបំណុលជីគេបានទេ បើអ៊ីចឹងទេខ្ញុំនឹងរត់ចោលស្រុកហើយ។ សូមឱ្យក្រសួងកសិកម្មជួយដោះស្រាយដំណាំស្រូវដល់នាងខ្ញុំផង។ បើសិនជាស្រូវចុះថោក ខ្ញុំនឹងវេចក្រវេចនាំកូនទៅធ្វើខ្ញុំគេនៅស្រុកថៃហើយ ខ្ញុំមិនអាចនៅបានទេ។ ស្រែជួលគេ១ហិកតា ១លាន[...]ជួយមើលដាក់តម្លៃស្រូវឧទាហរណ៍ថាដាក់តម្លៃ១ពាន់ឱ្យនៅត្រឹមតម្លៃ១ពាន់ហ្នឹងហើយ កុំឱ្យតែបានតែ១ថ្ងៃ បានតែ២ម៉ោង អស់លោកទម្លាក់ចុះ៦លេខ៧លេខ តើឱ្យខ្ញុំកសិករយកទៅដោះស្រាយបំណុលគេម៉េចរួច»។
លោកពួកគេបន្ថែមថា៖ «សូមឱ្យក្រសួងកសិកម្មជួយដោះស្រាយបញ្ហានេះឱ្យខ្ញុំភ្លាម ក្រសួងកសិកម្មខេត្តបាត់ទៅណាអស់ហើយ លោកបង្ហោះកាលខ្ញុំមិនទាន់ច្រូតថាស្រូវស្រងែមិនឱ្យក្រោម១លានទេ ដល់ពេលខ្ញុំច្រូតបានតែ៨០ ៩០»។
ក្រោយមានការចែកចាយឃ្លីបវីដេអូនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថាប្រភេទស្រូវដែលប្រជាកសិករធ្វើសម្រាប់រោងម៉ាស៊ីននៅក្នុងស្រុកស្របតាមការណែនាំរបស់ក្រសួងរក្សាបានតម្លៃទីផ្សារដដែល លើកលែងតែប្រភេទស្រូវដែលប្រជាកសិករធ្វើ ដើម្បីលក់ចេញទៅក្រៅដូចជាទៅទីផ្សារវៀតណាមជាដើម។ លោកបន្តថាកាលពីកន្លងទៅ អាជ្ញាធរបានអំពាវនាវឱ្យប្រជាកសិករធ្វើស្រូវក្រអូបឱ្យបានច្រើន ប៉ុន្តែពលរដ្ឋនៅតែបន្តសម្រុកធ្វើស្រូវនាំចេញទៅវៀតណាមនេះ។
លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យពលរដ្ឋដាំស្រូវសែនក្រអូបវិញ ដែលលោកថាមានទីផ្សារល្អ។ ប៉ុន្តែកសិករខ្លះបានលើកឡើងថា ដីរបស់ពួកគេពិបាកដាំស្រូវប្រភេទសែនក្រអូបនេះ ដោយសារខ្វះទឹកប្រើប្រាស់។
លោក ឌិត ទីណា ថ្លែងក្នុងវីដេអូឃ្លីបដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា៖ «យើងត្រៀមជួយក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន តែយើងមិនអាចជួយដូចស្រូវខ្មែរយើងមានទីផ្សាក្នុងស្រុករបស់យើងបានដែរ។ ប៉ុន្តែជាការជួយសម្រាប់រយៈពេលវែង។ នៅថ្ងៃនេះ ខ្ញុំចង់ជួបសួរបងប្អូនយើងជាសហគមន៍ដែរ ថាយើងចង់ក្លាយជាសហគមន៍កសិកម្មទំនើបអត់។ ក្នុងការងារធ្វើសហគមន៍កសិកម្មទំនើបនេះយើងនឹងជួយបងប្អូនយើងដែលធ្លាប់ធ្វើ អូអឹមឱ្យត្រឡប់មកធ្វើសែនក្រអូប ជាលក្ខណៈសហគមន៍កសិកម្មទំនើប»។
លោក កែ សុគុណ អាយុ៣២ឆ្នាំ ប្រជាកសិករម្នាក់ក្នុងខេត្តបាត់ដំបង ប្រាប់វីអូអេថា កន្លងមក ក្រសួងក៏ធ្លាប់ណែនាំឱ្យធ្វើស្រែប្រភេទក្នុងស្រុកដែរ ដូចជាប្រភេទស្រូវសែនក្រអូប។ ប៉ុន្តែលោកថាប្រភេទស្រូវក្នុងស្រុកពិបាកដាំដុះ ទើបប្រជាកសិករសម្រេចចិត្តធ្វើស្រូវប្រភេទអូអឹម និងស្រូវស្រងែ ដែលជាប្រភេទស្រូវដែលលក់ចេញទៅក្រៅ។
លោកថ្លែងថា៖ «កន្លងមកកាលយើងធ្វើហើយ កាលពីដំបូងគេ[ក្រសួង]បានណែនាំ ឱ្យយើងប្រើពូជក្នុងស្រុក ប៉ុន្តែពូជក្នុងស្រុកបញ្ហាច្រើន ជំងឺច្រើនហើយវាអត់សូវធន់នឹងអាកាសធាតុ ហើយផលក៏អត់សូវបានដូចស្រូវបរទេសដែរ ស្រូវវៀតណាមស្រូវអូអឹម»។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការបិទផ្លូវរបស់ប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីអំពីតម្លៃស្រូវចុះថោក ក្រសួងកំពុងពិភាក្សាដោះស្រាយលើករណីនេះហើយ។ លោកបដិសេធមិនអត្ថាធិប្បាយបន្ថែមលើករណីនេះ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា មូលហេតុដែលនាំឱ្យតម្លៃស្រូវថយចុះ ក៏ដោយសារតែតម្លៃអង្ករនៅលើពិភពលោក«ធ្លាក់ចុះខ្លាំង» ស្របពេលឥណ្ឌាបើកការនាំចេញអង្ករ។ លោកថាការជ្រើសរើសពូជស្រូវមកដាំដុះរបស់កសិករខ្មែរក៏ជាកត្តានៃកំណត់តម្លៃស្រូវដែរ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាយល់ថា ការបិទផ្លូវតវ៉ារបស់ប្រជាពលរដ្ឋពីតម្លៃស្រូវធ្លាក់ចុះក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង គឺជាសិទ្ធិសម្តែងមតិរបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយ។ លោកថាក្រសួងពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពិចារណាដោះស្រាយចំពោះបញ្ហានេះដល់ប្រជាកសិករ ដើម្បីជួយសម្រួលការលក់ស្រូវរបស់ពួកគេ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «យើងចង់ឱ្យគ្រប់ក្រសួងនិងស្ថាប័នពាក់ព័ន្ធផ្សេងៗសុំលោកជួយពិចារណាមើលការដោះស្រាយរឿងហ្នឹង បញ្ហាចំពោះមុខ ក៏ដូចជាភាគីរោងកិនស្រូវជួយទិញស្រូវ ឱ្យប្រជាពលរដ្ឋផលិតទៅជាអង្ករទៅ ឱ្យមានតម្លៃសមស្រប ទើបយើងអាចដោះស្រាយបាន»។
លោកបន្ថែមថា ក្រសួងត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទូលំទូលាយអំពីការជ្រើសរើសពូជស្រូវងាយរកដែលសមស្របទៅតាមប្រភេទដី និងត្រូវណែនាំពួកគេពីបច្ចេកទេសដាំដុះ ដើម្បីឱ្យទិន្នផលស្រូវទទួលបានច្រើន និងមានតម្លៃខ្ពស់ពេលលក់ចេញ។
កាលពីឆ្នាំមុន ប្រជាកសិករខ្មែរលក់ស្រូវប្រភេទអូអឹមដែលជាប្រភេទស្រូវលក់ទៅក្រៅប្រទេសបានតម្លៃខ្ពស់ជាង១ពាន់រៀលក្នុងមួយគីឡូក្រាម នៅគ្រាដែលប្រទេសឥណ្ឌាមិនបាននាំចេញអង្កររបស់ខ្លួនទៅក្រៅប្រទេស។ ប៉ុន្តែឥឡូវនេះ ប្រទេសឥណ្ឌាបានចាប់ផ្តើមបើកការនាំចេញអង្ករឡើងវិញដែលនាំឱ្យតម្លៃស្រូវក្នុងប្រទេសកម្ពុជាដែលលក់ទៅប្រទេសវៀតណាមធ្លាក់ចុះ៕
វេទិកាបញ្ចេញមតិ